មនុស្ស​ជាង​៣០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា មាន​ផ្ទុក​សារធាតុ​ញៀន ករណី​បង្រា្កប​នៅ​ក្លឹប ម៉ៃ អាមី​

កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​ បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ ទីតាំង​ផលិត​ និង​ចែកចាយ​ថ្នាំ​ញៀន​ដ៏​ធំ​ បន្ទាប់​ពី​ក្លិប​សម្សា​ន្ត​រ៉ុ​ក​ គឺ​ក្លិប​កម្សាន្ត​ យីហោ​ “​ម៉ៃ​ អា​មី​ MAIAMI” ស្ថិត​នៅ​តាម​បណ្តោយ​ ផ្លូវ​៣៦០​ (​ទល់មុខ​ ស្ថានីយ៍​ ទូរទស្សន៍​អប្សរា​)​ ស្ថិត​ក្នុង​ សង្កាត់​បឹង​ កេងកង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​០២​ទាប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៩​។ រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ

សមត្ថកិច្ចរកឃើញសារធាតុញៀននៅក្នុងខ្លួនមនុស្ស ៣១នាក់ ក្នុងចំណោមអ្នកដែលត្រូវឃាត់ខ្លួនចំនួន ៥០នាក់ អំឡុងពេលចុះបង្រា្កបនៅក្លឹបកម្សាន្ត ម៉ៃ អាមី ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​លោក ស ថេត ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា សមត្ថកិច្ចរកឃើញអ្នកដែលប្រើប្រាស់គ្រឿងញៀន ចំនួន ៣១នាក់ ហើយអ្នកទាំងនោះ​ស្ម័គ្រចិត្តទៅព្យាបាលនៅមណ្ឌលសុខភាព និងមណ្ឌលកែប្រែដោយខ្លួនឯង។ ចំណែកឯអ្នកជាប់ពាក់ព័ន្ធនឹងការជួញដូរ និងជួយសម្របសម្រួល សមត្ថកិច្ចនឹងចាត់ការតាមនីតិវិធីច្បាប់។

លោកថា៖ «រីឯអ្នកដែលមានតម្រុយសម្រួល ប្រើប្រាស់ចែកចាយនៅក្នុងអាហ្នឹង យើងអនុវត្តទៅតាមច្បាប់។ នៅស្នងការមិនទាន់បានបញ្ជូនទៅទេ។ ចំណែក [ម្ចាស់ក្លឹបមានតែម្នាក់ទេ] ជនជាតិខ្មែរ ឈ្មោះ ស្រិន វីរៈ ឬហៅ អាល័ក្ខ។»

បើតាមលោក ស ថេត ឱ្យដឹងថា ការចុះបង្រា្កបរបស់សមត្ថកិច្ចកាលពីម្សិលមិញ គឺបានរឹបអូសគ្រឿងញៀនមួយចំនួន និងឧបករណ៍កែច្នៃគ្រឿងញៀនផងដែរ។

ម៉ៃ អាមី គឺ​ជា​ក្លឹប​កម្សាន្ត​ទី២ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​ ដែលត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប ចាប់​ខ្លួន​មនុស្ស និង​រឹប​អូស​បាន​គ្រឿង​ញៀន បន្ទាប់​ពី​មជ្ឈ​មណ្ឌល​កម្សាន្ត ​រ៉ក់ ​របស់​ឧកញ៉ា គិត ធាង កាល​ពី​ខែ​កុម្ភៈ​កន្លង​មក។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ នគរបាល​​រាជ​ធានី​ភ្នំ​ពេញ​​ បានបង្ហាញរបាយការណ៍មួយ ដោយបានរកឃើញ​ក្លឹបកម្សាន្ត​ និងបារបារាំងជិត ១៣០០​កន្លែង ងាយ​រងគ្រោះនឹងការប្រើប្រាស់គ្រឿងញៀន ក្នុងនោះក្លឹប​ជាង ១​ពាន់​ក​ន្លែង បានធ្វើកិច្ចសន្យាមិនឲ្យមានការ​ប្រើ​ប្រា​​ស់​ និង​ចែ​ក​ចាយ​គ្រឿង​ញៀន​រួច​ហើយ។

កាលពីថ្ងៃទី១២ ខែមីនា រដ្ឋមន្ត្រីក្រសួ​ងមហា​ផ្ទៃ លោ​ក ​ស ខេង រំ​ឭកម​ន្ត្រីក្រោមឱវាទ​បន្តពង្រឹងប្រសិទ្ធភាពបង្ក្រាបគ្រឿ​ង​ញៀ​​ន ដោយថា មិនត្រូវមាន​ការ​យោ​គ​​​​យ​ល់ណាមួយនោះ​​​ឡើយ​។ បើតាមលោក ស ខេង យុទ្ធនាការបង្ក្រាបគ្រឿងញៀនជិត ២ឆ្នាំមកនេះ សមត្ថកិច្ចរឹបអូសបា​នគ្រឿងញៀ​នជិត ៥០០គីឡូក្រាម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ