តារាចម្រៀង​​ យូរី ទទូចឲ្យពលករខ្មែរនៅកូរ៉េខាងត្បូងជួយបរិច្ចាគថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា

តារាចម្រៀងកម្ពុជានឹងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍សង្ក្រាន្តនៅថ្ងៃសែ្អកនេះក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីផ្តល់ការកំសាន្តដល់ពលករខ្មែរ និងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងដំណើរទៅសម្ដែង​ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត​នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែមេសា តារាចម្រៀងល្បីល្បាញ កញ្ញា យូរី និងដៃគូគឺលោក Bmo បានទទូចឲ្យពលករខ្មែរដែលធ្វើការក្នុងប្រទេសកូរ៉េ​រួមគ្នាបរិច្ចាគថវិកាជួយដល់​មន្ទីរពេទ្យគន្ធបុប្ផា។

កញ្ញា យូរី បានលើកឡើងថា កាលពីមុន​ពលករដែល​បម្រើការងារនៅប្រទេសកូរ៉េខាងត្បូងមានបំណង​ចង់ជួយដល់មន្ទីរពេទ្យ​គន្ធបុប្ផា ប៉ុន្តែ ពួកគាត់មិនដឹង​​​​ជួយតាមរបៀបណា ដោយសារតែចំនួននៃការ​ជួយថវិកា​របស់ពួកគាត់មិនមែនជាចំនួនច្រើន។ ដូច្នេះ តាមរយៈការសម្ដែងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង​ប៊ូសាននោះ គឺ​​មានន័យថា​ ថវិកា​ពួកគាត់ចំនួនតិចកម្រិតណាក៏ដោយ នឹងបានដល់ដៃ​​របស់​​​​អ្នកគ្រប់គ្រង​មន្ទីរពេទ្យគន្ធបុប្ផា ហើយក៏មិនខុសពីរួមចំណែកជួយ​ដល់​​​សង្គម​​​​​​​​​​​ដោយមិនភ័យរឿងថវិកាទាំំងនោះ​មិនបានដល់ដៃរបស់មន្ទីរពេទ្យនោះទេ។

កញ្ញា យូរី ដែលបានចេញសម្ដែងក្នុងប្រទេសកូរ៉េក្នុងចំណោម​តារា​​ល្បីៗ រួមមាន លោក ខេម កញ្ញា ឡូរ៉ាម៉ម និង​លោក ប៉ែន ចំរ៉ុង​ ជាដើម។ កញ្ញានិយាយថា​​​​​​​​​ ខ្លួន​ត្រូវបានអញ្ជើញឲ្យសម្ដែងនៅក្នុងប្រទេសនោះចំនួន​៣លើករួចមកហើយ ​​ដោយមួយលើកតាមរយៈការឧបត្ថម្ភផ្សេង​ និង​​២លើកចុងក្រោយតាមរយៈក្រុមហ៊ុន ឡេងណាវ៉ាត្រា។ ការសម្ដែងរបស់នាង និងតារាទាំងអស់នៅថ្ងៃទី២០ ខែមេសានេះ គឺជាការប្រគំតន្ត្រីដោយមិនមានលក់សំបុត្រសុទ្ធសាធ ដើម្បីឲ្យពលករខ្មែរនៅក្នុងប្រទេសកូរ៉េ​​​​បាន​​ចូលរួមរាំលេងសប្បាយជុំគ្នា។

កញ្ញា យូរី ថាព្រឹត្តិការណ៍សង្រ្កាន្តនេះ​ធ្វើឡើងដើម្បីឲ្យពលករខ្មែរមកជួបជុំគ្នា ហើយបើកវង់រាំលេងជាទ្រង់ទ្រាយធំ​ក្នុងបំណង​បំបែកកំណត់ត្រា និង​ដើម្បី​​​ស្វែងរកមូលនិធិ តាមរយៈការ​ប្រកាសឲ្យ​ប្រជាជនខ្មែរដែលមកទស្សនា​ចូលរួម​​​​បរិច្ចាគជាថវិកាតិច ឬច្រើន​តាមលទ្ធភាពរបស់ខ្លួន។ ​​​កញ្ញា​រំពឹងថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី​នៅថ្ងៃទី២០ ខែមេសានោះ នឹងមានពលករខ្មែរ​បម្រើការនៅក្នុងប្រទេសកូរ៉េ​ចូលរួម​​កុះករ​ ដោយសារតែក្រៅពីមានតារា​ល្បីៗចូលរួមរាំច្រៀង ក៏មាន​លេងហ្គេមឈ្នះរង្វាន់​ពីតារាគ្រប់គ្នា ជាពិសេសគឺពីរូបនាងផ្ទាល់។

លោក ឡេង ណាវ៉ាត្រា​ ជារៀបចំ និងអ្នកឧបត្ថម្ភសម្រាប់ការប្រគុំតន្ត្រីនេះ បានអះអាងថា ​ថវិកាដែលទទួលបានពីការបរិច្ចាគពីសំណាក់ពលករខ្មែរ គឺលោកនឹងមិនយក​មកទូទាត់លើការចំណាយដ៏ច្រើនក្នុងការអញ្ជើញ​សិល្បករ និងសិល្បការនីឲ្យទៅសម្ដែងនោះទេ ដោយលោកនឹងសម្រេចយកទៅប្រគល់ជូន​​មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។ ប៉ុន្តែ លោកមិនទាន់អាចប៉ាន់ស្មានដឹងថា តើថវិកាដែលនឹង​ទទួលបាននឹង​មានចំនួនប៉ុន្មាន។ យ៉ាងណាមិញ លោករំពឹងថា ​តាមរយៈការ​អំពាវនាវពីតារា​គ្រប់រូប និង​ក្រុមការងារដែល​នឹង​បំផុសនៅក្នុងព្រឹត្តិការណ៍ទាំងនោះនឹង​រួមចំណែកជួយឲ្យថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផានឹងទទួលបានច្រើន។

លោក ឡេង ណាវ៉ាត្រា​ បានបន្ថែមថា ការប្រគុំតន្ត្រីនេះនៅថ្ងៃទី២០​ ខែមេសា​ ចាប់ម៉ោង​២រសៀលតទៅ ដែលនឹងធ្វើនៅទីលានក្នុងទីក្រុង​ប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដែល​អាចផ្ទុកអ្នកទស្សនាបានរាប់​ម៉ឺន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ