យ៉ាង​ហោច​មនុស្ស​១៤​នាក់​ស្លាប់​ និង​ជាង​៤០​នាក់​រ​ង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិល​មិញ

(រូបភាពពី​ អគ្គស្នងការនគរបាលជាតិ)

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ (គ.ស.ច.គ.) បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១៤​នាក់ បាន​ស្លាប់ ហើយ​ជាង ៤០​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ខែ​មេសា​ត្រូវ​បាន​មើល​ឃើញ​ថា តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង​ខ្ពស់​លើស​ខែ​នានា។

គ.ស.ច.គ. បាន​ឲ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​របាយការណ៍​​បច្ចុប្បន្នភាព​អំពី​គ្រោះ​ថ្នាក់ចរាចរណ៍​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ។

គ.ស.ច.គ. បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ បាន​កើត​ឡើង ២៤​លើក​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ជា​ថ្ងៃ​ដែល​ពលរដ្ឋ​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្ដា​ខេត្ត​នានា​ ដើម្បី​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

បើ​ គ.ស.ច.គ. មនុស្ស ១៤​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ៤៣​នាក់​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល​ខខណៈ​ដែល​យាន​យន្ត​ចំនួន ៤៤​គ្រឿង បាន​រង​ការ​ខូច​ខាត​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ចំណែក​ឯ​ទិន្នន័យ​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ៨០​នាក់​ហើយ បាន​ស្លាប់ ហើយ​​មនុស្ស ២១៤​នាក់​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប ១៥៣​លើក​នៅ​ទូទាំង​ប្រទេស​ចន្លោះ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១២ ខែ​មេសា​នេះ។

ទិន្នន័យ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ថា ចំនួន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង​ពី​ចំនួន ១៤៧​លើក​នៅ​ក្នុង​ខែ​មីនា ខណៈ​ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើន​ឡើង​ពី​ចំនួន ៧៦​នាក់​នៅ​ខែ​មីនា។

ទិន្នន័យ​នគរបាល​ចរាចរណ៍ បាន​បញ្ជាក់​ថា ការ​បើក​បរ​លឿន​ហួស​ល្បឿន​កំណត់ ការ​បើក​បរ​ដោយ​មិន​គោរព​សិទ្ធិ ការ​បើក​បរ​ដោយ​មិន​ប្រកាន់​ស្ដាំ ការ​បត់​ប្រកប​ដោយ​គ្រោះ​ថ្នាក់ និង​ការ​បើក​បរ​ជែង​គ្នា សុទ្ធ​តែ​ជា​មូល​ហេតុ​ចម្បង​ៗ​​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​។

គ្រោះថ្នាក់​ចរាចរណ៍ បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ ១,៧៦១​នាក់​ និង​បណ្ដាល​ឲ្យ​មនុស្ស​ដល់ទៅ ៤,៧៧០​នាក់​រង​របួស​ធ្ងន់​ស្រាល​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ