អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ​ព្រមាន​ប្ដឹង​លើ​មេខ្លោង​ញុះញង់​ពលរដ្ឋ​ឲ្យ​បិទ​ផ្លូវ​តវ៉ា​ព្រឹក​នេះ

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ពលរដ្ឋបាននាំគ្នាតវ៉ាសាជាថ្មីដោយយកដុំថ្មធំៗ និងមែកឈើទៅដាក់បិទផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ព្រមាន​ប្ដឹង​ទៅ​តុលាការ​លើ​មេខ្លោង​ដែល​ញុះញង់​ពលរដ្ឋ​ឲ្យ​ចាប់​ដី​​ និង​បិទ​ផ្លូវ​តវ៉ា​ប្រឆាំង​ការ​អនុវត្ត​សាលក្រម​តុលាការ​កាល​ពី​ព្រឹក​មិញ។

នៅ​ព្រឹក​នេះ​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​អនុវត្តសាល​ក្រម​តុលាការ​ដែល​សម្រេច​រុះរើ​សំណង់​អនាធិបតេយ្យ​នៅ​លើ​ដី​ឯកជន​មួយ​ក្នុង​ភូមិ​ចំណោត​រាម ឃុំបិតត្រាង (អូរត្រាវ) ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ តែ​ត្រូវ​បាន​ពលរដ្ឋ​ជាង​១០០នាក់​ធ្វើការ​តវ៉ា​ដោយ​ធ្វើ​ការ​បិទ​ផ្លូវ​ផង​ដែរ ទោះ​ជា​យ៉ាង​ណា​ ពលរដ្ឋ​ព្រម​បើក​ផ្លូវ​វិញ​ក្រោយ​មាន​ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ។​

អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ ​លោក ឱ សារឿន មាន​ប្រសាសន៍​ប្រាប់​ VOD ថា​ក្រោយ​ព្រឹត្តិការណ៍​នេះ​ ប្រសិន​ជា​អាជ្ញាធរ​រក​ឃើញ​ថា ​សកម្មភាព​ខាង​លើ​មាន​ការ​ញុះញង់​ពី​មេខ្លោង​ណា​មួយ​ អាជ្ញាធរ​ខេត្ត​នឹង​កសាង​សំណុំ​រឿង​ប្ដឹង​អ្នក​ញុះញង់​ទៅ​តុលាការ​ផង​ដែរ។

លោក​ថា៖ «ដូច​ដែល​យើង​ធ្លាប់​ធ្វើ​រាល់​ដង​អញ្ចឹង​ក្នុង​ការ​កំណត់​មុខ​សញ្ញា ​ក៏​ដូច​ជា ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ជា​បន្តបន្ទាប់ ​អញ្ចឹង​ទៅ​! បើ​សិន​ជា​ឃើញ​ថា ​គាត់​មាន​កំហុស​ឆ្គង​ពិត​ប្រាកដ​ នឹង​ចាត់ការ​តាម​នីតិវិធី​ហ្នឹង​ណា»។

ទោះ​ជា​យ៉ាងណា ​លោក​ ឱ សារឿន ថា​មិន​ទាន់​មាន​មេខ្លោង​ណា​មួយ​ត្រូវ​បាន​កំណត់​នៅឡើយ​ទេ​ក្នុង​ហេតុ​ការ​ណ៍នៅ​ព្រឹក​នេះ​។

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​ លោកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា ​ក្រោយ​ពី​ខេត្ត​ព្រះសីហនុ​មាន​កំណើន​តម្លៃ​ដីធ្លី​ សំណង់​អនាធិបតេយ្យ​ជាច្រើន​ក៏​កើន​ឡើង​ជា​មួយ​គ្នា​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ខេត្ត​នេះ​មាន​បញ្ហា​រឿង​ដី​ធ្លី​នេះ​ច្រើន។

លោកស្រី​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ចំណូល​ថ្មី​កុំ​ឲ្យ​ចាញ់​បោក​មេខ្យល់​មក​ទន្ទ្រាន​យក​ដី​បែប​នេះ​ទៀត​។

អ្នក​ស្រី​ថា៖ «ជា​ជំហាន​ដំបូង​ អាជ្ញាធរ​អាច​ទៅ​ធ្វើ​ការ​ផ្សព្វផ្សាយ​ដើម្បី​ប្រាប់​ប្រជាពលរដ្ឋ​តំបន់​ហ្នឹង​ឲ្យ​ដឹង​ថា​ ដី​មាន​ម្ចាស់ តែ​ខ្ញុំ​ជឿ​ថា​ វា​មាន​ការ​លំបាក​ដោយ​សារ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ហ្នឹង ​គឺ​អ្នក​ខ្លះ​ខ្ចី​លុយ​គេ​មក។»

កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​កន្លង​ទៅ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​ព្រមាន​ទៅ​លើ​ពលរដ្ឋ​ដែល​បាន​ទៅ​ទន្ទ្រាន​យក​ដី​កម្មសិទ្ធិ​របស់​អ្នកដទៃ និង​ដី​រដ្ឋ​ស្ថិត​ក្នុង​ភូមិគគីរ ឃុំ​បិទ​ត្រាំង ធ្វើ​ជា​កម្មសិទ្ធិ​ខ្លួន​ ដោយ​អាជ្ញាធរ​ព្រមាន​ថា​​ នឹង​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​មេខ្យល់​ដែល​នៅ​ពីក្រោយ ​ដែល​បង្ក​បញ្ហា​ឲ្យ​ពលរដ្ឋ​ធ្វើ​សកម្មភាព​បែប​នេះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ