រដ្ឋាភិបាល​ គ្រោង​ដាក់​បម្រាម​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ និង​ភេសជ្ជៈ ដែល​យក​រង្វាន់​មក​ទាក់​ទាញ​​

ស្លាកផ្សព្វផ្សាយគ្រឿងពាណិជ្ជកម្មស្រាបៀ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួង​កំពុងពិចារណាដោយចេញជាប្រកាសរួមមួយ ដើម្បីឈានទៅចាត់វិធានទប់ស្កាត់ការផ្សព្វផ្សាយ​គ្រឿងស្រវឹង និងភេសជ្ជៈ ដែលមានលក្ខណៈបង្កប់ភាពមិនស្មោះត្រង់។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ឡុង កែមវិចិត្រ មានប្រសាសន៍ថា ខាងក្រសួងកំពុងពិភាក្សា ដើម្បីចេញសេចក្តីប្រកាសរួមមួយ ស្តីពីការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ភេសជ្ជៈ ដោយភ្ជាប់កម្មវិធីឈ្នះរង្វាន់។ 

ប៉ុន្តែ លោកមិនទាន់អាចកំណត់ពេលជាក់លាក់​ក្នុងការចេញសេចក្តីប្រកាស​នេះ​ទេ និងមិនទាន់អាចកំណត់វិសាលភាពនៃការហាមឃាត់នោះ​កម្រិតណាឡើយ ដោយថា ផែនការនេះកំពុងស្ថិតក្នុងកិច្ចពិភាក្សា។

លោកមានប្រសាសន៍ថា៖ «ព្រោះយើងដឹងហើយថា នៅឥលូវហ្នឹង ក្រុមហ៊ុនស្រាបៀមួយចំនួនហ្នឹង ក៏គាត់បានផ្សាយពាណិជ្ជកម្ម ហើយគាត់សន្យាថា មានរង្វាន់ មានឡានប៉ុណ្ណោះអីចឹងណា។ អ៊ីចឹង កន្លងមកហ្នឹង វាមានចរិតមួយចំនួនហ្នឹង មិនស្មោះត្រង់អីដែរ។ អាហ្នឹង ខ្ញុំមិនហ៊ាន! និយាយទៅ ​អត់មានការស្រាវជ្រាវជាក់លាក់កន្លែងហ្នឹងទេ ប៉ុន្តែ វាមានធ្លាប់ឮ។ អ៊ីចឹងហើយបានជាយើងពិចារណាហាមឃាត់ ដើម្បីកុំឱ្យមានការផ្សាយបែបហ្នឹង។»

បច្ចុប្បន្ន គេសង្កេតឃើញថា ការផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈជាច្រើនប្រភេទ កំពុងពេញនិយមខ្លាំងដោយយកកម្មវិធីឈ្នះរង្វាន់​ផ្សេងៗ រួមមាន ​ឈ្នះរង្វាន់ជាប្រាក់សុទ្ធ ម៉ូតូ ទូរស័ព្ទដៃ និងរង្វាន់ធំជារថយន្តស៊េរីទំនើប ជាដើម។ ​

ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ​ និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា ការផ្សព្វផ្សាយ​ភេសជ្ជៈ ពិសេសគ្រឿងស្រវឹង​ ដែលមានភាពទាក់ទាញហួសពីការពិតខ្លាំង ដោយយកកម្មវិធីឈ្នះរង្វាន់មកភ្ជាប់នោះ គឺមានការគាំទ្រច្រើន ដែលធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនមិនបានគិតដល់សុខភាពរបស់ខ្លួន​។

ក្រៅពីចង់ឱ្យលុបបំបាត់ការផ្សាយពាណិជ្ជកម្មដែលមានភ្ជាប់រឿងឈ្នះរង្វាន់ហើយ​ ​លោក គីមអេង ចង់ឱ្យរដ្ឋាភិបាលបញ្ឈប់ការ​ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុងតែម្តង ត្បិតវាជាចំណែកធ្វើឱ្យមានបញ្ហាប្រឈមច្រើនក្នុងសង្គមផងដែរ។

លោកមានប្រសាសន៍ថា៖ «ប៉ុន្តែ រឿងដែលសំខាន់បំផុត គឺវាខូចសុខភាព ហើយក្នុងនោះទៀត អ្នកផឹកហ្នឹងមិនត្រឹមតែប៉ះពាល់សុខភាពខ្លួនឯងទេ មិនមែនបង្កគ្រោះថ្នាក់ខ្លួនឯងទេ បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ប៉ះពាល់ដល់គ្រួសាររបស់គាត់ ដល់សហគមន៍របស់គាត់។»

សង្គមស៊ីវិលដដែល ថាគម្រោងចេញប្រកាសរួមរបស់ក្រសួងពាណិជ្ជកម្ម នឹងមិនមានប្រសិទ្ធភាពទេ ប្រសិនបើគ្មានការដាក់ទោសទណ្ឌដល់ម្ចាស់អាជីវកម្មដែលបំពានបម្រាម។ លោកថា ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាព រដ្ឋាភិបាលគប្បីពន្លឿន​អនុម័តច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងឱ្យបានឆាប់រហ័សតែម្តង។

កាលពីឆ្នាំ២០១៥ ក្រសួងសុខាភិបាលបានដឹកនាំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ដែលច្បាប់នោះមាន១១ជំពូក និង ៣៩មាត្រា ប៉ុន្តែ មកទល់ពេលបច្ចុប្បន្ននៅមិនទាន់អនុម័តចេញជាផ្លែផ្កានៅឡើយ។

របាយការណ៍ស្តីពី​ស្ថានភាពនៃការប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ និង​សុខភាព​សកល​ប្រចាំឆ្នាំ​២០១៨​ ​បង្ហាញ​ថា​ មនុស្សជាង៣លាន​នាក់​នៅជុំ​វិញ​ពិភព​លោក​​បាន​ស្លាប់ជារៀងរាល់ឆ្នាំ​ដោយសារ​តែ​ការទទួលទាន​​គ្រឿង​ស្រវឹង ដោយក្នុងនោះចំនួន ៧៥ភាគរយគឺជាបុរស។

ប្រភពដដែល បញ្ជាក់ថា មូលហេតុនៃការស្លាប់ដោយសារគ្រឿងស្រវឹងទាំងនោះ ដូចជា គ្រោះថ្នាក់ចរាចរណ៍ និងការប្រើអំពើហិង្សាមានចំនួន ​២៨ភាគរយ​។ ស្លាប់​ដោយសារជំងឺប្រព័ន្ធ​រំលាយអាហារចំនួន ២១ភាគរយ​។ ដោយឡែក ស្លាប់​ដោយសារជំងឺសរសៃឈាមបេះដូងមានចំនួន ​១៩ភាគរយ​​ និង ៣២ភាគរយទៀតស្លាប់​ដោយសារ​ជំងឺឆ្លង ជំងឺមហារីក ជំងឺសរសៃប្រសាទ និងជំងឺផ្សេង​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ