រដ្ឋាភិបាលព្រមានថា​ កម្តៅនឹងឡើង​ដល់​៤១អង្សាសេនៅ​សប្តាហ៍នេះ

ទិដ្ឋភាពនៅវាលស្រែមួយកន្លែង ស្ថិតក្នុងខេត្តតាកែវ។ រូបភាព៖ ណាត សុភាព / ១៣ ខែមីនា ឆ្នាំ២០១៩

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយមប្រកាសថា កម្តៅ​នៅក្នុង​ប្រទេសកម្ពុជា​នឹង​អាចឡើង​​ដល់​៤១អង្សាសេ ចាប់​ពី​ថ្ងៃទី២២​ ដល់​ចុងខែមេសានេះ។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងធនធាន​ទឹក​ និង​ឧតុនិយម​ចេញ​ថ្ងៃទី២២ ខែ​មេសា ឆ្នាំ២០១៩នេះ​ ឲ្យ​ដឹងថា បាតុភូត អ៊ែល នីណូ នៅ​តែ​មានឥទ្ធិពល ​និង​បន្ត​គ្រប​ដណ្តប់​លើប្រមាណពាក់កណ្តាលនៃ​ផែនដី។ សេចក្តី​ជូន​ដំណឹង​បន្ត​ថា​ សម្រាប់​ប្រទេសកម្ពុជា​ក៏​នៅ​តែ​បន្ត​ទទួល​រង​ឥទ្ធិពលនេះដែរ ដែលឥទ្ធិពលនេះ​នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​អតិបរមានៅកម្ពុជា​បន្ត​កើនឡើង​​ និង​អាច​ឈានដល់​៤០ ទៅ៤១អង្សាសេ ក្នុង​សប្តាហ៍នេះ។

សេចក្តី​ជូន​ដំណឹង​បន្ត​ដែរថា បាតុភូតនេះ​នឹង​ធ្វើ​ឲ្យ​ភ្លៀងកាន់តែខ្សោយ​ ហើយ​មាន​ខ្យល់​កន្ត្រាក់ បាតុភូតរន្ទះកើតឡើង​ញឹកញាប់ និង​មានឥទ្ធិពលខ្លាំង។

ក្រសួងធនធានទឹក​ និង​ឧតុនិយម​ក៏អំពាវ​នាវឲ្យ​ប្រជាពលរដ្ឋមានការ​ប្រុង​ប្រយ័ត្ន។ 

ក្រសួងធនធាន​ទឹក​ក៏​ជូន​ដំណឹង​ដល់​ប្រជាកសិករ​ដែរថា ឥទ្ធិពល អ៊ែល នីណូ នឹង​ធ្វើ​ឲ្យ​រដូវវស្សាមក​ដល់​យឺត​ជាង​ធម្មតា។ ក្រសួង​អំនាវ​ឲ្យកសិករពន្យារពេលចាប់​ផ្តើម​​ការ​ដាំ​ដុះ​ស្រូវ​រដូវវស្សា​ឆ្នាំនេះ​ ទៅ​សប្តាហ៍ទី៣ ខែ​ឧសភា ឆ្នាំ២០១៩។

តាម​ក្រសួង​ធនធានទឹក​ និ​ងឧតុនិយមឲ្យ​ដឹងថា កសិករ​តែ​ងតែ​ចាប់ផ្តើម​ធ្វើ​ស្រូវ​រដូវ​វស្សានៅ​បន្ទាប់ពី​បុណ្យ​ចូលឆ្នាំថ្មី​ចប់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ