សមត្ថកិច្ច​​ចាប់​​ខ្លួន​​មនុស្ស​​ជាង​​៤០​នាក់ ក្រោយ​​បង្ក្រាប​​ទៅ​​លើ​​ក្លិប​​កម្សាន្ត​​មួយ​​ទៀត​​នៅ​​ក្នុង​​ខណ្ឌ​​ចំការមន​

កាលពីវេលាម៉ោង១​ និង៣០នាទី​ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងក្លឹប​ ម៉ៃ​ អាមី​ ទីតាំងលេខ​ ១៥៩​ផ្លូវ​៣៦០​ ភូមិ​ ៨​ សង្កាត់បឹងកេងកងមួយ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ឃាត់មនុស្សបានចំនួន៥០នាក់​ ក្នុងនោះស្រី១២នាក់​ និងសារធាតុញៀនមួយចំនួន។ រូបភាព៖ ហ្វេសប៊ុក ស ថេត

មេ​​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ក្លិបកម្សាន្តម្នាក់ និងមនុស្សជាង ៤០​នាក់​ផ្សេងទៀត បន្ទាប់​ពី​ការ​បង្ក្រាប​ទៅ​លើ​ក្លិប​កម្សាន្ត​មួយ​កន្លែង​ស្ថិត​ក្នុង​ខណ្ឌ​ចំការមន​កាល​ពី​យប់​ម្សិល​មិញ​នេះ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​លោក ស ថេត ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា​ការចុះបង្រា្កបនោះ សមត្ថកិច្ចបានដកហូតឧបករណ៍កែច្នៃគ្រឿងញៀនចេញជាថ្នាំគ្រាប់ ថ្នាំទឹក ឈ្មោះថា ខេតាមីន និងសារធាតុញៀនមួយចំនួនទៀតផងដែរ។

លោក ស ថេត ឲ្យ​ដឹង​ទៀត​ថា ម្ចាស់ក្លឹប Miami ដែលជាជនជាតិខ្មែរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​រួម​គ្នា​ជាមួយ​មនុស្សចំនួន ៤៧​នាក់ ដោយសង្ស័យថា អាចជាប់ពាក់ព័ន្ធ​គ្រឿងញៀននៅក្នុងក្លិបកម្សាន្ត​មួយ​នេះ។

លោក ស ថេត ប្រាប់ថា៖ «ឥឡូវហ្នឹង យើងកំពុងធ្វើតេស្ត មិនទាន់ចេញជាលទ្ធផលទេ​ បានខ្លះ ប៉ុន្តែ មិនទាន់ដឹងថា ៥០ហ្នឹង មានប៉ុន្មានទេ ដែលញៀន។ អាហ្នឹង តាមជំនាញរបស់សមត្ថកិច្ចហើយ យើងមិនអាចប្រាប់លម្អិតបានទេ។ ម្ចាស់ក្លិបជាជនជាតិខ្មែរ។ ឥឡូវយើងកំពុងតែធ្វើតាមនីតិវិធី»

Miami គឺ​ជា​ក្លិប​កម្សាន្ត​ទី២ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប ចាប់​ខ្លួន​មនុស្ស និង​រឹប​អូស​បាន​គ្រឿង​ញៀន បន្ទាប់​ពី​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់​របស់​ឧកញ៉ា គិត ធាង កាល​ពី​ខែ​កុម្ភៈ​កន្លង​មក។

លោក គិត ធាង ដែល​ជា​បង​ប្រុស​របស់​លោក​ គិត ម៉េង ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មនុស្ស​ពាក់​ព័ន្ធ ៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​​នៅ​ពន្ធនាគារ​ ប៉េហ្ស៊ី​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា​កន្លង​មក​ បន្ទាប់​ពី​មាន​បញ្ជា​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង សាទរចំពោះចំណាត់ការរបស់សមត្ថកិច្ច ប៉ុន្តែ លោកស្នើ​ទៅសមត្ថកិច្ចឲ្យ​ស្វែងរកចាប់ខ្លួនអ្នកនៅពីក្រោយ​ករណីគ្រឿងញៀន ទោះបីជាអ្នកនោះមានអំណាចក៏ដោយ។

លោក យ៉ង់ គឹមអេង ប្រាប់ថា៖ «ធម្មតា គឺបើសិនជាយើងចាប់បានតែអ្នកគ្នាតូចតាច អ្នក​ដែលទៅកម្សាន្តធម្មតា ឬបានតែអ្នកប្រើប្រាស់ អាហ្នឹង គឺមិនអាចធ្វើឱ្យគ្រឿងញៀន​បាត់បង់ ឬក៏អាចថយចុះទេ។ ទាល់តែថា ការបង្រា្កបហ្នឹង បង្រ្កាបឱ្យចំគោលដៅ អ្នកជួញដូរធំៗ ហើយអ្នកនៅពីក្រោយខ្នង អ្នកដែលយកក្លិបកម្សាន្តជាឧបករណ៍សម្រាប់ចែកចាយ ឬក៏ជួញដូរគ្រឿងញៀន អាហ្នឹងត្រូវដាក់ឱ្យខ្លាំង បាទ!»

កាលពីថ្ងៃទី២៨ ខែកុម្ភៈ នគរបាល​​រាជ​ធានី​ភ្នំ​ពេញ​​ បានបង្ហាញរបាយការណ៍មួយ ដោយបានរកឃើញ​ក្លិបកម្សាន្ត​ និងបារបារាំងជិត ១៣០០​កន្លែង ងាយ​រងគ្រោះនឹងការប្រើប្រាស់គ្រឿងញៀន ក្នុងនោះក្លឹប​ជាង ១​ពាន់​ក​ន្លែង បានធ្វើកិច្ចសន្យាមិនឲ្យមានការ​ប្រើ​ប្រា​​ស់​ និង​ចែ​ក​ចាយ​គ្រឿង​ញៀន​រួច​ហើយ។

កាលពីថ្ងៃទី១២ ខែមីនា រដ្ឋមន្ត្រីក្រសួ​ងមហា​ផ្ទៃ លោ​ក ​ស ខេង រំ​ឭកម​ន្ត្រីក្រោមឱវាទ​បន្តពង្រឹងប្រសិទ្ធភាពបង្ក្រាបគ្រឿ​ង​ញៀ​​ន ដោយថា មិនត្រូវមាន​ការ​យោ​គ​​​​យ​ល់ណាមួយនោះ​​​ឡើយ​។

បើតាមលោក ស ខេង យុទ្ធនាការបង្ក្រាបគ្រឿងញៀនជិត ២ឆ្នាំមកនេះ សមត្ថកិច្ចរឹបអូសបា​នគ្រឿងញៀ​នជិត ៥០០គីឡូក្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ