ក្រសួងសុខាភិបាល ឲ្យ​ពលរដ្ឋ​បញ្ឈប់ការប្រើប្រាស់ថ្នាំលើសឈាម​៤ប្រភេទ

ក្រសួងសុខាភិបាល​ បាន​ប្រកាសប្រមូល​នូវ​ឱសថលើសឈាម៤ប្រភេទ​​ដែលអាច​បណ្ដាល​ឲ្យអ្នកប្រើប្រាស់​កើត​ជំងឺមហារីក។

សេចក្តីជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញ​កាលពីថ្ងៃទី​១០ ខែមេសា ឲ្យដឹងថា ឱសថទាំង៤ប្រភេទនោះរួមមាន HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet និង LANZAAR Tablet។ តាមប្រភពដដែល​ឱសថព្យាបាល​ជំងឺលើសសម្ពាធឈាម​ទាំង៤ប្រភេទមាន​ផ្ទុកសារធាតុ​គីមី Nitrosamine Impurity លើសកម្រិត​ស្ដង់​ដា​ដែល​ច្បាប់​អនុញ្ញាត​ និង​អាចបង្ក​ឲ្យមាន​ជំងឺមហារីក។

បើតាម​សេចក្តីជូនដំណឹងរបស់​ក្រសួង​សុខាភិបាល​ដដែលនេះ មិនមានក្រុមហ៊ុន​ណាមួយនាំចូល​ឱសថ​ទាំង៤ប្រភេទដោយ​ស្រប​ច្បាប់នោះទេ។

ប៉ុន្តែ បើ​តាម​អ្នកនាំពាក្យក្រសួង សុខាភិបាល លោក លី សុវណ្ណ​ ​ឱសថ​ទាំងនោះត្រូវបាន​ក្រុម​ជន​ខិលខូច​មួយចំនួន​លួចនាំចូលធ្វើចរាចរណ៍ដោយខុសច្បាប់​ក្នុងប្រទេសកម្ពុជា។​

អ្នកនាំពាក្យរូបនេះ បាន​បញ្ជាក់ថា៖«ហ្នឹងហើយដូចយើងឃើញកន្លងមកហ្នឹង តែង​តែមាន​អ្នកលួចនាំចូល​ដោយ​ឥតចុះបញ្ជី។ យើងឥតត្រូវប្រើវា(ឱសថឱសថព្យាបាល​ជំងឺលើសសម្ពាធឈាម​ទាំង៤ប្រភេទ) សោះ ឥតត្រូវប្រើ​ទេ។»​

លោក លី សុវណ្ណ​ អះអាង​ថាក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់លើក្រុមហ៊ុន ឬបុគ្គលណា​ដែល​នៅ​តែនាំចូល​ និងបន្ត​លក់ឱសថទាំង​៤ប្រភេទ​ខាង​លើ​ ព្រោះ​ថា​វាជាឱសថ​ដែលបង្ក​ហានីភ័យ​ដល់​អ្នកប្រើប្រាស់​។

តាមមាត្រា១០នៃច្បាប់ស្តី​ពីការគ្រប់គ្រងឱសថ​ បុគ្គលណាដែល​លក់ឱសថគ្មានទិដ្ឋាការ ឬបញ្ជី​ការ​ ឬឱសថ​ដែលក្រសួងសុខាភិបាល​បាន​ហាម​ឃាត់​ត្រូវផ្តន្ទាទោសពិន័យជាប្រាក់​ពី​ ១ ០០០០០០ (មួួយលាន​រៀល) ដល់ ១០ ០០០ ០០០ (ដប់​លានរៀល) និងផ្អាកផលិតកម្ម​ អាហរ័ណនីហរ័ណកម្ម និង​ពាណិជ្ជកម្មឱសថ​ពី ១ខែ ដល់៣ខែ ឬទោសណាមួយក្នុងចំណោម​ទោស​ទាំងពីរខាងលើដោយពុំ​ទាន់គិតដល់​ការផ្តន្ទាទោស​ពីបទល្មើសផ្សេងៗទៀត។

មាត្រា១០នៃច្បាប់​ដដែលនេះ បញ្ជាក់​ថា​ក្រសួងសុខាភិបាលមានសិទ្ធិផ្អាក​ជាបណ្ដោះអាសន្ន​ភ្លាម​នូវ​ ការផ្សព្វផ្សាយ​ឱសថ អាហរ័ណនីហរ័ណកម្ម និងពាណិជ្ជកម្មឱសថដែលល្មើស​រួចរៀបចំសំណុំ​រឿងបញ្ជូន​ទៅតុលាការ។

តាម​សេចក្តីជូនដំណឹងដដែល ក្រសួងសុខាភិបាល​ អះអា​ងថា​នឹង​បន្ត​ធ្វើការត្រួតពិនិត្យ​ និងតាម​ដាន​ជាបន្តទៀតជុំវិញ​បញ្ហានេះ។ ក្រសួង ក៏បាន​អំពាវនាវឲ្យ​ពលរដ្ឋរាយការណ៍​ទៅកាន់ស្ថាប័នរបស់ខ្លួន​ ប្រសិន​បើពួកគាត់​ជួប​ឬប្រទះឃើញឱសថទាំង៤ប្រភេទ​ខាងលើចរាចរណ៍ តាមរយៈទូរស័ព្ទ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០ និង​ ០១៧ ៨៦៦ ៧៦០៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ