រដ្ឋាភិបាលបានសម្រេចផ្លាស់ប្ដូរ និងតែងតាំងអភិបាលខណ្ឌចំនួន ៣រូប ឲ្យចូលកាន់តំណែងនៅខណ្ឌចំនួន៣ ក្នុងនោះខណ្ឌចំនួន២ ទើបតែត្រូវបានរដ្ឋាភិបាលបង្កើតថ្មីនៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញ។
យោងតាមអនុក្រឹត្យចុះថ្ងៃទី២ ខែមេសា ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ រដ្ឋាភិបាលសម្រេចផ្ទេរភារកិច្ច លោក ព្រុំ សំខាន់ ដែលជាអភិបាលខណ្ឌចំការមន ឲ្យទៅបម្រើការនៅរដ្ឋបាលសាលារាជធានីភ្នំពេញ។
បើតាមអនុក្រឹត្យដដែលនេះ លោក ថេង សុថុល ត្រូវបានរដ្ឋាភិបាលសម្រេចតែងតាំងឲ្យកាន់តំណែងអភិបាលខណ្ឌមួយនេះ ជំនួសតំណែងលោក ព្រុំ សំខាន់។
បើតាមអនុក្រឹត្យដាច់ដោយឡែកមួយទៀតដែលចុះថ្ងៃទី២ ខែមេសាផងដែរ រដ្ឋាភិបាលក៏បានសម្រេចតែងតាំងលោក ធឹម សំអាន ឲ្យកាន់តំណែងជាអភិបាលខណ្ឌបឹងកេងកង និងតែងតាំងលោក ឃឹម ស៊ុនសូដា ឲ្យធ្វើជាអភិបាលខណ្ឌកំបូល ដែលជាខណ្ឌថ្មីទើបតែត្រូវបានបង្កើត។
ការសម្រេចផ្ទេរភារកិច្ច និងតែងតាំងអភិបាលនេះ គឺបន្ទាប់ពីរដ្ឋាភិបាលកាលពីដើមខែមករា បានសម្រេចបង្កើត ឬបំបែកខណ្ឌចំនួនពីរបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ គឺខណ្ឌ «បឹងកេងកង» ត្រូវបានកាត់ចេញពីខណ្ឌចំការមន និងខណ្ឌ «កំបូល» កាត់ចេញពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ៕