ការ​​រៀបចំ​​​រណ្ដាប់​សម្រាប់​​ទទួល​​ទេវតា​ឆ្នាំថ្មី​​

រូបភាពបង្ហាញពីការផ្លាស់វេនរបស់ទេពធីតាឆ្នាំថ្មី។ រូបភាព៖ ហ្វេសប៊ុក Press OCM – អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

ប្រជាពលរដ្ឋខ្មែរ តែងតែ​ប្រារព្ធពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​របស់​ខ្លួន​​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ចន្លោះ​ខែ​ចែត្រ និង​ពិសាខ។

​សម្រាប់​ឆ្នាំកុរនេះ ពិធីបុណ្យចូលឆ្នាំ​​​ចំ​ថ្ងៃ​អាទិត្យ ដែលត្រូវ​វេន​ទេព​ធីតា ព្រះនាម ទុង្សា ឬ​ធង្សៈ​ទេវី ដែល​ជា​បុត្រី​ច្បង​កបិលមហាព្រហ្ម។ ​តាមក្បួនតម្រា ព្រះ​នាងទុង្សា​ទេវី សោយផ្លែ​ឧទុម្ពរ​ ឬ​ផ្លែ​ល្វា​។  ជាទំនៀមទំលាប់ ប្រជាពលរដ្ឋ​តែងតែនាំគ្នា​រៀបចំ​រណ្ដាប់នានាដើម្បី​ទទួល​ទេពធីតា​ឆ្នាំថ្មី​។​

ក្នុង​សៀវភៅ​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដែល​រៀបរៀង​ដោយ​អនុ​រដ្ឋលេខាធិការ​ក្រសួងធម្មការ និង​សាសនា​ លោក អ៊ឹម បូរិន្ទ បាន​សរសេរ​ថា​ រណ្ដាប់​ទទួល​ទេវតា​ជា​ទំនៀមទម្លាប់​ពី​បុរាណ​រៀង​មក​ ដែល​ត្រូវ​រៀប​នៅ​ខាង​មុខ​ផ្ទះ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ។

ការ​រៀប​រណ្ដាប់​នេះ​ក្នុង​ព្រះ​បរម​រាជវាំង​តម្រូវ​ឲ្យ​រៀប​បាយសី​៩ថ្នាក់ ឬ​៧ថ្នាក់ ​ដោយ​មាន​ស្លាធម៌​មួយ​គូ ទឹកអប់​មួយ​គូ ទៀន៥​ធូប៥ លាច៥​ផ្កា​៥ ដាក់​លើ​ជើង​ពាន​មួយ​គូ ផ្លែឈើ​១១មុខ រៀប​ដាក់​ជើង​ពាន​១១​គូ​ ដូង​ឡៅ​មួយ​គូ និង​ទឹក​ស្អាត​២​កែវ។

ចំពោះ​ប្រជារាស្ត្រ​គួរ​រៀប​តែ​៥​ថ្នាក់​ចុះ​មក ឬ​នៅ​ត្រឹម​គ្រឿង​សក្ការបូជា ដែល​មាន​ទាន​ប្រាំ ធូប​ប្រាំ ស្លាធម៌ ​កូន​ចេក​មួយ​គូ​ ក៏​សម​ល្មម​ដែរ ចំពោះ​ផ្លែ​ឈើ​គួរ​រៀប​ត្រឹម​៣ ឬ​៥​មុខ​តាម​ធនធាន​របស់​ខ្លួន។

អាចារ្យ វត្ត​ញាណរង្សី ក្នុង​ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ លោក សូ ណុប មាន​ប្រសាសន៍​ថា​ រាល់​ការ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ គឺ​ចាំ​បាច់​មាន​គ្រឿង​សក្ការបូជា​ដូច​ខាង​លើ ហើយ​ជា​ពិសេស​នោះ ​គួរ​រក​ផ្លែ​ឈើ​ដែល​ទេវតា​ឆ្នាំ​នេះ​​សោយ​មក​ទទួល​ផង​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ លោក​ថា​ អ្នក​ដែល​មិន​អាច​រៀប​ចំ​គ្រឿង​បូជា​ទាំង​នេះ​បាន​ អាច​ធ្វើ​តាម​មធ្យោបាយ​របស់​ខ្លួន​បាន​ផង​ដែរ។

លោក​ថា៖ «ហើយ​បើ​គាត់​នៅ​តាម​ជនបទ ​គាត់​អត់​មាន​សមត្ថភាព គាត់​អត់​ចេះ​ធ្វើ ​ឬ​ក៏​គាត់​មិន​អាច​មាន​បច្ច័យ​ទិញ​ធ្វើ​បាន។ គាត់​ដាក់​តែ​ធូប​ប្រាំ ទាន​ប្រាំ ដុត​តែ​ធូប ដាក់​ផ្លែឈើ​អី​តិចតួច​ទទួល​ទៅ​ដូច​តែ​គ្នា​ហ្នឹង។»

ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជាង​១ពាន់​ឆ្នាំ​មក​ហើយ​ ដែល​ធ្វើ​ឲ្យ​ជំនឿ​នៃ​ការ​រៀប​រណ្ដាប់​បាន​ចាក់​ចូល​ដល់​ជម្រៅ​នៃ​ជំនឿ​របស់​ពួក​គាត់​គ្រប់​គ្នា។ ពួកគាត់​ជឿ​ថា ​ការ​រៀប​រណ្ដាប់​នេះ​គឺ​ជា​ឱកាស​មួយ ​ដើម្បី​បង្ហាញ​ពី​សេចក្ដី​អបអរ​ដល់​ទេវតាឆ្នាំ​ថ្មី​។

អាជីវករ​លក់​ផ្កា​នៅ​ផ្សារ​បឹង​កេងកង​ម្នាក់​ អ្នកស្រី ឃុត សារ៉ុម មាន​ប្រសាសន៍​ថា ​ការ​រៀប​រណ្ដាប់​នេះ​អ្នក​ស្រី​ធ្វើ​ត​ពី​ដូន​តា​របស់​អ្នក​ស្រី​មក ​ដោយ​អ្នក​ស្រី​មាន​ជំនឿ​ថា ​ការ​រៀប​រណ្ដាប់​នេះ​ជា​ការ​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​ប្រោះព្រំ​សេចក្ដី​សុខ​ចំរើន​ក្នុង​ក្រុម​គ្រួសារ​អ្នក​ដែល​បាន​រៀប​ចំ​ទទួល​នេះ។

អ្នក​ស្រី​៖ «ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​ចំរើន​អី​អញ្ចឹង​ណា​ ព្រោះ​តាំង​ពី​បុរាណ​មក ​យើង​តែ​ដាក់​របៀប​ហ្នឹង។»

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី​១៤ មេសា វេលា​ម៉ោង​៣ និង​១២​នាទី​រសៀល និង​បញ្ចប់​ទៅ​វិញ​នា​ថ្ងៃ​អង្គារ​ទី​១៦ មេសា​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ