សង្ក្រាន្ត នឹងត្រូវបានរៀបចំគ្រប់ខេត្តក្រុងដើម្បីទាក់ទាញទេសចរក្នុងស្រុក

ការរៀបចំ សង្ក្រាន្តសៀមរាប សម្រាប់ទទួលទេវតាឆ្នាំថ្មី២០១៩ ខាងមុខនេះ។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

អាជ្ញាធររាជធានី-ខេត្ត នឹងរៀបចំសង្ក្រាន្តសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដោយមានកម្មវិធី និងល្បែងកំសាន្តផ្សេងៗជូនប្រជាជនក្នុងដែនដីរបស់ខ្លួន ដើម្បីកុំឲ្យពួកគេធ្វើដំណើរឆ្ងាយ ដែលអាចជួយកាត់បន្ថយការចំណាយ និងគ្រោះថ្នាក់ចរាចរណ៍។

ជារៀងរាល់​ឆ្នាំ ប្រជាជនខ្មែរ​​រៀបចំ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ក្នុងខែ​មេសា​ ដែលត្រូវ​​នឹង​ខែចេត្រ នៃ​ចន្ទគតិ។​ ប្រជាជនភាគច្រើនធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីជួបជុំសាច់ញាតិ និងមួយចំនួនធ្វើដំណើរកំសាន្តទៅតាមរមណីយដ្ឋាននានា។ ពិធីចូលឆ្នាំថ្មី គឺឆ្នាំកុរ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់១៦ ខែមេសា។​

នៅរយៈពេលប៉ុន្មានឆ្នាំនេះ កម្មវិធីសង្ក្រាន្តត្រូវបានរៀបចំឡើងយ៉ាងទូលំទូលាយគ្រប់ខេត្ត ក្រុងទាំងអស់ក្នុងប្រទេស។ ការរៀបចំកម្មវិធីសង្ក្រានទាំងនេះត្រូវបានរៀបចំឡើងដោយគំនិតច្នៃប្រឌិត អមដោយការបង្ហាញនូវមរតកវប្បធ៌មខ្មែរ សិល្បៈ ការកំសាន្ត និងការលេងល្បែងប្រជាប្រិយនានាដើម្បីបង្កើនភាពរីករាយនៅក្នុងកម្មវិធីផងដែរ។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក តុប សុភ័ក បានលើកឡើងថា ​ក្រសួងទេសចរណ៍បានចេញសារាចរណែនាំ និងលើកទឹកចិត្តដល់អាជ្ញាធរខេត្តក្រុងឲ្យមានការរៀបចំសង្ក្រាន្តនៅតាមសហគមន៍របស់ខ្លួន ដើម្បីអបអរសាទរឆ្នាំថ្មី ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា។ លោកថា ការៀបចំនៅតាមមូលដ្ឋាននីមួយៗ អាចជួយកាត់បន្ថយការចំណាយនិងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

លោកមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះ ធ្វើនៅគ្រប់ខេត្តក្រុង ស្រុកខណ្ឌទាំងអស់នៅក្នុងប្រទេសរបស់យើង។ អញ្ចឹង ការធ្វើនៅតាមក្រុង ស្រុក វាបានចូលរួមច្រើនទាំងអស់គ្នា មានន័យថា ប្រជាជនដែលគាត់អត់មានលទ្ធភាពធ្វើដំណើរទៅឆ្ងាយ គាត់អាចរីករាយសប្បាយជាមួយនឹងល្បែងរបាំប្រជាប្រិយដែលអាជ្ញាធរនីមួយៗធ្វើសង្ក្រាន្តតាមទឹកដីរបស់គាត់ហ្នឹង»។

ទន្ទឹមនឹងគ្នានេះដែរ អាជ្ញាធរខេត្តកំពង់ធំ ឆ្នាំនេះនឹងរៀបចំសង្ក្រាន្តថ្មីសំបូរព្រៃគុក ដែលនឹងធ្វើនៅថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩នេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងបន្តអភិរក្សសម្បត្តិវប្បធម៌ខ្មែរ។

ក្រុមការងាររៀបចំត្រៀមសម្រាប់សង្ក្រាន្តថ្មីសំបូរព្រៃគុក ឆ្នាំ២០១៩នេះ។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាល ខេត្តកំពង់ធំ

អភិបាលខេត្តកំពង់ធំ លោក សុខលូ បានលើកឡើងថា ឆ្នាំនេះ ខេត្តកំពង់ធំនឹងរៀបចំកម្មវិធីសង្ក្រាន្តថ្មីសំបូរព្រៃគុក ដែលសង្ក្រាននេះជាការរៀបចំលើកទី៥ហើយនៅទីតាំងប្រាសាទនេះ។ ជាមួយគ្នានេះដែរ នៅទីរួមខេត្តក៏មានការរៀបចំតន្រ្តី ការសម្តែងសិល្បៈ និងការបាញ់កាំជ្រួចផងដែរ។

លោកបានឲ្យដឹងទៀតថា សង្ក្រាន្តឆ្នាំនេះមានការខុសប្លែកពីសង្រ្កាន្តឆ្នាំមុនៗ ព្រោះមានការបង្ហាញនូវឧបករណ៍នេសាទបុរាណខ្មែរ គឺតុំយក្ស ឆ្នុក និងការសម្តែងសិល្បៈនេសាទផងដែរ។

លោកមានប្រសាសន៍ថា៖ «យើងបានរៀបចំឧបករណ៍នេសាទបែបបុរាណដែលមាន តុំយក្ស ឆ្នុក ហើយនិងមានរបាំនេសាទ មកបង្ហាញជូនបងប្អូនយើងទស្សនា។ ហើយក្នុងនោះក៏យើងមានល្បែងប្រជាប្រិយជាច្រើននៅតាមតំបន់នីមួយៗផងដែរ»។

ចំណែកឯខេត្តសៀមរាបវិញ ឆ្នាំនេះនឹងមិនមានធ្វើអង្គរសង្ក្រាន្តនោះទេ ប៉ុន្តែ អាជ្ញាធរខេត្តនឹងធ្វើកម្មវិធី សៀមរាបសង្ក្រាន្ត ជំនួសមកវិញ ដើម្បីអបអរសាទរឆ្នាំថ្មី។

នាយករដ្ឋបាលសាលាខេត្តសៀមរាប លោក សុខ ថុល បានប្រាប់ វី.អូ.ឌី ថា អាជ្ញាធរខេត្តនឹងរៀបចំ«សៀមរាបសង្ក្រាន្ត» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ដល់១៦ ខែមេសា នៅមុខព្រះអង្គចេក ព្រះអង្គចម ហើយកម្មវិធីសង្ក្រាន្តនេះនឹងមានរៀបចំកម្មវិធីកំសាន្តជាច្រើនផងដែរ។ លោកថា ឆ្នាំនេះ សៀមរាបក៏បានរៀបចំប្រព័ន្ធទឹកសម្រាប់ឲ្យសាធារណជនទូទៅចូលរួមក្នុងកម្មវិធីស្រង់ព្រះផងដែរ។

លោកមានប្រសាសន៍ថា៖ «គេមានកម្មវិធីស្រង់ព្រះដែលយើងធ្លាប់ធ្វើនៅប្រាសាទបាយ័ន នៅអង្គរ ហើយកម្មវិធីស្រង់ព្រះហ្នឹង ទាល់តែយើងចប់ពិធីហ្នឹង។ យើងក៏មានការស្រោចទឹកដើម្បីជាការត្រជាក់ត្រជុំ ក្នុងន័យត្រជាក់ត្រជុំសុខសប្បាយ។»

រាជធានីភ្នំពេញក៏នឹងមានរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផងដែរ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់ វី.អូ.ឌី ថា ​ជុំវិញការងាររៀបចំកម្មវិធីនេះ គឺបាន និងកំពុងរៀបចំ ទាំងការតុបតែង និងការងារសន្តិសុខ សុវត្ថិភាព ជាពិសេសចរាចរណ៍នៅតាមផ្លូវជាតិធំៗមួយចំនួន។

លោកមានប្រសាសន៍ថា៖ «ការងារសង្ក្រាន្តយើងធ្វើច្រើនដែលមានទីតាំងនៅវត្តភ្នំតែម្តង។ ក្រៅពីនេះទៀតគឺការងារគិតគូរពីសន្តិសុខ សុវត្ថិភាព និងការងារចរាចរណ៍ច្រកផ្លូវសំខាន់ៗចំនួន៦ច្រក ដែលជាច្រកសំដៅចេញចូលផ្លូវជាតិ រាជធានីខេត្តរបស់យើង។»

នៅឯខេត្តព្រះសីហនុវិញ ឆ្នាំនេះក៏នឹងមានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងឆ្នេរសមុទ្រកាន់តែច្រើន។

សកម្មភាពរៀបចំនៅបរិវេណឆ្នេរឯករាជ្យ ដើម្បីព្រឹត្តិកាណ៍សង្ក្រាន្តសមុទ្រនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រីស្នា បានប្រាប់ វី.អូ.ឌី ថា ខេត្តព្រះសីហនុឆ្នាំនេះមានការរៀបចំ «សង្រ្កាន្តសមុទ្រ» ជាលើកទី១ ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការចូលរួមទស្សនាកំសាន្ត។ ពិធីនេះនឹងធ្វើនៅឆ្នេរឯករាជ្យ ដែលនឹងមានការប្រារព្ធពិធីសាសនា វប្បធម៌ ល្បែងប្រជាប្រិយ និងការតាំងពិពរណ៍ទេសចរណ៍ ពាណិជ្ជកម្ម ក្នុងនោះក៏មានស្តង់ម្ហូបអាហារ និងផលិតផលក្នុងស្រុកជាច្រើន។

លោកមានប្រសាសន៍ថា៖ «ធម្មតា ទី១ ពាក់ព័ន្ធនឹងឱកាសចូលឆ្នាំប្រពៃណីជាតិផង ហើយទី២ យើងជាគោលដៅទេសចរណ៍មួយដ៏សំខាន់។ អ៊ីចឹង យើងត្រូវបង្កើតនូវព្រឹត្តិការណ៍ និងសកម្មភាពកំសាន្តឲ្យបានច្រើន សម្រាប់បំពេញតម្រូវការរបស់ភ្ញៀវទេសចរ ក៏ដូចជា ប្រជាពលរដ្ឋ ដើម្បីឲ្យគាត់ចូលរួមសប្បាយរីករាយ»។

ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរបានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រមាណជា៦ឆ្នាំជាប់ៗគ្នា គឺអង្គរសង្ក្រាន្ត ដែលប្រារព្ធនៅលើទឹកដីខេត្តសៀមរាប។ ឆ្នាំដំបូង គឺឆ្នាំ២០១៣ ដែលមានការរៀបចំកម្មវិធីកំសាន្តជាទូទៅ។ ហើយសម្រាប់ឆ្នាំ២០១៤ មានកម្មវិធីដ៏ធំអស្ចារ្យមួយ គឺការធ្វើអន្សមយក្យ ទម្ងន់៣,២តោន ។ អង្គរសង្ក្រាន្តឆ្នាំ២០១៥ មានមហាព្រឹត្តិការណ៍រដ៏ធំមួយ គឺការរាំចង្វាក់ម៉ាឌីហ្សនយុជន ដែលមានអ្នកចូលរួមចំនួន២០១៥នាក់ និងនៅឆ្នាំ២០១៨កន្លងទៅនេះ អង្គរសង្ក្រាន្ត បានរៀបចំកម្មវិធីប្លែកមួយទៀត គឺតាំងពិពរណ៍ចាប៉ីដងវែងយក្សផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ