លោក ស ខេង៖ គ្មាន​ផ្លូវ​ណា​ក្រៅ​ពីលទ្ធិ​ប្រជាធិបតេយ្យ​ដែលអាចឲ្យកម្ពុជារស់បាន

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពិធីដុតកម្ទេចចំណីអាហារខូចគុណភាព និងមានសារធាតុគីមីជាង១០០តោន នៅខេត្តកំពង់ស្ពឺ ថ្ងៃទី ១៤ ឧសភា ២០១៨ (រូបភាព៖ វេបសាយក្រសួងមហាផ្ទៃ)

រដ្ឋ​មន្ត្រី​ក្រសួងមហា​ផ្ទៃ លោក ស ខេង បាន​​អះ​អាង​នៅ​ថ្ងៃ​នេះ​ថា ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​មិន​បាន​ធ្លាក់​ចុះ​ដូច​ការ​រិះគន់​នោះ​ឡើយ ខណៈ​ដែល​លោក​លើក​ឡើង​អំពីការ​ផ្លាស់​ប្ដូរ​របប​គ្រប់​គ្រង​ជា​បន្ត​បន្ទាប់ និង​តម្លៃ​នៃ​សន្តិភាព​នៅ​កម្ពុជា​ផង​ដែរ។

ថ្លែង​ក្នុង​ពិធី​បុណ្យ​គ្រិស្ត​សាសនា​មួយ​ដែល​រៀបចំ​ឡើង​នៅ​ខេត្ត​បាត់ដំបង​នៅ​ព្រឹក​ថ្ងៃ​នេះ រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​នោះ បាន​លើក​ឡើង​ថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ និងនៅតែមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យដដែល។

លោក ស ខេង អះ​អាង​បែប​នេះ ដោយ​លោក​សំអាង​ថា​ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការចុះបញ្ជីអង្គការ សមាគម ជាង៥ពាន់​ស្ថាប័ន​ ការចូលរួមរបស់គណបក្សនយោបាយជាច្រើន ប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំការបោះឆ្នោតជាទៀងទាត់នៅក្នុងប្រទេស។

រដ្ឋ​មន្ត្រី​មហាផ្ទៃ​រូប​នេះ បាន​អះ​អាង​បែប​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ថា កម្ពុជាកំពុងតែដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងអព្យាក្រឹត្យភាពនៃទំនាក់ទំនងការទូតរបស់ខ្លួននៅលើឆាកអន្ដរជាតិ។

ក្នុងពិធីដដែល​នោះ លោក ស ខេង អះអាងបន្ដថា គ្មានផ្លូវណាក្រៅពីប្រជាធិបតេយ្យនោះទេ ដែលអាចធ្វើឲ្យកម្ពុជារស់បាន និងអាចកសាងសន្ដិភាពទៅថ្ងៃមុខ។

លោក ស ខេង ថ្លែងថា៖ «ប៉ុន្ដែ យោបល់ខ្ញុំថា លទ្ធិ​ប្រជាធិបតេយ្យទៅមុខ ពីព្រោះអ្វីក៏ដោយ វាតែងតែមានការប្រែប្រួល មានការវិវដ្ត។ អ៊ីចឹង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា វាអត់មានអីថយក្រោយទេ ហើយកំពុងតែទៅមុខ ពីព្រោះមូលដ្ឋានគ្រឹះសំខាន់ៗ វានៅតែមានទេ […] ខ្ញុំអាចនិយាយជាចុងក្រោយថា កម្ពុជា​គ្មានផ្លូវណាក្រៅពីលទ្ធិប្រជាធិបតេយ្យទេ ដែលអាចឲ្យកម្ពុជារស់បាន។»

យ៉ាងណាក៏ដោយ លោក ស ខេង ក៏បានថ្លែងព្រមានដល់អតីតក្រុមមេដឹកនាំបក្សប្រឆាំង ដែលលោកចោទថា ពួកគេមានចេតនាចង់បំផ្លាញសន្ដិភាពនៅកម្ពុជា។

សហគមន៍អន្ដរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានប្រកាសថ្កោលទោសការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា កាលពីខែកក្កដាឆ្នាំមុនថា មិនមានភាពសេរី ត្រឹមត្រូវ និងយុត្ដិធម៌នោះទេ ខណៈគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីតបក្សប្រឆាំងដ៏ធំ និងជាដៃគូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនោះ។

ក្រុមអង្គការអន្ដរជាតិ និងអង្គការធ្វើការលើផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សុទ្ធតែបានព្រមានពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ជាពិសេសនៅអំឡុងពេលបោះឆ្នោតថ្នាក់ជាតិកន្លងទៅ ដោយពេលនោះ អតីតបក្សប្រឆាំងត្រូវបានគេផាត់ចេញពីការបោះឆ្នោត សង្គមស៊ីវិលក្នុងស្រុកមួយចំនួនរងការចោទប្រកាន់ និងសារព័ត៌មានឯករាជ្យមួយចំនួនបានផ្អាកដំណើរការ ឬបិទការិយាល័យរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ