រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ ណែនាំ​ពី​វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

រថយន្តក្រុងរបស់សាលាក្រុងភ្នំពេញ ដែលដាក់ដំណើរការអោយពលរដ្ឋធ្វើដំណើរទៅខេត្តផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាដ៏ធំមួយនាពេលបច្ចុប្បន្ន ដែលរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធជាច្រើនកំពុងយកចិត្តទុកដាក់ ត្បិតពួកគេបារម្ភថា បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះ ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។

បញ្ហាគ្រោះថ្នាក់ចរាចរណ៍ តែង​កើតមានច្រើនទ្វេដងបើប្រៀបធៀបទៅនឹងថ្ងៃធម្មតា គឺរាល់ពេលមានពិធីបុណ្យទានធំៗម្តងៗ ដូចជា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក បុណ្យចូលឆ្នាំចិន ជាដើម។

ទន្ទឹមគ្នានេះដែរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ ឬកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ​។

កាលពីថ្ងៃទី៩ ខែមេសា រដ្ឋ​មន្ត្រី​ក្រសួង​មហា​​ផ្ទៃ លោក ស​ ​ខេង​ ​​ ​បាន​ជំរុញ​ឲ្យ​អនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ ត្រូវយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាពចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយពលរដ្ឋក៏ត្រូវនាំគ្នាចូលរួមដែរ​។ ​

លោកមានប្រសាសន៍ថា៖ «ហើយអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងឡាយដែរ សុំឱ្យសហការជាមួយសមត្ថកិច្ច។ ​ទន្ទឹមនឹងនេះ សុំឱ្យចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ដើម្បីការពារសុខភាពសង្គមយើង ការពារសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារយើងម្នាក់ៗ។ បើមិនដូច្នេះទេ យើងពឹងទៅលើសមត្ថកិច្ច នឹងមិនអាចនឹងធ្វើបានទេ។»

កាលពីថ្ងៃទី៣ ខែមេសា ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស ខេង បានចេញសេចក្តីអំពាវនាវ១១ចំណុច ដោយថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សេចក្តីណែនាំទាំងនោះ រួមមាន ការ​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ចមុនពេលធ្វើដំណើរ។ មិនត្រឹមតែផ្ទុកអ្នកដំណើរ ឬទំនិញច្រើនពេកលើសពីច្បាប់កំណត់ រថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវជិះលើដំបូល និងមិនត្រូវតម្លើងថ្លៃ​ក្នុងឱកាសនេះឡើយ។

ចំពោះទោចក្រយានយន្ត អ្នកដំណើរត្រូវពាក់ពួកការពារសុវត្ថិភាពជានិច្ច ហើយចំពោះរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ជានិច្ចរាល់ពេលធ្វើដំណើរ​ ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង ឬសញ្ញាចរាចរណ៍ ហើយប្រកាន់ស្តាំជាប្រចាំ។

លោក ស ខេង ណែនាំទៀតថា មិនត្រូវបើកបរលើសល្បឿនកំណត់ និងមិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬ ស្ថានភាពងងុយគេងឡើយ។ បន្ថែមពីនេះ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្ន ប្រកបដោយសីលធម៌យោគយល់គ្នា ព្រមទាំងហាមការបាចទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវ ជាដើម។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី៩ ខែមេសា បានលើកឡើងផងដែរ​ថា ​គ្រោះថ្នាក់ចរាចរណ៍ក្នុងមួយឆ្នាំៗ បានធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ ៣៥០លានដុល្លារសហរដ្ឋអាមេរិក។

លោក បន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយផ្នែកក៏កើតឡើងដោយកត្តាអ្នកបើកបរមិនមានប័ណ្ណបើកបរ ​ឬមិនបានរៀនបើកបរត្រឹមត្រូវ ដោយខាងលោកខ្វះមធ្យោបាយក្នុងការបណ្តុះបណ្តាលច្បាប់ចរាចរណ៍ទៅកាន់ពលរដ្ឋទូទៅ និងបញ្ហាផ្លូវ ប៉ុន្តែ លោកប្តេជ្ញាថា នឹងថែទាំ និងជួសជុលផ្លូវឱ្យបានប្រសើរផងដែរ។

លោក មានប្រសាសន៍ថា៖ «ដូចខ្ញុំបានលើកឡើងពីមុនហើយថា ការបណ្តុះបណ្តាលច្បាប់ចរាចរណ៍នេះ គណៈកម្មាធិការជាតិចរា​ចរណ៍ផ្លូវគោកយើង មិនមានមធ្យោបាយគ្រប់គ្រាន់ ដើម្បីបណ្តុះបណ្តាលទៅបងប្អូនប្រជាពលរដ្ឋទាំងអស់បានទេ។ ដូច្នេះ មានតែតម្រូវឱ្យ ក្រុមហ៊ុននីមួយៗ រោងចក្រនីមួយៗ រៀបចំកម្មវិធីបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកទៅដល់បុគ្គលិក កម្មករ កម្មការិនីរបស់គាត់។»

ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា គ្រោះថ្នាក់ចរាចរណ៍ បានបំផ្លាញសុភមង្គលជនរងគ្រោះ ក្រុមគ្រួសាររបស់ពួកគេ បាត់បង់ធនធានមនុស្ស និងធ្វើឱ្យបាត់បង់ថវិកាជាតិទៀត។

ក្រៅពីការរឹតបណ្តឹងច្បាប់ ពិសេសការត្រួតពិនិត្យជាតិអាល់កុល ដោយលោកថា គ្រឿងស្រវឹងគឺជាកត្តាចំបង ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំខ្មែរផងដែរ។

លោក គាំទ្រចំពោះការដាក់ចេញនូវវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែ លោកចង់ឱ្យមានវិធានការជាក់ស្តែងច្រើនជាង។

លោកមានប្រសាសន៍ថា៖ «ព្រោះគ្រាន់តែអំពាវនាវ ប្រជាពលរដ្ឋយើងមួយចំនួនមិនសូវបានស្តាប់ទេបាទ។ អ៊ីចឹង ទាល់តែមានសកម្មភាពជាក់ស្តែង ដែលប្រើប្រាស់កម្លាំងប៉ូលីសចរាចរណ៍ក្នុងការដាក់ពង្រាយ​ ធានានូវការធ្វើដំណើរដែលគោរពតាមច្បាប់ចរាចរណ៍។ នេះជារឿងមួយសំខាន់ ហើយក៏ចំពោះអ្នកមិនគោរព ត្រូវធ្វើការផាកពិន័យ។»

លោកមេធាវី សុក សំអឿន មានប្រសាសន៍ពន្យល់ថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ គឺជាជនទាំងឡាយណាដែលបានបើកបរដោយខុសច្បាប់។ លោកបន្តថា បច្ចុប្បន្នការអនុវត្តច្បាប់ចរាចរណ៍របស់សមត្ថកិច្ចនៅមិនទាន់បានពេញលេញទេ ដោយថា នៅមានការយោគយល់ច្រើននៅឡើយ។

លោកថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មិនអាចពឹងផ្អែកទៅលើសមត្ថកិច្ចរឹតបណ្តឹងច្បាប់តែមួយនោះទេ ប៉ុន្តែ ការរៀបចំស្ថានភាពផ្លូវឱ្យបានប្រសើរ ការអប់រំពលរដ្ឋអំពីច្បាប់បើកបរឱ្យបានទូលំទូលាយ ហើយពលរដ្ឋក៏មិនត្រូវបើកបរដោយភាពប្រថុយប្រថាន​ដែរ។

លោកមានប្រសាសន៍ថា៖ «រឿងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មិនមែនតែរឿងអនុវត្តច្បាប់តែមួយមុខទេ ការអនុវត្តច្បាប់គឺជាជំហានក្រោយទេ ជំហានធំបំផុតដើម្បីកាត់បន្ថយ គឺការអប់រំប្រជាជន។ ហើយទីពីរ គឺការសាងសង់ផ្លូវឱ្យមានបច្ចេកទេស។»

របាយការណ៍​​របស់នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ កាលពីឆ្នាំ២០១៨ បានឱ្យដឹងថា អំឡុងពេល​មុននិង​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ​រយៈពេល១៨​ថ្ងៃ​ គិត​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ២០១៨ ​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២១៨​ករណី ​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​ចំនួន ១១៨​នាក់ និង​របួស​ចំនួនជាង៣០នាក់។

ហេតុការ​ណ៍នេះ​បាន​កើន​ឡើង​ចំនួន ៥៥​ករណី លើស​ពី​ថ្ងៃ​ធម្មតាដែល​មិន​មែនជា​ថ្ងៃ​បុណ្យទាន ដោយ​គិត​ក្នុង​រយៈ​ពេល ១៨​ថ្ងៃ​ដូច​គ្នា​កាល​ពី​ខែ​មីនា​កន្លង​ទៅ គឺ​អ្នក​ស្លាប់​បាន​កើន​ឡើងចំនួន ២០​នាក់ និង​របួស​ធ្ងន់​ស្រាល កើន​ជាង ១​រយ​នាក់។

ដោយឡែក ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា កាលពីឆ្នាំមុននោះ ​ ​ករណីគ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស មាន​ចំនួន ៥៥​ករណី ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ២៦​នាក់ និង​របួស​ស្រាល និង​ធ្ងន់៨១​នាក់។ ចំនួន​នេះ​បាន​ថយ​ចុះ បើ​ប្រៀបធៀប​ទៅ​នឹងថ្ងៃ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​៣ថ្ងៃដូចគ្នាកាល​ពី​ឆ្នាំ​២០១៧។

កាល​ពី​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ​គិត​ក្នុង​រយៈ​ពេល​ដូច​គ្នា​មាន​ចំនួន ៩៥​ករណី មនុស្ស​ស្លាប់ ៤៣​នាក់ និង​រង​របួស​ស្រាល​ធ្ងន់​ប្រមាណ ១៨០​នាក់។

របាយការណ៍ដដែល ​​បញ្ជាក់​ថា មូលហេតុ​​បណ្តាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ រួម​មាន បើកបរ​លើស​ល្បឿន​កំណត់​ មិន​គោរព​សិទ្ធិ​គ្នា ជែង​គ្នា បើកបរក្នុង​ភាព​ស្រវឹង​ មិន​ប្រកាន់​ស្តាំ  និង​បើកបរ​ទាំង​ងងុយ​ដេក ​ជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ