អតីតមេបក្សប្រឆាំង និងអ្នកវិភាគជួបគ្នាក្នុងសន្និសីទមួយនៅកូរ៉េខាងត្បូង

លោក សម រង្ស៊ី មកដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបជាមួយពលករ និស្សិត និងយុវជនខ្មែរ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Sam Raingsy

លោក​ សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ ថ្លែង​ក្នុង​សន្និសិទ​ក្នុង​ទីក្រុង​ក្វាងជូ ប្រទេសកូរ៉េខាងត្បូង នៅល្ងាចថ្ងៃសុក្រ​ ទី១៩ ខែ​មេសា​នេះ ថា ជំនួបនៅ​កូរ៉េខាងត្បូងនេះនឹង​នាំ​ឲ្យ​មានការ​ពិភាក្សា​អំពី​ផែនការស្តារ​សេរីភាព​ យុត្តិធម៌ និងការ​រីកចម្រើននៅក្នុង​ប្រទេសកម្ពុជា។

លោក​ សម​ រង្ស៊ី​​ មានប្រសាសន៍ថា៖ «​ការ​មកជួប​ជុំ​របស់​យើង​នៅ​ថ្ងៃនេះ​ និង​ថ្ងៃស្អេក នៅទីក្រុង​ក្វាងជូ នឹងផ្តល់ឲ្យយើង​នូវ​ឱកាស​ដ៏ពិសេស ពិភាក្សា​អំពី​ផែនការ​របស់យើង ដើម្បីធ្វើ​ឲ្យ​សម្រេចបាននូវ​ក្តី​សុបិន្ត​របស់យើង ដើម្បី​បង្កើតនូវ​សង្គមកម្ពុជាមួយដែលមានសេរីភាព​ យុត្តិធម៌ និងការ​រីកចម្រើន។»

លោក​ សម រង្ស៊ី អតីត​មេដឹកនាំ និង​អតីតមន្រ្តី​គណបក្ស​សង្រោះជាតិ​ច្រើន​រូបទៀត និងអ្នក​គាំទ្រក្នុង​ប្រទេសកូរ៉េខាងត្បូង​​ រួមនិង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​អ្នក​វិភាគ​បាន​បង្ហាញ​វត្តមាន​នៅក្នុង​សន្និសិទ​មួ​យ​ នៅទីក្រុង​ក្វាងជូ ដែល​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​រសៀល​ថ្ងៃ​សុក្រ​ ទី១៩ ខែ​មេសានេះ។

បើតាម​ទំព័រហ្វេសប៊ុក​របស់​លោក យឺម ស៊ីណន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្រ្គោះជាតិ​នៅ​ប្រទេសកូរ៉េខាងត្បូង ឲ្យ​ដឹង​ថា សន្និសីទ​នេះ​ធ្វើ​ឡើង​នៅថ្ងៃទី១៩ និង​ថ្ងៃទី២០ ខែ​មេសានេះ។ សកម្មជនគណបក្ស​សង្គ្រោះជាតិ​មួយចំនួន​ក៏អះអាង​ថា ក្រៅ​តែ​ពីចូលរួម​សមាជ​អ្នក​ប្រជាធិបតេយ្យ លោក​ សម រង្ស៊ី និងអតីតមន្រ្តី និងអ្នកគាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏នឹង​ធ្វើ​បាតុកម្មភ្លើង​ទៀន​ជាលើកទី២ផងដែរ។

ពលករខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេសកូរ៉េ​ខាង​ត្បូង​ប្រមាណជា​​ប្រាំពាន់នាក់​​ បាន​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំងនឹងការ​បោះឆ្នោត​នៅ​ប្រទេសកម្ពុជាកាលពី​ថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០១៨ គឺ​បួនថ្ងៃមុនពេល​​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិនមាន​វត្ត​មាន​គណកប្ស​សង្គ្រោះជាតិ។​

មន្រ្តី​​កម្ពុជាធ្លាប់​បាន​អះអាងថា​ ប្រជាពលរដ្ឋ​ខ្មែរ​​ប្រមាណ​ជាជាង​ប្រាំមួយម៉ឺននាក់​កំពុង​តែរស់នៅ​សាធារណរដ្ឋកូរ៉។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ ​ប្រហែល​ជា​​៤០០នាក់​ គឺ​ជា​និស្សិត​ដែល​ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េខាង​ត្បូង និង​ក្រៅពីនោះគឺជា​ពលករ​​ដែល​ធ្វើការនៅក្នុង​វិស័យ​សំណង់ កសិកម្ម និង​ឧស្សាហកម្ម​ខ្នាត​តូច​ និង​មធ្យម។

អ្នក​វិភាគនយោបាយនៅកម្ពុជាដែលកំពុង​រស់នៅ​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ ថ្លែងក្នុងសន្និសិទនៅក្នុង​ទីក្រុង​ក្វាងជូ ប្រទេសកូរ៉េខាងត្បូងនៅល្ងាចថ្ងៃសុក្រ​ ទី១៩ ខែ​មេសា​នេះ ដោយ​លើកឡើង​ថា ​មានតែ​​ប្រជាពលរដ្ឋ​ខ្មែរ​ទេ​ដែល​អាច​នឹង​ស្តារ​ប្រជាធិបតេយ្យនៅក្នុង​ប្រទេសឡើងវិញបាន។

លោក​មានប្រសាសន៍ថា៖ «តាម​រយៈ​សន្និសីទនេះ​ ខ្ញុំសូម​ផ្សព្វផ្សាយនូវ​សារទៅ​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេសកម្ពុជា និង​នៅ​គ្រប់ទីកន្លែង​នៅក្នុងពិភពលោក ដែលថា​ប្រទេស​ដែលក្រី​ក្រ​របស់យើង ពិត​ជាត្រូវ​ការ​យើង​ ឬ​អ្នក​ដែល​ចូលរួម​ក្នុង​គណបក្ស​នយោបាយឲ្យ​ក្រោ​កឈរឡើង​ទាំងអស់គ្នា រួម​ដៃគ្នា ដើម្បី​ឲ្យ​មានសម្លេង​ខ្លាំង ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ឲ្យ​មាន​ប្រជាធិបតេយ្យឡើងវិញ។»

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ដែល​ត្រូវ​បាន​អញ្ជើញ​ទៅ​ចូលរួមនៅក្នុង​សន្និសីទ​សន្តិភាព​ និង​សិទ្ធិមនុស្ស​ក្រុង​ក្វាងជូ ប្រទេសកូរ៉េ​ខាង​ត្បូង​ ប្រាប់​ VOD តាម​សារអេឡិចត្រូនិច ថា​ លោក​នឹង​ចូលរួម​នៅក្នុង​សន្និសីទ ​និង​សមាជ ​ដើម្បីជជែកពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាជម្លោះនយោបាយកម្ពុជា។ លោក​បន្តថា លោកក៏នឹង​ពិភាក្សាអំពីវប្បធម៌នយោបាយថ្មីសម្រាប់កម្ពុជាផងដែរ។​

លោក ​ព្រាប កុល មាន​ប្រសាសន៍ថា៖ «យើងនឹងជជែកគ្នាអំពីប្រធានបទនេះ នៅក្នុងសមាជអ្នកប្រជាធិបតេយ្យនៅថ្ងៃទី២០-២១ បន្ទាប់មក យើងរំពឹងថា នឹងមានក្តីសម្រេចមួយអំពីដំណោះស្រាយ។ ខ្ញុំរំពឹងថា សេចក្តីសម្រេចនៃសមាជ និងក្លាយជាឯកសារយោង និងជាត្រីវិស័យ ដើម្បីនាំទៅរកការបង្កើតយន្តការនានា ដែលស្វែងរកដំណោះស្រាយនយោបាយបច្ចុប្បន្នផង និងសម្រាប់ការបង្កើតវប្បធម៌នយោបាយថ្មីផង។»

យោងតាម​លោក​ ព្រាប កុល សមាជ​អ្នក​ប្រជាធិបតេយ្យដែល​លោក​ចូលរួមនោះ គឺជាវេទិកាសម្រាប់ការជជែកគ្នារវាងអ្នកប្រជាធិបតេយ្យដែលមានសមាសភាពជាអ្នកនយោបាយ សង្គមស៊ីវិល អ្នកវិភាគ និងបុគ្គលឯករាជ្យ។

សហភាព​អឺរ៉ុប​ កាលពី​ខែកុម្ភៈ ​ឆ្នាំ២០១៩នេះ​ បាន​ប្រកាស​រាប់​ថ្ងៃ​ថយក្រោយ​​លើ​វិធានការ​​របស់ខ្លួន​ ដែលអាច​ឈានទៅព្យួរ​ជា​បណ្តោះ​អាសន្ន​នូវប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA​ ពី​កម្ពុជា ​ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​រក​ឃើញថា​ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​។ ដូចគ្នា​នេះ​ដែរ​ សមាជិកសភា​​អាមេរិក​ក៏អះអាងដែរថា ពួកគេកំពុង​ជំរុញ​ច្បាប់​ឱ្យ​រដ្ឋបាល​ប្រធានាធិបតី​ ដូ​ណាល់​ ត្រាំ​ ផ្អាក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម ​GSP​​ ដោយសារ​ បញ្ហា​រំលោភសិទ្ធិ​មនុស្ស ​មិន​បើកផ្លូវ​ឲ្យ​អតីត​គណបក្ស​ប្រឆាំង​បាន​ដំណើរការ​ឡើងវិញ​ និង​ដោះលែង​លោក​ កឹម​ សុខា​ ជាដើម​។

ក្រុម​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ផ្នែក​ផលិតផល​កាត់ដេរ​ពី​កម្ពុជា​ បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ពួកគេ​អំពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ របស់​អឺរ៉ុប និង​ GSP របស់​អាមេរិក​។ ពួកគេលើកឡើងថា វានឹង​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​​កាត់​ដេរ​កម្ពុជា​ រួម​ទាំង​ពលរដ្ឋខ្មែរ​រាប់​លាន​នាក់​ដែល​ទទួលផល​ពី​វិស័យ​នេះ​។

លោក កឹម សុខា ប្រធានគណបក្ស​សង្រ្គោះជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ។ តុលាការ​កំពូល​ក្នុង​ប្រទេសកម្ពុជា បាន​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះជាតិ​កាលពី​ឆ្នាំ២០១៧។ មន្ត្រី​ជាន់​ខ្ពស់​របស់គណបក្ស​សង្រ្គោះជាតិ១១៨​នាក់​ ក៏ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​សិទ្ធិ​នយោបាយរយៈ​ពេល៥​ឆ្នាំផងដែរ។

លោក​ស្រី​ មូរ​ សុខហួរ អតីតអនុ​ប្រធានគណបក្ស​សង្រ្គោះជាតិ ​សរសេរ​ក្នុង​ទំព័រហ្វេសប៊ុក​របស់លោក​ស្រី​នៅ​ថ្ងៃនេះថា លោក​ សម រង្ស៊ី​នឹង​បន្ត​ដំណើរ​​មក​កាន់​ប្រទេសកម្ពុជាវិញនៅពេលឆាប់ៗនេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ លោក សុខ ឥសាន មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេនៅថ្ងៃនេះ ដោយ​លោក​ប្រាប់ថា​ជាប់រវល់។ ទោះ​យ៉ាងណា​​ សារព័ត៌មានក្នុង​ស្រុក​បាន​ដកស្រង់​សំដីរបស់លោកមក​ចុះផ្សាយថា​ ពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េចូលរួមមហាបាតុកម្ម ជាមួយបក្សប្រឆាំង អាចនឹងឈប់ទទួលបានទិដ្ឋាការ ទៅធ្វើការនៅកូរ៉េ បើសិនជាពួកគេជេរប្រមាថ និងប្រើពាក្យអសុរោះ មកលើរាជរដ្ឋាភិបាល ។

ពលរដ្ឋខ្មែរ​ដែលគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេសជប៉ុន​ក៏​បាន​ធ្វើ​បាតុកម្ម​ ជម្រុញទៅ​រដ្ឋាផិបាល​ជប៉ុនដកការគាំទ្រ​របស់ខ្លួន​ចំពោះការ​បោះឆ្នោត​នៅក្នុង​ប្រទេសកម្ពុជា​ផង​ដែរ កាលពី​ខែមិនា ឆ្នាំ២០១៨។ ​យោងតាម​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​ពលករខ្មែរ​ប្រមាណជា​៩០០០​នាក់​កំពុង​ធ្វើការ​នៅក្នុង​ប្រទេសជប៉ុន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ