បំផ្ទុះ​​គ្រាប់​បែក​​ផ្ទុះ​​ជា​​បន្ត​​បន្ទាប់​​នៅ​​ស្រីលង្កា​​សម្លាប់​​មនុស្ស​​យ៉ាង​​តិច​​១៦០​​នាក់

វាយ​ប្រហារ​លើ​វិហារ និង​សណ្ឋាគារ​នានា​នៅ​ស្រីលង្កា បាន​សម្លាប់​មនុស្សជាច្រើននាក់ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩។ រូបថត៖ CNA/Reuters

មនុស្ស​ដល់​ទៅ ១៥៦​នាក់​ហើយ ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លាប់ ក្នុង​នោះ​មាន​ទាំង​ជន​បរទេស ៣៥​នាក់​ផង​ដែរ ក្រោយ​ការ​វាយ​ប្រហារ​ជាបន្ត​បន្ទាប់​សំដៅ​ទៅ​លើ​សណ្ឋាគារ និង​វិហារ​នានា​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​នៅ​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​អន្តរជាតិ។

ទីភ្នាក់ងារ​ព័ត៌មាន AFP របស់​បារាំង​ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​នគរបាល​ស្រីលង្កា បាន​ចុះ​ផ្សាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៤៥​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហា​ទៅ​លើ​សណ្ឋាគារ និង​វិហារ​នៅ​រដ្ឋ​ធានី​កូឡុំបូ នៅ​ថ្ងៃ​អាទិត្យ​នេះ។

បើ​តាម​សេចក្ដី​រាយការណ៍​ដដែល​នេះ មនុស្ស ៧៦​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​វិហារ​មួយ​ស្ថិត​នៅ​ភាគ​ខាង​ជើង​រដ្ឋ​ធានី​កូឡុំបូ ហើយ​មនុស្ស ២៥​នាក់​ទៀត បាន​ស្លាប់​នៅ​ក្នុង​វិហារ​មួយ​កន្លែង​ស្ថិត​នៅ​តំបន់ Batticoloa ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១៦០​នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​​ទៅ​លើ​វិហារ St. Anthony នៅ​ព្រឹក​ថ្ងៃ​នេះ​ផង​ដែរ។

ចំនួន​មនុស្ស​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា បាន​កើន​ឡើង​លើស​ចំនួន ៣០០​នាក់​ហើយ។

គ្មាន​ក្រុម​ណា​មួយ​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការវាយ​ប្រហារ​ទាំង​នេះ​ទេ ហើយ​ប្រធានាធិបតី​ស្រីលង្កា លោក Maithripala Sirisena បាន​បញ្ជា​ទៅ​កង​កម្លាំង​នគរបាល​ពិសេស និង​យោធា ឲ្យ​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ផែនការ​នៃ​ការ​វាយ​ប្រហារ​ដ៏​បង្ហូរ​ឈាម​នេះ។

បើ​តាម​ការ​ផ្សាយ​នៃ​សារព័ត៌មាន​អន្តរជាតិ​នានា សន្តិសុខ​នៅ​ក្នុង​ប្រទេស​ដែន​ដី​កោះ​មួយ​នេះ កំពុង​ត្រូវ​បាន​រឹត​បន្តឹង​នៅ​តាម​ព្រលាន​យន្តហោះ នៅ​ក្រោយ​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ