មន្ត្រី​ជាន់​ខ្ពស់​​ ថា​តម្រូវ​ការ​នាំ​ចូល​បន្លែ​កើន​ឡើង​ជាង​៦០ភាគរយ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ

បន្លែលក់នៅលើទីផ្សារ (ណាត សុភាព)

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម​លើក​ឡើង​ថា​ ក្នុង​រយៈពេល​​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ កម្ពុជា​នាំ​ចូល​បន្លែ​ជាង​១ពាន់តោន ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការក្នុង​ស្រុក។

ប្រធាន​នាយកដ្ឋាន​សាកវប្បកម្ម​នៃ​ក្រសួង​កសិកម្ម​ លោក គៀន សុភា មាន​ប្រសាសន៍​ប្រាប់​ VOD ថា​ក្នុង​មួយ​ថ្ងៃ​ៗ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ កម្ពុជា​ត្រូវ​ការ​បន្លែ​ប្រមាណ​៦០០តោន ​​ក្នុង​នោះ​នាំ​ចូល​ជាង​៦០ភាគរយ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​វៀតណាម។

លោក​ថា៖ «ខែ​មួយ​ យើង​ឃើញ​ថា ​ការ​នាំ​ចូល​ថយ​ចុះ​ ព្រោះ​បន្លែ​ក្នុង​ស្រុក​ច្រើន​ ហើយ​មួយ​ទៀត ​ខែ​បួន​ ខែ​ប្រាំ និង​ខែ​ដប់ ព្រោះ​ខែ​ប្រាំង​ យើង​ខ្វះ​ទឹក ហើយ​ខែ​ដប់ ​ទឹក​លិច​វិញ ​អត់​មាន​អី​ដាំ។»

អ្នក​បច្ចេកទេស​ទីផ្សារ​គ្រាប់​ពូជ និង​បន្លែ​នៃ​ក្រុម​ហ៊ុន​ ម៉ាលីសាន​ លោក ឡុក គៀនស្រ៊ីន មានប្រសាសន៍ថា កសិករមួយចំនួនឈប់ដាំបន្លែ ងាកទៅដាំដំណាំផ្សេងវិញ ដោយសារលក់មិនចំណេញ។​ លោកបន្តថា ការនាំចូលបន្លែជាង៥០ភាគរយនៃតម្រូវការនឹងបន្តរហូតដល់ដំណាច់ឆ្នាំ។​

លោក​បន្ថែម​ថា ​ការ​នាំ​ចូល​បន្លែ​ជាង​ពាក់​កណ្ដាល​នៃ​ការ​ផ្គត់ផ្គង់​នេះ ​កម្ពុជា​ត្រូវ​ចំណាយ​ប្រមាណ​១០ម៉ឺនដុល្លារ​ក្នុង​មួយ​ថ្ងៃ ​ដើម្បី​ទិញ​បន្លែ​ពី​ប្រទេស​ដែល​នាំ​ចូល​។

លោក​ថា៖ «ដោយ​សារ​ខែ​នេះ​ កសិករ​មួយ​ចំនួន​គាត់​នៅ​ប្រមូល​ផល​ចុង​ដៃ អ៊ីចឹង ចាប់​ពី​ចុង​ខែ​៤ ​បាន​គាត់​នាំ​ចូល​ខ្ពស់​ ដោយ​ទី​មួយ​ អាកាសធាតុ​ក្ដៅ ហើយ​អ្វី​ដែល​គាត់​ដាំ​ពី​មុន ​វា​អស់​ហើយ​ដែល​អ្វី​ដែល​គាត់​ប្រមូល​នៅ​ពេល​នេះ ​វា​នៅ​ចុង​ដៃ តែ​គាត់​នឹង​ចាប់​ផ្ដើម​បន្ត​ទៀត​នៅ​រដូវ​ធ្លាក់​ភ្លៀង។»

បើ​តាម​លោក​ គៀនស្រ៊ីន បញ្ហា​ដែល​កសិករ​ជួប​ប្រទះ​នោះ ​មិនមែន​មក​ពី​បញ្ហា​ទឹក​នោះ​ទេ តែ​មក​ពី​តម្លៃ​លក់​មិន​អាច​ឲ្យ​គាត់​ចំណេញ​បាន​ ទើប​កសិករ​ជាច្រើន​មិន​ចង់​ដាំ​បន្លែ​លក់​នោះ។

លោក​ជំរុញ​ដល់​រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​គ្រប់គ្រង​ ដល់​ឈ្មួញ​កណ្ដាល​ ដើម្បី​សម្រួល​ដល់​តម្លៃ​មួយ​ដែល​អាច​ទទួល​បាន​ដល់​កសិករ ខណៈ​កាត់​បន្ថយ​ថ្លៃ​ដើម​នៃ​ការ​ផលិត​ឲ្យ​តិច​បំផុត ​ដើម្បី​ជំរុញ​ទឹក​ចិត្ត​កសិករ​ឲ្យ​ដាំ​ដុះ​បន្លែ​ឲ្យ​បាន​ច្រើន​ ដើម្បី​ផ្គត់ផ្គង់​ក្នុង​ស្រុក​បាន​គ្រប់គ្រាន់​។

បើ​តាម​ក្រសួង​កសិកម្ម​ បច្ចុប្បន្ន​មួយ​ថ្ងៃ​ៗ​កម្ពុជា​ត្រូវការ​បន្លែ​ប្រមាណ​៥០០ ទៅ​៦០០តោន ក្នុង​នោះ​ដើម​ឆ្នាំ​នេះ កម្ពុជា​នាំ​ចូល​ប្រមាណ​៣០ភាគរយ ខណៈ​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំទៅ​តម្រូវ​ការ​នាំ​ចូល​កើន​ឡើង​ដល់​៥០ភាគរយ​នៃ​តម្រូវការ​សរុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ