នាយក​រដ្ឋមន្ត្រី​កម្ពុជា​​នឹង​​ចូល​រួម​​វេទិកា «ខ្សែ​ក្រវ៉ាត់​ និង​ផ្លូវ» លើក​ទី​២​នៅ​​ប្រទេស​ចិន​នៅ​ចុង​ខែ​មេសា​នេះ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយលោកប្រធានាធិបតីចិន ស៊ី ជីងពីង ក្នុងឱកាសចុះទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួង​ការបរទេស​ និង​​សហ​ប្រតិ​បត្តិការ​អន្តរជាតិ ឲ្យ​ដឹងនៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា តបតាមការ​អញ្ជើញ​របស់​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន នឹង​​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់កម្ពុជា​ ដើម្បី​ចូលរួម​នៅក្នុង​វេទិកា «ខ្សែក្រវ៉ាត់ និង​ផ្លូវ» លើកទី២​ សម្រាប់កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​កិច្ច​ប្រជុំ​សំខាន់​ផ្សេងទៀត នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ចាប់ពី​ថ្ងៃទី២៥ ដល់​ថ្ងៃទី២៩ ខែមេសានេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​បន្ត​ថា ឧបនាយក​រដ្ឋមន្រ្តី​ ទេសរដ្ឋមន្រ្តី និង​រដ្ឋមន្រ្តីចំនួន​៨រូប ​​នឹង​ចូលរួម​នៅក្នុង​វេទិកានោះផងដែរ ដែល​រួមមាន​ លោកឧបនាយក​រដ្ឋមន្រ្តី​ ហោ ណាំ​ហុង លោក​ ឧបនាយក​រដ្ឋមន្រ្តី​ ប្រាក់​ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ លោក ឧបនាយក​រដ្ឋមន្រ្តី​ អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ​​និង​ហិរញ្ញ​វត្ថុ លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល រដ្ឋ​មន្រ្តី​ក្រសួង​សាធារណ​ការ​ និង​ដឹកជញ្ជូន លោក វេង សាខុន រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ លោក ប៉ាន សូរស័ក្តិ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ លោក ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួង​សុខាភិបាល លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ និង​សមាជិក​រដ្ឋា​ភិបាល​ផ្សេងទៀត។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ដដែលនេះឲ្យ​ដឹងដែរថា នៅ​ក្នុង​វេទិកានោះ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ក៏​នឹង​ថ្លែង​សុន្ទរកថា​អំពី​មូល​បទ​​របស់​វេទិកា «កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវ៉ាត់​និង​ផ្លូវ អំពីការ​បង្កើត​ជោគវាសនា​ដ៏​ត្រចះ​ត្រចង់» និង​ការ​ជម្រុញ​ការតភ្ជាប់ ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់ការ​រីកចម្រើន។ សេចក្តី​ប្រកាស​បន្ត​ថា​ លោក​នាយក​រដ្ឋមន្រ្តី​ក៏នឹង​ចូលរួម​នៅក្នុង​ពិធី​បើក​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ២០១៩ និងសម្ពោពន្លាជាតិ​របស់កម្ពុជា

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នឹង​ជួ​ប​ទ្វេ​ភាគី​ជាមួយនឹង​ប្រធានាធិបតីចិន ស៊ី ជីនពីង នាយក​រដ្ឋមន្រ្តី​ចិន លី ឃឹឈាង និងលោក វ៉ាង ហ៊ុននីង ​សមាជិក​ការិយាល័យ​នយោបាយ និង​ជាលេខា​នៃលេខាធិការដ្ឋានបក្ស​កុម្មុយនីស្តចិន។ សេចក្តី​ប្រកាស​បន្ត​ថា​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ក៏នឹង​ជួប​ផង​ដែរជាមួយនឹង​​លោក លី យ៉ុង អគ្គនាយក​​អង្គការឧស្សាហកម្មអង្គការ​សហ​ប្រជាជាតិ និង​ជួប​ជាមួយនឹង​តំណាង​ក្រុមហ៊ុន​ចិន​មួយចំនួនទៀត។​ បើ​តាម​សេចក្តី​ប្រកាសព័ត៌មានដដែលនេះបញ្ជាក់​ទៀត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អាច​នឹង​មានការ​ចុះ​ហេត្ថលេខាលើ​ឯកសារមួយចំនួន​ស្តីពី​ជំនួយ​របស់​ចិន ព្រមទាំងគម្រោង​​កិច្ច​សហ​ប្រតិបត្តិការ​នានា។

គិត​ត្រឹម​ឆមាស​ទី​១ ​នៃ​ឆ្នាំ​២០១៨​ ចិន​ ​ជា​ម្ចាស់​បំណុល​ធំ​បំផុត​របស់​​កម្ពុជា​ ដែល​មាន​ចំនួន​ដល់​ទៅ​ជិត ៧​ពាន់​លាន​ដុល្លារ​ ឬ​​បាន​កាន់​កាប់​ចំណែក​បំណុល​កម្ពុជា​ដល់​ទៅ​ជាង ៤២​ភាគរយ ក្នុង​ចំណោម​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស។

អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​ខែមករា ដើមឆ្នាំ២០១៩នេះ  លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា រូប​លោកផ្ទាល់ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បានប្ដេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​ដល់​ចំនួន១០​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ។

នៅក្នុង​សប្តាហ៍មុននេះ អាមេរិក និងចិន ដែលជាប្រទេសមហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​១ និងទី២​ បានកំពុង​ប្រើ​​​ពាក្យសម្តី​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក ជុំវិញ​ទំនាក់​ទំនង​ពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរជាមួយកម្ពុជា។

ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​ បាន​សរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់​ខ្លួន​កាលពីថ្ងៃ​ទី​១៩ ខែមេសា ថា​ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ជាការឆ្លើយតបស្ថានទូតចិនប្រចាំកម្ពុជា បាន​សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា​ អាមេរិកកំពុងតែ​បង្កបញ្ហាម្តងទៀតជាមួយនឹងអ្វី​ដែល​គេហៅថាឱនភាពពាណិជ្ជកម្ម។

នៅ​ថ្ងៃច័ន្ទ​នេះ ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា​បាន​សរសេរ​សារមួយថ្មីទៀត​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន ដោយ​បាន​បង្ហាញអំពី​គម្រោង​មួយ​ដែល​ស្ថានទូតនេះ​អះអាង​ថា វា​ជាផ្នែកមួយនៃ​គោល​នយោបាយ​ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយរបស់ចិន​នៅក្នុង​ប្រទេស​អេក្វាឌ័រ។

ស្ថានទូតអាមេរិក​សរសេរ​ថា​៖ «ពីរឆ្នាំក្រោយ​ពីក្រុមហ៊ុន​សំណង់​រដ្ឋចិនបាន​សង់ទំនប់​​វារី​អគ្គីសនី​ដ៏ធំមួយ​នៅ​ប្រទេស​អេក្វាឌ័រ (Ecuador) ទំនប់​នេះ​ដូចជាគ្មាន​ដំណើរការ​សោះ។ សំណង់​គ្មានគុណភាព​ និងការ​មិនគិត​ពី​ស្តង់ដា​សុវត្ថិភាព មានន័យ​ថា​ កសិករ​នៅ​ផ្នែក​ខាងក្រោមត្រូវ​ទទួល​រង​ការ​ជន់​លិច​ជាញឹកញាប់»៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ