សិល្បករជើងចាស់ ជំរុញ​ឲ្យពលរដ្ឋ​នាំគ្នាលេងល្បែងប្រជាប្រិយមួយចំនួន​ឡើងវិញនៅ​ថ្ងៃចូលឆ្នាំ

ពលរដ្ឋចាស់ក្មេងលេងល្បែងបោះអង្គញ់ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីពេលកន្លងទៅ។

សិល្បករ​​ និងអ្នកធ្វើការងារ​លើវិស័យ​សិល្បៈវប្បធម៌ ស្នើដល់ប្រជាពលរដ្ឋ​នាំគ្នាលេងល្បែង​ប្រជាប្រិយមួយចំនួនឡើងវិញ ដោយថាបច្ចុប្បន្ន ល្បែងប្រជាប្រិយទាំងនោះមិនសូវត្រូវបានយុវជនយកមកលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះទេ។

សិល្បករជើងចាស់ លោក សុះ ម៉ាច មានលើកឡើងថា តាមការសង្កេតរបស់លោក រយៈពេលប៉ុន្មានចុងក្រោយ​ឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរ បាននាំគ្នាងាកមកលេងល្បែងប្រជាប្រិយកាន់តែច្រើនឡើង។ ប៉ុន្តែ​ លោកថា ល្បែងប្រជាប្រិយ​មួយចំនួនទៀត ដូចជា ស្ដេចចង់ និង​ចាប់កូនខ្លែង ជាដើមមិនសូវឃើញមានអ្នក​លេងប៉ុន្មាន​នោះទេ។

លោកអំពាវនាវទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រូវធ្វើការផ្សព្វផ្សាយអំពីល្បែងប្រជាប្រិយទាំងអស់នោះឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋ យុវជន យុវនារី យកមកលេងក្នុងអំឡុងបុណ្យចូលឆ្នាំ។

លោកថា៖ «​លាក់កន្សែង ស្ដេចចង់អី ចាប់កូនខ្លែង អីហ្នឹង ហាក់ដូចជាអត់សូវមានសស្រាក់សស្រាំដូចឆ្នាំមុនៗទេ។ វាស្ទើរតែបាត់បង់។ អ៊ីចឹង ក្រសួងវប្បធម៌ គួរតែជួយផ្សព្វផ្សាយនូវអ្វីដែលជាល្បែងប្រជាប្រិយទាំងអស់ហ្នឹងឡើងវិញ ដើម្បីឲ្យកូនខ្មែរយើងជំនាន់ក្រោយបានដឹង បានឃើញ បានលេងហើយគាត់នាំគ្នាថែរក្សា។ ខ្ញុំជឿថា កូនខ្មែរសម័យនេះ គាត់មានចិត្តស្រឡាញ់នូវអ្វីដែលជាមរតករបស់ដូនតា ជាពិសេសល្បែងរបាំប្រជាប្រិយរបស់ខ្មែរយើងតែម្ដង នៅពេលមានពិធីបុណ្យជាតិផ្សេងៗ។»

លោក សុះ ម៉ាច បន្តថា ការដែលប្រជាពលរដ្ឋ យុវជន យុវនារី នាំគ្នាងាកមកលេងល្បែងប្រជាប្រិយនៅតាមវត្តអារាម និងតាមភូមិនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ  វាក៏អាចជួយកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងផងដែរ។

អ្នកសម្របសម្រួលអង្គការសិល្បៈខ្មែរ អ្នកស្រី បូ សុគន្ធា ក៏មានការយល់​ឃើញប្រហាក់ប្រហែល​នឹងលោក សុះ ម៉ាច ដែរ។ អ្នកស្រី លើកឡើងថា មូលហេតុ​ដែលប្រជាពលរដ្ឋ យុវជន យុវនារី មិនសូវលេងល្បែងប្រជាប្រិយមួយចំនួន​ ដោយសារតែពួកគេមិនសូវ​ចេះលេងល្បែងទាំងនោះ​។ អ្នកស្រី ស្នើទៅក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធឱ្យធ្វើការផ្សព្វផ្សាយ និងត្រូវដឹកនាំពលរដ្ឋឲ្យ​លេងល្បែងប្រជាប្រិយខ្មែរទាំងអស់នោះផងដែរ។

អ្នកស្រីថា៖ «ត្រូវចូលរួមទាំងអស់គ្នា ព្រោះការធ្វើការមួយជ្រុងអត់គ្រប់គ្រាន់ទេ ព្រោះរឿងវប្បធម៌​ជារឿងជាតិ មិនមែនជារឿងការទទួលខុសត្រូវរបស់បុគ្គលម្នាក់ ឬពីរនាក់ គឺត្រូវចូលរួមទាំងអស់គ្នា។ អ៊ីចឹង សម្រាប់ខ្ញុំផ្ទាល់ សូមឱ្យអ្នកកាន់ការងារ ទទួលបន្ទុកខាងវប្បធម៌ក៏ត្រូវបំពេញខ្លួន ហើយប្រជាពលរដ្ឋដែលជាអ្នកទទួលខុសត្រូវថែរក្សាវប្បធម៌ខ្លួនឯងក៏ត្រូវចូលរួម មន្ត្រីគ្រប់ស្ថាប័នទាំងអស់ក៏ត្រូវចូលរួមដែរ ពីព្រោះវប្បធម៌គឺជាវប្បធម៌ខ្មែរ មិនមែនជារបស់ក្រសួងវប្បធម៌តែម្នាក់ឯងទេ អ៊ីចឹង យើងត្រូវចូលរួមទាំងអស់គ្នា»។

យុវតី ទី ទៀន មកពីខេត្ត​ស្វាយរៀង​ លើកឡើងថា ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តរបស់នាង យុវជន យុវនារី នាំគ្នាលេងល្បែងប្រជាប្រិយដែរ ប៉ុន្តែ មិនមានលក្ខណៈផុសផុលខ្លាំងទេ ដោយថា មិនមានចាស់ព្រឹទ្ធាចារ្យណានាំលេង។

កញ្ញា បន្តថា ការលេងល្បែងប្រជាប្រិយមិនត្រឹមតែធ្វើឱ្យសប្បាយរីករាយនោះទេ ប៉ុន្តែ ការលងល្បែងនេះ ក៏ជាការបង្កើតឱ្យមានភាពសិទ្ធិស្នាល​ផងដែរ។ កញ្ញា ស្នើទៅក្រសួង និងស្ថាប័នពាក់ព័ន្ធឱ្យធ្វើការផ្សព្វផ្សាយ និងចាត់អ្នកតំណាងម្នាក់នៅតាមភូមិ ឃុំ ឬស្រុក ដើម្បីឱ្យនាំយុវជន យុវនារីលេងល្បែងប្រជាប្រិយខ្មែរ។

កញ្ញា បញ្ជាក់​ថា​ថា៖ «មកពីអត់សូវចេះហ្នឹងហើយ ចង់ឱ្យមាន [អ្នកនាំលេង] ព្រោះអីចង់ថែរក្សាវប្បធម៌របស់ខ្មែរយើង ចង់ឱ្យក្មេងៗជំនាន់ក្រោយស្គាល់ពីល្បែងប្រជាប្រិយរបស់យើងកុំឱ្យបាត់បង់ អ៊ីចឹង។»

អ្នកនាំពាក្យក្រសួងវប្បធម៌និង ចិត្រសិល្បៈ លោក ថៃ នរៈសត្យា មានប្រសាសន៍ថា ក្រសួងវប្បធម៌បានធ្វើការផ្សព្វផ្សាយ និងជំរុញជារៀងរាល់ឆ្នាំ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ​ក្នុងឱកាសបុណ្យចូលឆ្នាំផងដែរ។

លោក ថា៖ «យើងបណ្ដុះស្មារតី បានន័យថា ឱ្យយល់ពីតម្លៃវប្បធម៌ជាតិ ឱ្យស្រឡាញ់ចេញពីបេះដូងខ្លួនឯង។ មិនចាំបាច់ឱ្យអ្នកណាមួយគេដឹកដៃយើងមកលេងទេ ឬទៅរួមចំណែកទេ បានន័យថា កាលណាយើងយល់អំពីវប្បធម៌យើងហើយ យើងរួមចំណែកអភិរក្ស យើងរួមចំណែកលើកស្ទួយហើយ។ ​អ៊ីចឹង! វត្តអារាមនីមួយៗ ក៏ដូចជាភូមិដ្ឋាននីមួយៗ វាបណ្ដុះបញ្ហាហ្នឹង ឬមួយក៏វារួមចំណែកលេងល្បែងប្រជាប្រិយ រាំរបាំប្រជាប្រិយ។ នេះជាការជំរុញបណ្ដុះស្មារតីរបស់យើង»។

យោងតាម​ឯកសាររបស់​ក្រុម​ជំនុំទំនៀម​ទម្លាប់ខ្មែរដែល​ចេញ​ផ្សាយក្នុងឆ្នាំ១៩៦៤ ​ល្បែងប្រជាប្រិយខ្មែរមាន​ដូចជា ស្តេចចង់ ចោលឈូង ចាប់កូនខ្លែង លាក់កន្សែង បោះអង្គញ់ ឱបត្រលាច ទាញព្រ័ត លាក់កូនកាស​ ប៉ក់ចាប និងលាក់ធ្យូង ជាដើម។ ក្រុម​ជំនុំទំនៀម​ទម្លាប់ខ្មែរ លើកឡើងថា ល្បែងប្រជាប្រិយទាំងនោះមានប្រយោជន៍ទាំង​​ខាងផ្លូវកាយ និងផ្លូវចិត្ត ដោយ​ថា ​វានឹងធ្វើឲ្យអ្នកលេង ​រហ័សដៃ រហ័សជើង ចេះប្រើប្រាស់បញ្ញាស្មារតី​ដោយវាងវៃ និង​ចេះកលល្បិចផ្សេងៗ ​ជាដើម៕​ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ