លោក ស ខេង ថាការដឹកនាំរបស់លោក ហ៊ុន សែន មានកំហុសតែអាចកែបាន

លោក ហ៊ុន សែន និង លោក ស ខេង នៅក្នុងពិធីបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៧ (រូបពី AP)

លោក ស ខេង លើកឡើងថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បច្ចុប្បន្នមានកំហុសខ្លះមែន ហើយថា កំហុសទាំងនេះអាចកែសម្រួលបាន មិនធ្ងន់ធ្ងរដែលត្រូវឱ្យផ្តួលរំលំទេ។​

នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តព្រៃសម្លាញ ស្ថិតនៅក្នុងភូមិព្រៃសម្លាញ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងនៅថ្ងៃនេះ លោក ស ខេង អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព កុំចូលរួមធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។ លោកជំរុញឱ្យពលរដ្ឋដែលចង់ដូរមេដឹកនាំត្រូវធ្វើឡើងតាមការបោះឆ្នោត។​

លោក ស ខេង ទទួលស្គាល់ថា ការដឹកនាំរបស់លោកហ៊ុន សែន មានកំហុស តែអាចកែសម្រួលបាន មិនមែនធ្ងន់ធ្ងរដូចរបបខ្មែរក្រហមនោះទេ។​

លោក ស ខេង៖ «ការពិតសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី ខ្ញុំមិនបដិសេធថា មិនមានចំណុចខ្វះខាត ឬចំណុចសេសសល់ទេ ប៉ុន្តែ ចំណុចសេសសល់ ដែលយើងអាចកែបាន ដែលយើងខិតខំកែបាន។ វាមិនដល់ថ្នាក់ដែលយើងកែមិនបានដូចរបប ថារបប ប៉ុលពត ទៅចុះ ឬដូចរបបនានាកន្លងមកដែលធ្លាប់ជួបថា ត្រូវតែផ្តួលរំលំរបបហ្នឹង ដាក់របបថ្មី វាមិនដល់ថ្នាក់ហ្នឹងទេ។​ សូមគិតឱ្យបានឆ្ងាយ បើមិនចឹងទេ យើងនាំគ្នាថយក្រោយមិនដឹងប៉ុន្មានសិបជំហានទេ។​»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥។ ក្រោមការដឹកនាំរបស់លោក ត្រូវបក្សប្រឆាំង និងអ្នកឃ្លាំមើលមួយចំនួនថា មានការរំលោភសិទ្ធិមនុស្ស បំផ្លាញធនធានធម្មជាតិ ពុករលួយ និងធ្វើឲ្យសង្គមគ្មានយុត្តិធម៌ ជាដើម។

ប៉ុន្តែ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញធ្លាប់លើកឡើងថា ក្រោមការដឹកនាំរបស់លោក ធ្វើឲ្យប្រទេសជាតិស្គាល់សន្តិភាព និងរីកម្រើនជាងសម័យណាៗទាំងអស់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ