កម្ពុជារកឃើញជំងឺផ្ដាសាយបក្សី H5N6 ជាលើកដំបូងនៅខេត្តតាកែវ

កសិករ​ចិញ្ចឹមមាន់​ក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ អ្នកស្រី តែម ចាន់ហេង ឲ្យ​ចំណី​មាន់​ (រូបភាព៖ ទូច សុខា)

អង្គការ​សុខភាព​សត្វ​ពិភព​លោក បាន​ប្រកាស​ថា មន្ត្រី​កសិកម្ម​បាន​រក​ឃើញ​ករណី​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី H5N6 ជា​លើក​ដំបូង​នៅ​ក្នុងខេត្ត​តាកែវ ភាគ​ខាង​ត្បូង​​ប្រទេស​កម្ពុជា។

ក្នុង​ប្រព័ន្ធ​ព័ត៌មាន​របស់​ខ្លួន អង្គការ​សុខភាព​សត្វ​ពិភព​លោក បាន​បញ្ជាក់​ថា ស្ថាប័ន​មួយ​នេះ​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N6 ជា​លើក​ដំបូង​ពី​លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា​កន្លង​មក​ថ្មីៗ​នេះ។

បើ​តាម​អង្គការ​មួយ​នេះ ករណី​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N6 បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ហើយ​ត្រូវ​បាន​​បញ្ជាក់​អំពី​ករណី​នេះ​នៅ​រយៈ​ពេល ២​ថ្ងៃ​ក្រោយ​មក។

ស្ថាប័ន​សុខភាព​សត្វ​ពិភព​លោក​មួយ​នេះ បាន​ឲ្យ​ដឹង​ថា ករណី​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N6 នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បក្ស​ចិញ្ចឹម​​នៅ​ក្នុង​ផ្សារ​ដូនកែវ ស្ថិតក្នុង​ក្រុង​ដូនកែវ ខេត្ត​តាកែវ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​សុខភាព​សត្វ​ចិញ្ចឹម​ពី​សំណាក់​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ​សុខភាព​សត្វ​ពិភពលោក វីរុស H5N6 នេះគឺជាប្រភេទវីរុសដែលងាយចម្លងមេរោគខ្ពស់បំផុត ប៉ុន្ដែ អះអាងថា មិនមានមនុស្សណាម្នាក់បានឆ្លងមេរោគនេះនោះទេ។

សេចក្ដីប្រកាសព័ត៌មានបន្ដទៀតថា មន្ដ្រីជំនាញក៏បានមានវិធានគ្រប់គ្រង និងទប់ស្កាត់មួយចំនួន ពាក់ព័ន្ធនឹងការផ្ទុះឡើង នៃវីរុស​ប្រភេទ H5N6 នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ