លោក ហ៊ុន សែន ថាលោក ស ខេង មិនល្ងង់ធ្វើរដ្ឋប្រហារទម្លាក់លោកនោះឡើយ

នៅព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជូនដំណើរគ​ណ:​ប្រតិភូជាន់ខ្ពស់ដែលដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រា​ជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ​នៅប្រទេសឡាវ រយៈពេល២ថ្ងៃ ចាប់​ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨៕ រូបភាព៖ ក្រសួងមហាផ្ទៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា វាជារឿងដែលមិនអាចទៅរួចទេ​ ដែល​លោក ស​ ខេង ធ្វើរដ្ឋប្រហារទម្លាក់រូបលោក ដើម្បីយកអំណាចទៅឱ្យអ្នកដទៃនោះទេ​។

​ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ពីក្រុងប៉ោយប៉ែត នៅថ្ងៃនេះ លោក ហ៊ុន សែន បានផ្ញើសារទៅកាន់ដៃគូប្រឆាំងរបស់ខ្លួនថា អនុប្រធានគណបក្សរបស់ខ្លួន និងជា​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មិនល្ងង់ដល់ថ្នាក់ធ្វើរដ្ឋប្រហារ និងបក្សប្រហារទម្លាក់លោកចេញពីតំណែង ហើយយកអំណោចឱ្យមេបក្សប្រឆាំងនោះទេ។

លោកថា ការធ្វើរដ្ឋប្រហារណាមួយ នឹងនាំកម្ពុជាទៅរកវិបត្តិនៃសង្គ្រាមតែម្តង និងគ្មានឡើយសន្តិភាពសម្រាប់ប្រទេសមួយនេះ។

លោកមានប្រសាសន៍ថា៖ «ឥលូវយើងសាកគិតជាមួយគ្នាមើល! ឧបនាយករដ្ឋមន្ត្រីផ្តួលនាយករដ្ឋមន្ត្រី មានន័យស្មើនឹងអី? មានន័យស្មើនឹងរដ្ឋប្រហារ ចេះប្រើគេទៅរួច ហើយរដ្ឋប្រហារហើយយកអំណាចទៅឱ្យពីណា? យកអំណាចទៅឱ្យវា នឹកស្មានតែសម្តេចក្រឡាហោមល្ងង់ណាស់ទៅអី។ អ៊ីចឹង! មិនបាច់សម្តេចក្រឡាហោមឆ្លើយតបទេ ព្រោះយើងបានឯកភាពគ្នាហើយ ថ្ងៃមុនចូលទៅប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំថា មិនបាច់ឆ្លើយជាមួយវាទេ។»

កាលពីថ្ងៃទី១ ខែមេសា អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានបង្ហោះវីដេអូឃ្លីបមួយអមដោយសំណេរចោទជាសំណួរថា តើរវាងគូរប្រកួត លោក ហ៊ុន សែន និងលោក ស ខេង តើនរណាហ៊ានវាយមុន?

លោកសម រង្ស៊ីថា សម្រាប់បក្សសង្រ្គោះជាតិ គឺគាំទ្រលោក ស ខេង ពេញទំហឹងដើម្បីកម្ចាត់លោក ហ៊ុន សែន ដោយថា មន្ត្រីធំៗក្នុងជួរដ្ឋាភិបាលជាច្រើន គេមិនសប្បាយចិត្តនឹងត្រកូល ហ៊ុន ឡើយ ហើយពួកគេរង់ចាំតែឱកាសមកដល់ប៉ុណ្ណោះ។

លោកថា៖ «ឥលូវក្រុមគ្រួសារលោក ហ៊ុន សែន ដល់ទីបញ្ចប់ហើយ ចាំតែផ្ទុះទេបងប្អូនៗ។ ក្នុង​ប៉ុន្មាន នរណាហ៊ានវ៉ៃមុន យើងអត់មានកម្លាំងវ៉ៃទេ តែជឿថាគ្នាគេហ្នឹង នរណាវ៉ៃមុន អ្នកហ្នឹងឈ្នះហើយ។ កុំឱ្យគេវ៉ៃមុន តែគេវ៉ៃមុន អត់ស្រួលទេ។ ដូចក្រុម ស ខេង ឥលូវ ក្រុម ហ៊ុន សែន មើលមុខគ្នាអត់ចំទេ។ ត្រូវតែប្រាប់ពួកហ្នឹង ថានរណាទម្លាក់ ហ៊ុន សែន យើងគាំទ្រ មិនមែនឯកោទេ ហ៊ុន សែន ទៅវិញទេ ឯកោ ហើយកុំឱ្យ ហ៊ុន សែន វ៉ៃមុន វៃមុនទៅ។»

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការផ្លាស់ប្តូរណាមួយដែលនាំកម្ពុជាទៅរកអំពើហិង្សា ឬសង្គ្រាមនោះ នឹងនាំកម្ពុជាឱ្យដើរថយក្រោយទៅរកសម័យកាល​១០ ទៅ២០ឆ្នាំមុនវិញជាក់ជាមិនខាន។

លោកមានប្រសាសន៍ថា៖ «ជារឿងមួយដែលខ្មែរកុំនាំគ្នាយល់សប្តិ ក្នុងការដើរទៅរកការបង្កឱ្យមានអំពើហិង្សាជាបន្ត។ ការបង្កប្រឈមដាក់គ្នារវាងកម្លាំងប្រដាប់អាវុធ​ឡើងវិញ។ នេះជារឿងសំខាន់ដែលខ្មែរត្រូវបញ្ចៀសបាន ហើយការដោះស្រាយ ឬការផ្លាស់ប្តូរជាវិជ្ជមាន ដែលពលរដ្ឋទទួលយកបាន ទាំងគូបដិបក្ខអ្នកនយោបាយអាចទទួលយកបាន។ ហើយជៀសវាងនាំគ្នាបណ្តុះនូវវប្បធម៌​ទឹកឡើងត្រីស៊ីស្រមោច ខ្ញុំគិតថា នឹងធ្វើឱ្យមានភាពធូរស្រាលជាមួយគ្នាឡើងវិញ។»

លោកបណ្ឌិត មាស នី មើលឃើញថា ចាប់តាំងពីគណបក្សសង្រ្គោះជាតិត្រូវបានគេរំលាយចោលកាលពីចុងឆ្នាំ២០១៧ ស្ថានភាពនយោបាយបច្ចុប្បន្ន រដ្ឋាភិបាលប្រៀបដូចនឹងអូសរទេះឡើងភ្នំផងដែរ។

កាលពីថ្ងៃទី២០ ខែមេសា ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមួយក្នុងខេត្តព្រៃវែង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពកុំចូលរួមធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល។

​យ៉ាងនេះក្តី លោក ស ខេង ទទួលស្គាល់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បច្ចុប្បន្នមានកំហុសខ្លះមែន ហើយថា កំហុសទាំងនេះអាចកែសម្រួលបាន មិនធ្ងន់ធ្ងរដែលត្រូវឱ្យផ្តួលរំលំទេ ហើយកំហុសទាំងនោះក៏មិន​ធ្ងន់ធ្ងរដូចរបបខ្មែរក្រហមនោះដែរ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ