អាមេរិក-ចិន វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​ ជុំវិញ​ទំនាក់​ទំនងពាណិជ្ជកម្មជាមួយកម្ពុជា​

មេដឹកនាំអាមេរិក​លោក ដូណាល់ ត្រាំ និង លោក ស៊ី ជីនពីង ជួបគ្នាកាលពីថ្ងៃទី៨ខែកក្កដា ឆ្នាំ២០១៧ ក្រៅជំនួបG20 នៅក្នុងប្រទេសអាល្លឺម៉ង់(រូបពី AFP)

អាមេរិក និងចិន ដែលជាប្រទេសមហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​១ និងទី២​ ​ប្រើ​​​ពាក្យសម្តី​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក ជុំវិញ​ទំនាក់​ទំនង​ពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរជាមួយកម្ពុជា។

វាមិនមែនជាលើកទី១ទេ នៅក្នុងឆ្នាំ២០១៩នេះ ដែល​ប្រទេសមហាអំណាចទាំងពីរ​ឌឺដងផ្លែផ្កាឲ្យគ្នា​ជុំ​វិញ​បញ្ហាកម្ពុជា។ កាលពីចុងខែមករាកន្លងទៅ អាមេរិក បានលើកឡើងថា ​ក្រុម​ខ្មែរ​ក្រហម​បាន​ពឹង​ផ្អែក​យ៉ាង​ងប់ងល់​ទៅ​លើ​មហា​អំណាច​ធំ​មួយ ដែល​សំដៅ​ដល់​ប្រទេស​ចិន។ ជាការឆ្លើយតប ភាគីចិន​ បាន​រំលឹកថា​ ​រដ្ឋប្រហារ​ដែល​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្រ្គាម​រ៉ាំរ៉ៃ​អស់​រយៈពេល​យ៉ាង​យូរ​នោះ​ មិន​មាន​ទំនាក់​ទំនង​អ្វី​នឹង​ចិន​ទេ ប៉ុន្តែ​ មាន​ទាក់ទង​នឹង​ «CIA» របស់​អាមេរិក​។

ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​ បាន​សរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់​ខ្លួន​កាលពីថ្ងៃ​ទី​១៩ ខែមេសា ថា​ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។

ស្ថានទូតសហរដ្ឋអាមេរិក សរសេរបន្តថា៖ «​ប្រហែល ៨៧% នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឲ្យ​មានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។»

ជាការឆ្លើយតបស្ថានទូតចិនប្រចាំកម្ពុជា បាន​សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា​ អាមេរិកកំពុងតែ​បង្កបញ្ហាម្តងទៀតជាមួយនឹងអ្វី​ដែល​គេហៅថាឱនភាពពាណិជ្ជកម្ម។ ស្ថានទូតចិនទទួលស្គាល់ថា ​កម្ពុជាពិតជាបាន​នាំចូលនូវ​វត្ថុធាតុដើម និងគ្រឿងម៉ាស៊ីន​វាយនភ័ណ្ឌយ៉ាងច្រើន​សម្រាប់​ប្រើប្រាស់​ក្នុងវិស័យកាត់ដេរ ហើយ​នាំចេញ​ផលិតផលសម្រេច​ទៅ​កាន់​ប្រទេសផ្សេងៗទូទាំងសកលលោក ដែលក្នុងនោះក៏មាន​អាមេរិក និងសហភាព​អឺរ៉ុប​ផងដែរ។

ស្ថានទូតចិនប្រចាំកម្ពុជា បាន​លើកឡើងផងដែរថា ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្មនោះឡើយ។ ភាគីចិន ក៏បានរំលឹក​ពីការ​រួម​ចំណែក​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ននៅ​កម្ពុជារាប់​តាំង​ពី​ស្ពាន ផ្លូវ​ និង​ទំបន់​វារី​អគ្គិសនី ​ជាដើម ហើយដាក់ជាសំណួរត្រលប់​ទៅ​អាមេរិក​វិញ​ថា​ ប្រទេសនេះបាន​ជួយអ្វីខ្លះដល់កម្ពុជា​?

ស្ថានទូតមហាអំណាចកុម្មុយនីស្តមួយនេះ បាន​សរសេរលើទំព័រហ្វេសប៊ុករបស់​ខ្លួន​យ៉ាងដូច្នេះថា៖ «អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រទេសចិនបានកសាងផ្លូវចំនួន៣១ខ្សែ និងស្ពានចំនួន៨ សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង ៣,០០០គីឡូម៉ែត្រ។ ចុះតើសហរដ្ឋអាមេរិកវិញធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជាសម្រាប់វិស័យមួយនេះ? ចិនបានជួយកសាងស្ថានីយ៍វារីអគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង ៨០% នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា)។ ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ?»

គិត​ត្រឹម​ឆមាស​ទី​១​ នៃ​ឆ្នាំ​២០១៨​ ចិន​ ​ជា​ម្ចាស់​បំណុល​ធំ​បំផុត​របស់​​កម្ពុជា​ ដែល​មាន​ចំនួន​ដល់​ទៅ​ជិត ៧​ពាន់​លាន​ដុល្លារ​ ឬ​​បាន​កាន់​កាប់​ចំណែក​បំណុល​កម្ពុជា​ដល់​ទៅ​ជាង ៤២​ភាគរយ ក្នុង​ចំណោម​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស។

អ្នក​ជំនាញ​កិច្ច​ការអន្តរជាតិ​ និងសារ​ព័ត៌មានដែល​មាន​និន្នាការ​ទៅ​លោក​ខាង​លិច​​មួយ​ចំនួន​តែងតែលើកឡើងថា ​​ការ​ផ្ដល់​ប្រាក់​កម្ចីរបស់​ចិន​​ដល់​ប្រទេស​មួយ​ចំនួនមាន​លក្ខណៈជាអន្ទាក់បំណុល​​ ហើយចិនប្រើវា​ដើម្បីពង្រីក​ឥទ្ធិពលរបស់ខ្លួន។ ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំងតែងតែ បដិសេធចោល​រាល់​ការ​ចោទប្រកាន់​ទាំងនេះ។

​​អ្នក​ជំនាញ​គោល​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ Occidental សហ​រដ្ឋ​អាមេរិក លោក អៀ សុផល បាន​ថ្លែងប្រាប់ ​វី.អូ.ឌី ថា​ អ្វីដែលស្ថានទូតអាមេរិក សរសេរលើទំព័រហ្វេសប៊ុក​របស់​ខ្លួន គឺ​គ្រាន់​តែចង់​បង្ហាញឲ្យឃើញ​​ពីការជៀសវាង និងការព្រងើយកន្តើយរបស់​អាជ្ញាធរ​កម្ពុជា និងចិន ក្នុងការ​និយាយពីទំហំ​នៃពាណិជ្ជកម្ម​រវាងប្រទេស​ទាំង​ពីរ។ លោកបន្តថា​ ចិននឹងក្លាយ​ជាដៃគូពាណិជ្ជកម្ម​ទី១ របស់កម្ពុជា ជាមួយនឹង​ទឹក​ប្រាក់​រាប់​ពាន់លាន ប៉ុន្តែ វា​​មានន័យ​តិចតួចណាស់សម្រាប់កម្ពុជា ដោយសារតែ​ ពាណិជ្ជកម្មនេះភាគច្រើនចិននាំចូលកម្ពុជា។

លោក បន្ថែមថា៖ «​គ្មានប្រទេសណាមួយរីកចម្រើន​ដោយសារតែមានគោល​នយោបាយសេដ្ឋកិច្ចផ្អែកលើការនាំចូល​នោះទេ។ មាន​តែសេដ្ឋកិច្ច​តម្រង់​ទិស​បែបនាំចេញ​តែប៉ុណ្ណោះ ទើបនាំមកនូវការអភិវឌ្ឍ។»

ជាមួយគ្នានេះ បើតាម​អ្នក​ជំនាញ​គោល​នយោបាយរូបនេះ ​ចិន ក៏​កំពុងប្រើឱកាស​ដើម្បីកេង​ចំណេញ​តាមរយៈការផ្ដល់​កម្ចីឲ្យកម្ពុជាក្នុងការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធនានាដែល​មានតម្លៃថ្លៃ។ លោក អៀ សុផល យល់ថា ក្នុងស្ថានភាព​បច្ចុប្បន្ននេះ កម្ពុជាគួរតែពិនិត្យមើលឡើងវិញនូវគោលនយោបាយ​សេដ្ឋកិច្ចរបស់ខ្លួន និងផ្លាស់ប្តូរទិសដៅពីកន្លែងដែលខ្លួនកំពុងធ្វើដំណើរឆ្ពោះទៅ​ ដើម្បី​នាំមកនូវសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកវិញ​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅបណ្ដាញ​ទំនាក់​ទំនងសង្គម​តេលេក្រាម កាលពីម្សិលមិញ​ថា ​ដោយសារកម្ពុជាជាប្រទេសតូច និងមានប្រជាជនតិចត្រឹមតែ​១៥ ទៅ​ ១៦លាននាក់​ ទំហំពាណិជ្ជកម្មនៅ​តិច បេីប្រៀបធៀបនឹងប្រទេសចិនដែលជាមហាប្រទេសដែលមានទំហំធំ និងមានប្រជាជនជាង១៥០០​លាននាក់ ទើប​កម្ពុជាមិនអាចរកតុល្យភាពពាណិជ្ជកម្មជាមួយប្រទេសនេះបាន​​ ។

លោក សុខ ឥសាន សរសេរបន្តថា៖ «តែក្នុងនាមជាមហាប្រទេស និងជាមហាមិត្តរបស់កម្ពុជា​ ប្រទេសចិនបានជួយកម្ពុជាឲ្យមានការរីកចម្រេីនលេីគ្រប់វិស័យ ​ហេដ្ឋារចនាសម្ព័ន្ធ ​ផ្លូវថ្នល់ ​ស្ពាន ​អគារសណ្ឋាគារ​ សំណង់ធំៗ ​សាលារៀន​ មន្ទីរពេទ្យ​ ទំនប់វារីអគិ្គសនីច្រេីនកន្លែង។ មានការដាក់ទុនវិនិយោគលេីគ្រប់វិស័យ ជាពិសេសវិស័យកាត់ដេរ ដែលនាំឲ្យយុវជនខ្មែរមានការងារធ្វេីរាប់លាននាក់​ កែប្រែជីវភាពរស់នៅដល់ក្រុមគ្រួសាររាប់លាននាក់នៅទូទាំងប្រទេស​។»

ទោះយ៉ាងណាក៏ដោយ អ្នកពាក្យបក្សកាន់​អំណាចរូបនេះ បាន​បញ្ជាក់ថា សម្រាប់ប្រទេសដទៃនៅលេីសកលលោក​ ក៏កម្ពុជាមានគោលនយោបាយយកជាមិត្តទាំងអស់ដោយ​ឈរលេីមូលដ្ឋានគោរពឯករាជ្យ ​អធិបតេយ្យភាព បូរណភាពទឹកដី និងមិនលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា​ជាដើម​។

យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧ ប្រទេសនេះ បាននាំទំនិញ​ចូល​ពីប្រទេសកម្ពុជាមានតម្លៃជាទឹកប្រាក់​ជាង៣០៦៦​លានដុល្លារ ខណៈដែល​ប្រទេសនេះនាំចេញ​ទៅកម្ពុជាមាន​ប្រមាណ​តែ​ជាង៤០០លាន​ដុល្លាប៉ុណ្ណោះ។

ដោយឡែកបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០១៧ កម្ពុជាបាន​នាំ​ចូល​ទំនិញ​ពីចិនមានតម្លៃ​ជាទឹកប្រាក់​សរុប​ជាង៥២៨៦លានដុល្លារ។​ រីឯតម្លៃទឹក​ប្រាក់ដែល​កម្ពុជានាំទំនិញ​ចេញ​ទៅចិន​មាន​​ជាង​៧៥៣លានដុល្លារ។

ទោះយ៉ាងណាក្តី អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​ខែមករា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា រូប​លោកផ្ទាល់ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនភីង បានប្ដេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​ដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ​ នៅ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ