​ប្រវត្តិ​នៃការៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ

ឈុតធម្មបាលកុមារដោះប្រស្នារបស់កបិលមហាព្រហ្ម។ រូបភាព៖ Town Production/ Screenshot

ក្នុង​ចន្លោះ​ខែ​ចេត្រ និង​ពិសាខ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​១៧ មេសាជា​រៀងរាល់​ឆ្នាំ​ ប្រជាជន​កម្ពុជា​តែ​ប្រារព្ធ​ពិធី​ដ៏​ធំ​មួយ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នោះ​ គឺ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ដែល​ជា​សញ្ញា​នៃ​ការ​ផ្លាស់​ប្ដូរ​ឆ្នាំ​ចាស់​ទៅ​កាន់​ឆ្នាំ​ថ្មី​របស់​ជនជាតិ​ខ្មែរ។ បើ​តាម​អ្នក​​ប្រវត្តិ​វិទ្យា​​ឲ្យ​ដឹង​ថា​ ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​អាច​កើត​មាន​ច្រើន​ឆ្នាំ​មុន​គ្រិស្តសករាជ​ទៀត​ផង។

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិ​វិទ្យា​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​លោក វង់ សុធារ៉ា ឲ្យ​ដឹង​ថា ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​អាច​មាន​កំណើត​ក្នុង​សម័យ​ហ្វូណន​ក្នុង​សតវត្ស​ទី​៣ តែ​មិន​ទាន់​មាន​ឯកសារ​បញ្ជាក់​នោះ​ទេ ទើប​តែ​ដល់​សតវត្ស​ទី​១០ ទើប​មាន​សិលាចារឹក​ទុក​ត​រៀង​មក។

លោក​ថា៖ «តែ​ខ្ញុំ​យល់​ថា​ នៅ​មាន​មុន​ហ្នឹង​ទៅ​ទៀត មុន​ពេល​ដែល​យើង​ទទួល​អរិយធម៌​ពី​ឥណ្ឌា​ ទាំង​ប្រយោល​ទាំង​ផ្ទាល់។ ដែល​ប្រយោល​នោះ ​ប្រហែល​ជា​នៅ​មុន​គ្រិស្តសករាជ​ និង​ក្នុង​គ្រិស្តសករាជ​ទី​១ អា​ហ្នឹង​ប្រយោល​ តែ​ពេល​ទទួល​ឥទ្ធិពល​ផ្ទាល់​ តាម​អ្នក​ប្រាជ្ញ​ប្រវត្តិសាស្ត្រ​ខ្មែរ​ឈ្មោះ​ ម៉ៃខើល វិកឃើរី ​គាត់​ថា ​ប្រហែល​ជា​នៅ​សតវត្ស​ទី៣​ នៃ​គ្រិស្តសករាជ​នៅ​ពេល​ដែល​យើង​មាន​ទំនាក់ទំនង​ផ្ទាល់​ជា​មួយ​នឹង​ឥណ្ឌា​។»

លោក ​វង់ សុធារ៉ា ​បញ្ជាក់​ថា​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ចាប់​ផ្ដើម​ប្រារព្ធ​ដំបូង​​រហូត​មក​ដល់​ពេល​នេះ​ តែង​ជ្រើស​យក​ចន្លោះ​ខែ​ចេត្រ និង​ខែ​ពិសាខ​ ដែល​ជា​ពេល​​ផែនដី​ប្ដូរ​អ័ក្ស ធ្វើ​ឲ្យ​ផ្ទៃ​ផែន​ដី​តំបន់​ត្រូពិក​​ចំ​នឹង​ព្រះអាទិត្យ​ មិន​មែន​នៅ​ក្នុង​ខែ​កត្តិក ​ឬ​ខែ​ធ្នូ​ដូច​ការ​កត់​ត្រា​របស់​លោក ជីវ តាក្វាន់​នោះ​ទេ។

លោក​បន្ថែម​ថា៖ «ដោយ​សារ​ការ​រស់​នៅ​ជា​មួយ​ធម្មជាតិ​ហ្នឹង​ណា​ ព្រោះ​វា​មាន​វដ្ដ​រដូវ​ច្បាស់លាស់។ បញ្ហា​ គឺ​រឿង​វដ្ដ​រដូវ​ហ្នឹង! ឥឡូវ​ហ្នឹង​ ពេល​ចូល​ឆ្នាំ​ យើង​ជ្រើសរើស​តាម​របៀប​ឥណ្ឌា​គឺ​នៅ​ពេល​ដែល​មាណរាសី ដែល​ព្រះ​អាទិត្យ​នៅ​ចំ​ពី​លើ​ក្បាល​យើង​ទាំង​អស់​គ្នា​ចំ​ពេល​ដែល​កាត់​កែង​ផែនដី​នៅ​តំបន់​ត្រូពិក​ក្នុង​ស្រុក និង​ប្រទេស​យើង។ ជា​ពេល​វេលា​ដែល​ក្ដៅ​បំផុត​ដែល​មួយ​ឆ្នាំ​មាន​២​ដង​ តែ​មិន​ជ្រើស​យក​ខែ​៨​ទេ! ព្រោះ​ខែ​៨​ វា​ភ្លៀង​ខ្លាំង ​វា​ស្ថិត​ក្នុង​រដូវ​វស្សា​យើង​បែរ​មក​ជ្រើសរើស​យក​ខែ​៤​ តាម​របៀប​ឥណ្ឌា​អ៊ីចឹងទៅ​។»

ប្រជាជន​កម្ពុជា​មាន​ជំនឿ​ថា​ ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ជា​ការ​ផ្លាស់​វេន​របស់​បុត្រី​កបិលមហាព្រហ្ម ដើម្បី​ឡើង​មក​គ្រង​ចក្រវាល​។

មាន​រឿង​មួយ​តំណាល​ថា ស្ដេច​នៃ​ទេវតា​កបិលមហាព្រហ្ម បាន​ធ្វើ​ការ​ភ្នាល់​កាត់​ក្បាល​ជា​មួយ​មនុស្ស​ក្នុង​ផែន​ដី​​ម្នាក់​ឈ្មោះ​ ធម្មបាលកុមារ ដោយ​សួរ​សំណួរ​៣​ខ​ ទៅ​កាន់​បុរស​នោះ​ ដោយ​ទុក​រយៈពេល​៧​ថ្ងៃ​ ដើម្បី​រក​ចម្លើយ។ ដោយ​សារ​ទាល់​គំនិត​រក​ឆ្លើយ​ទៅ​នឹង​សំណួរ​នេះ​ ធម្មបាល​កុមារ ​សម្រេច​ចិត្ត​រក​ទៅ​សម្លាប់​ខ្លួន​ក្នុង​ព្រៃ​មួយ​ ដែល​នៅ​ពេល​នោះ​ហើយ​គាត់​បាន​លួច​ស្ដាប់​ចម្លើយ​ពី​ឥន្ទ្រីយ៍​មួយ​គូដែល​បាន​ជជែក​គ្នា​។

ចម្លើយ​ដែល​ធម្មបាលកុមារ​បាន​យក​ពី​ឥន្ទ្រីយ៍​នោះ​ បាន​ធ្វើ​ឲ្យ​កបិលមហាព្រហ្ម​ចុះចាញ់​ និង​​បាន​កាត់​សិរសា​​​ខ្លួន​ដើម្បី​រក្សា​ពាក្យ​សន្យា។ សិរសា​​របស់​ព្រហ្ម​ត្រូវ​បាន​បុត្រី​ទាំង​៧​របស់​ព្រះអង្គ​ផ្លាស់​វេន​យក​ទៅ​ដង្ហែ​ជុំវិញ​ភ្នំ​កៃឡាស​ជា​រៀងរាល់​ឆ្នាំ​ ហើយ​ការ​ផ្លាស់​វេន​នោះ​បាន​ក្លាយ​ជា​ទំនៀមទម្លាប់​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​។

ទោះ​ជា​យ៉ាង​ណា ​សម្រាប់​សាស្ត្រាចារ្យ​ វង់ សុធារ៉ា ថា​ប្រហែល​រឿង​នេះ​កើត​ក្រោយ​សម័យ​អង្គរ​ក្នុង​សតវត្ស​ទី​១៧​ ដើម្បី​ឲ្យ​មាន​រឿង​មួយ​តំណាល​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ តែ​លោក​យល់​ថា​ រឿង​នេះ​ហាក់​ដូច​មិន​សូវ​ប្រទាក់​ក្រឡា​ជា​មួយ​បុណ្យ​ចូល​ឆ្នាំ​នោះ​ទេ​។

លោក​ថា៖ «តែ​ថា​រឿង​ហ្នឹង​ទាក់ទង​នឹង​រឿង​ចូល​ឆ្នាំ ​ដូចជា​អត់​! ទាល់​តែ​ដល់​កន្លែង​ដែល​ហែព្រះកេស​របស់​កបិល​មហាព្រហ្ម​ កន្លែង​ហ្នឹង​បាន​ទាក់ទង​នឹង​ប្រពៃណី​ចូល​ឆ្នាំ​ តែ​រឿង​ដែល​ភ្នាល់​គ្នា​ពី​ដំបូង​នោះ​ ដូច​ជា​មិន​សូវ​ទាក់​ទង​ប៉ុន្មានទេ​។»

ក្នុង​សម័យ​បុរាណ​រាល់​ពិធី​បុណ្យ​​ចូល​ឆ្នាំ​៣​ថ្ងៃ​នេះ​ រាល់​មន្ត្រី​ ចៅហ្វាយ​ខេត្ត និង​អ្នក​គ្រប់គ្រង​ដែន​ចំណុះ​ឲ្យ​កម្ពុជា ​តែង​តែ​លើក​សួយសារអាករ និង​ប្រគល់​ត្រា ដាវ​គ្រប់គ្រង​ខេត្តទៅ​ឲ្យ​ស្ដេច​ ​ដើម្បី​អបអរ និង​ជូនពរ​ដល់​ស្ដេច​ផង​ដែរ ខណៈ​នៅ​តាម​ប្រាសាទ​នានា​មាន​ការ​ប្រារព្ធ​ពិធី​នេះ​យ៉ាង​ធំដុំ​។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ក្នុង​​សម័យ​បុរាណ​មិន​ត្រឹម​តែ​បញ្ជាក់​ពី​ការ​ឆ្លង​ចូល​ឆ្នាំ​ថ្មី​នោះ​ទេ តែ​វា​បញ្ជាក់​​ពី​ភាព​ស្មោះ​ត្រង់​របស់​មន្ត្រី និង​ការ​ទុកចិត្ត​របស់​ស្ដេច​ចំពោះ​មន្ត្រី​ទាំង​នោះ​ផង​ដែរ។

លោក​សាស្ត្រាចារ្យ​ វង់ សុធារ៉ា ៖ «នៅ​ថ្ងៃ​ឡើង​ស័ក​ ស្តេច​ប្រគល់​ត្រា​ឲ្យ​ពេល​ហ្នឹង នៅ​ថ្ងៃ​ទី​១ ត្រូវ​ប្រគល់​ត្រា ប្រគល់​អី ថ្ងៃ​ទី​២ ​ថ្វាយ​ព្រះពរ ឬ​ជួប​ជុំ​គ្នា​លេង​អី​ជា​ដើម ហើយ​ថ្ងៃ​ទី​៣ ជា​ថ្ងៃ​ឡើង​ស័ក​ ជា​ថ្ងៃ​ផឹក​ទឹក​សម្បថ ពេល​ហ្នឹង​ហើយ​ ស្ដេច​ត្រូវ​ហុច​ត្រា​ ហុច​អី​ ទៅ​ឲ្យ​ម្ចាស់​វិញ។ ហើយ​សម្រាប់​អ្នក​ដែល​ស្ដេច​មិន​ហុច​ឲ្យ​ ពេល​ហ្នឹង​ចាប់​ផ្ដើម​ភ័យ​ហើយ ទី​១​ នឹង​ត្រូវ​ឡើង​តំណែង​ទៅ​ជា​មន្ត្រី​ថ្នាក់​កណ្ដាល ឬមួយ​ស្ដេច​មិន​ទុក​ចិត្ត។ ហើយ​សម្រាប់​អ្នក​ដែល​មិន​មក​​ចូល​រួម​​ហ្នឹង​ ស្ដេច​ដឹង​ថា​ក្បត់​ហើយ! បើ​ទោះ​បី​ឈឺ​ក៏​ដោយ​ ត្រូវ​បញ្ជូន​អ្នក​តំណាង​មក​ អ្នក​ណា​ដែល​ជា​ទាយាទ​របស់​ខ្លួន​នាំ​ត្រា​នាំ​អី​មក តែ​ខេត្ត​ណា​អត់​មក​ដឹង​ថា ​ខេត្ត​ហ្នឹង​ក្បត់​ហើយ​។ ចូល​ឆ្នាំ​រួច​លើក​ទ័ព​ទៅ​។»

ទោះ​ជា​យ៉ាង​ណា ​ទំនៀមទម្លាប់​នេះ​ត្រូវ​បាន​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​ខ្មែរ​ទទួល​រង​ឥទ្ធិពល​ពី​បារាំង​ក្នុង​រាជ​ព្រះបាទ​ ស៊ីសុវត្ថិ នៅ​ឆ្នាំ​១៩២០។

ដោយ​សារ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជា​ពិធី​ដែល​ប្រជារាស្ត្រ​ត្រូវ​សប្បាយ​រីករាយ​ និង​អបអរ​ទូទាំង​ប្រទេស​នោះ​ លោក​សាស្ត្រាចារ្យ​ វង់ សុធារ៉ា បញ្ជាក់​ថា ​ខ្មែរ​សម័យ​បុរាណ​ ទោះ​បី​ជា​មាន​សង្គ្រាម​យ៉ាង​ណា​ឲ្យ​​តែ​ដល់​ថ្ងៃ​ចូល​​ឆ្នាំ​នេះ ​គឺ​គ្រប់​គូបដិបក្ខ​ទាំង​អស់​នឹង​ត្រូវ​ឈប់​សម្រាក ​ដើម្បី​អបអរ​បុណ្យ​នេះ​ ខណៈ​អ្នក​ដែល​ធ្វើ​សង្គ្រាម​នឹង​ត្រូវ​ពលរដ្ឋ​ថ្កោល​ទោស​ផង​ដែរ។

ពិធីបុណ្យចូលឆ្នាំក្នុងសម័យអាណានិគម រហូតដល់កម្ពុជាទី

ក្នុង​សម័យ​អាណានិគម​បារាំង​ពី​ឆ្នាំ​១៨៦៣ ដល់​១៩៥៣ ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​ជនជាតិ​ខ្មែរ​បាន​ប្រារព្ធ​ឡើង​ដោយ​មាន​ការ​ការពារ​ពី​រដ្ឋាភិបាល​បារាំង ហើយ​បើក​ឲ្យ​មាន​ការ​អបអរ​ដោយ​សេរី​ផង​ដែរ តែ​ក៏​ពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ខ្លបខ្លាច​ក្នុង​ការ​ដើរលេង​នៅ​ថ្ងៃ​ចូល​ឆ្នាំ​នេះ ​ដោយ​សារ​មិន​មាន​កាត​ប្រជាជន​ដែល​រដ្ឋាភិបាល​បារាំង​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ពន្ធ​ដើម្បី​ទទួល​បាន​។

ចូល​មក​ដល់​សម័យ​សង្គម​រាស្ត្រ​និយម​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ លោក​សាស្ត្រាចារ្យ​ វង់ សុធារ៉ា បាន​ឲ្យ​ដឹង​ថា ​ពលរដ្ឋ​កម្ពុជា​នៅ​តែ​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​នេះ​ដោយ​សំបូរ​សប្បាយ​ដដែល ហើយ​នៅ​ពេល​នោះ​ហើយ​ទម្រង់​សិល្បៈ​ថ្មីៗ​ត្រូវ​​បាន​កំណត់​ជា​​ទម្រង់​សិល្បៈ​មួយ​ដែល​មាន​ឥទ្ធិពល​ដល់​​សព្វថ្ងៃ​ផង​ដែរ។

លោក​ថា៖ «ដូច​ជា ​ក្បាច់​រាំ​វង់​ រាំ​ក្បាច់​ សារ៉ាវ៉ាន់ ឡាំ​លាវ តាលុង អ្វី​ហ្នឹង​យើង​បាន​កំណត់​អត្តសញ្ញាណ​នៃ​របាំ​អស់​ហ្នឹង​ គឺ​នៅ​ជំនាន់​សង្គម​រាស្ត្រ​និយម​ហើយ ដែល​ពេល​ហ្នឹង​ហើយ​ដែល​មាន​ការ​រីក​ចំរើន​ខ្លាំង​ ហើយ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ហ្នឹង​ចាប់​ផ្ដើម​មាន​ការ​រាំ​ច្រៀង​លេង​ទៅ​តាម​ក្បាច់​ក្បួន​ថ្មី​ កែ​ច្នៃ​បង្កើត​ទៅ​ជា​អត្តសញ្ញាណ​អី​ហ្នឹង​ គឺ​គគ្រឹកគគ្រេង​ជាង​គេ​នៅ​ពេល​ហ្នឹង។»

ក្រោយ​រដ្ឋាភិបាល​សេនាប្រមុខ​ លន់ នល់ បោះឆ្នោត​ទម្លាក់​សម្ដេច​នរោត្តម​ សីហនុ ពី​ប្រមុខ​រដ្ឋ​ដើម្បី​បង្កើត​សាធារណរដ្ឋ​កម្ពុជា​នៅ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ហើយ​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​សម័យ​សង្គ្រាម​នោះ ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ពេល​នេះ​គឺ​មាន​ដែរ​ តែមិន​សូវ​ទូលំទូលាយ​នោះ​ទេ​​។

លោក​សាស្ត្រាចារ្យ ​វង់ សុធារ៉ា៖ «តំបន់​ភាគ​ច្រើន​ ជា​ពិសេស​នៅ​ជនបទ​ជា​តំបន់​ប្រទាញ​ប្រទង់​គ្រប់គ្រង​ដោយ​ចលនា​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​សម្ដេច​ នរោត្ដម សីហនុ​ ផង​ វា​មាន​តំបន់​ដែល​គ្រប់គ្រង​ដោយ​ លន់ នល់​ ផង ហេតុ​ដូច្នេះ​ យើង​ឃើញ​ថា​ ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ វា​មិន​សូវ​ទូលំទូលាយ​ទេ ​ដោយ​សារ​អសន្តិសុខ​បែប​ហ្នឹង។»

ការ​ដួល​រលំ​រដ្ឋាភិបាល​ លន់ នល់ នៅ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ បាន​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ដល់​សម័យ​ខ្មៅ​ងងឹត​មួយ​ដែល​ដឹក​នាំ​ដោយ​ ប៉ុល ពត តែ​ទោះ​ជា​យ៉ាង​ណា ​ខ្មែរ​ក្រហម​នៅ​តែបើក​ឲ្យ​មាន​​ថ្ងៃ​ចូល​ឆ្នាំ​នេះ​ផង​ដែរ។ បើ​តាម​លោក ​វង់ សុធារ៉ា រដ្ឋាភិបាល​ខ្មែរ​ក្រហម​បាន​ឲ្យ​ពលរដ្ឋ​ឈប់​សម្រាក​៥​ថ្ងៃ​នៅ​ក្នុង​ពាក់​កណ្ដាល​ខែ​ចែត្រ​នេះ​ ដើម្បី​អបអរ​ឆ្នាំ​ថ្មី និង​ជោគជ័យ​របស់​ខ្លួន​ថ្ងៃ​១៧ ខែមេសា​ ផង​ដែរ។

លោក​ ថា៖ «ខ្មែរ​ក្រហម​ប្រមូល​មនុស្ស កៀរ​មនុស្ស​ឲ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ហ្នឹង មិន​ឲ្យ​ទៅ​ទាំង​អស់​ទេ ​មួយ​ភូមិៗ គឺ​គេ​មាន​ការ​ជ្រើសរើស​ពី​មួយ​ភូមិ​ទៅ​មួយ​ភូមិ​។ ឧទាហរណ៍​ ក្នុង​ភូមិ​មួយ​ដែល​ខ្ញុំ​រស់នៅ​អញ្ចឹង ​គេ​មាន​រើស​មនុស្ស​ប្រហែល​ជា​ពាក់​កណ្ដាល​ឲ្យទៅ​ចូល​រួម​ជា​មួយ​មនុស្ស​ផ្សេង​ទៀត ហើយ​ពីរ​ទៅ​បី​ថ្ងៃ​ហ្នឹង​ យើង​ឃើញ​មាន​ការ​លេង​ល្បែង​បោះ​អង្គញ់ ដណ្ដើម​ស្លឹក​ឈើ លាក់​កន្សែង​លាក់​អី​ដូច​គេ​ដូច​ឯងអ៊ីចឹង​ តែ​ភាគ​ច្រើន​ អ្នក​ដែល​ចូល​លេង​ហ្នឹង​ច្រើន​តែ​ប្រធាន​កង យុវនារី​ និង​យុវជន​បដិវត្តន៍​របស់​គេ​ហ្នឹង។»

ក្រោយ​ពី​កម្ពុជា​ឆ្លង​ផុត​ពី​សម័យ​ខ្មែរ​ក្រហម​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ ក្នុង​សម័យ​ប្រជាមានិត​កម្ពុជា និង​រដ្ឋកម្ពុជា​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ប្រារព្ធ​សារ​ជា​ថ្មី​វិញ​ដោយ​សេរី តែ​ក៏​នៅ​មាន​បញ្ហា​​អសន្តិសុខ​ផង​ដែរ​ ដោយ​កម្ពុជា​មិន​ទាន់​រួច​ផុត​ពី​សង្គ្រាម​ទាំង​ស្រុង។

ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ ហើយ​កម្ពុជា​បាន​បង្កើត​រាជាណាចក្រ​កម្ពុជា​ទី​២ នៅ​ឆ្នាំ​១៩៩៣​មក ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បាន​បន្ត​ភាព​រស់​រវើក​របស់​ខ្លួន​ក្នុង​ចិត្ត​របស់​ប្រជាជន​ខ្មែរ​ដដែល ទោះ​ជា​យ៉ាង​ណា​ ដោយ​សារ​ការ​រីក​ចំរើន​នៃ​ហេដ្ឋារចនាសម្ពន្ធ​ និង​កត្តា​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ បាន​ធ្វើ​ឲ្យ​ល្បែង​ប្រពៃណី​មួយ​ចំនួន និង​ការ​អនុវត្ត​ពី​មុន​ៗ​មួយ​ចំនួន​ហាក់​បាន​ឃ្លាត​ឆ្ងាយ​បន្តិច​ម្ដងៗ​ផង​ដែរ។​

លោក​ថា៖ « កាល​ពី​ឆ្នាំ​៩៣ ៩៤ ៩៥ អី​ហ្នឹង ​នៅ​មាន​ច្រើន​ខែ​ចូល​ឆ្នាំ​អី​ហ្នឹង​ ខ្ញុំ​ទៅ​វត្ត​ហើយ ដូច​ក្នុង​ចម្រៀង​អញ្ចឹង​ ខែ​ចេត្រ​ចូល​ឆ្នាំ​តាម​ចំណាំ​យើង​ទៅ​លេង​វត្ត ​គឺ​អត់​ខុស​ទេ! ខ្ញុំ​ទៅ​វត្ត​ណា​ក៏​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​ បោះ​អង្គញ់​ បោះ​អី​ ចោល​ឈូង​អី​ អ៊ីចឹង! ​ខ្ញុំ​ទៅ​លេង​ជា​មួយ​គេ​ជា​មួយ​ឯង​អ៊ីចឹង​។ ពេល​យប់​ក៏​មាន​អ៊ីចឹងដែរ​ មាន​ល្បែង​របាំ​អី​ច្រើន​ ហើយ​ខ្ញុំ​ឆ្លង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ហើយ​ខ្ញុំ​ជិះ​កង់​ទៅ​លេង​ប្រហែល​៥​គីឡូម៉ែត្រ ទៅ​១០​គីឡូម៉ែត្រ​អី​ហ្នឹង​ ក៏​បាន​ដែរ។ តែ​បន្ដិច​ម្តង​ៗ​ ស្ថានភាព​ហ្នឹង​ចាប់​ផ្ដើម​ប្រែប្រួល​ដោយ​សារ​ការ​រីក​ចំរើន​ខាង​សេដ្ឋកិច្ច​របស់​ប្រជាជន​ហ្នឹង គឺ​ចាប់​ផ្ដើម​លេង​ម៉ូដ​ខ្លាំង​មែន​ទែន​ ហើយ​សម្រាប់​អ្នក​នៅ​ទី​ក្រុង​ភ្នំពេញ​ ឬ​ក៏​នៅ​តាម​បណ្ដា​ទី​ប្រជុំជន​នានា ចាប់​ផ្ដើម​ប្រែ​ប្រួល​ខ្លាំង​ ជា​ពិសេស​កូន​កាត់​ចិន​គេ​ចាប់​ផ្ដើម​ចូល​ឆ្នាំ​តែ​នៅ​ក្នុង​អំឡុង​ចូល​ឆ្នាំ​យួន​ និង​ចិន​ ខែ​មករា​ ឬ​ក៏​ខែ​កុម្ភៈ​នោះ​ទេ​ ដល់​ពេល​ចូល​ឆ្នាំ​ខ្មែរ​ គេ​ចាប់​ផ្ដើម​ដើរ​លេង​តែ​ម្ដង » ។

សរុប​មក ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​ប្រព្រឹត្តិ​ទៅ​នា​ពាក់​កណ្ដាល​ខែ​មេសា​នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​មក​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ​ ដើម្បី​អបអរ​ពី​ការ​ផ្លាស់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​ ដែល​ហៅ​ថា​ មហាសង្ក្រាន្ត ហើយ​មួយ​វិញ​ទៀត ​គឺ​ជា​ការ​គោរព​នូវ​វដ្ដ​ធម្មជាតិ​ដែល​កើត​ឡើង​ជា​រៀងរាល់​ឆ្នាំ។ ពលរដ្ឋ​ខ្មែរ​តែង​យក​ឱកាស​នេះ​ ជូនពរ ជួបជុំ​គ្នា​ លេង​ល្បែង​ប្រពៃណី រាំច្រៀង​សប្បាយ​ទៅ​តាម​មធ្យោបាយ​របស់​ខ្លួន​ដើម្បី​អបអរ​ពិធី​ប្រចាំ​ឆ្នាំ​ដ៏​ធំ​នេះ។

លោក ​វង់ សុធារ៉ា៖ «ខ្ញុំ​គិត​ថា ​ទី​១ ​គឺ​វា​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ខ្មែរ យើង​បន្ត​នូវ​និរន្តរភាព​នៃ​ការ​គោរព ​នៃ​ការ​ប្រកាន់​នូវ​អត្តសញ្ញាណ​ជាតិ​សាសន៍​យើង ថា​យើង​ចូល​ឆ្នាំ​នៅ​ខែ​មេសា ​ថ្ងៃ​ទី​១៣ ឬ​១៤​ ខែ​មេសា​ រៀងរាល់​ឆ្នាំ​ ចាត់​ទុក​ជា​ពេល​ចូល​ឆ្នាំ​​ចំនួន​៣​ថ្ងៃ។ ពិធី​នេះ​គឺ​មាន​យូរ​មក​ហើយ​ ជា​ការ​បង្ហាញ​ពី​និរន្តរភាព​នៃ​វប្បធម៌​ជាតិ​សាសន៍​យើង​នេះ​ឯង​ ​​» ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ