សមាជអ្នកប្រជាធិបតេយ្យ ជំរុញឲ្យគ្រប់ភាគីចូលរួមស្ដារប្រជាធិបតេយ្យតាមស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស

លោក សម រង្ស៊ី មកដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបជាមួយពលករ និស្សិត និងយុវជនខ្មែរ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Sam Raingsy

អង្គសមាជអ្នកប្រជាធិបតេយ្យដែល​ធ្វើនៅកូរ៉េខាងត្បូង បានអំពាវនាវទៅគ្រប់ភាគីទាំងអស់ជំរុញឲ្យរដ្ឋាភិបាលងាកទៅស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស។

ក្រុមអ្នកប្រជាធិបតេយ្យ អ្នកវិភាគ អង្គការសិទ្ធិមនុស្ស អតីតអ្នកទោសនយោបាយ ព្រមទាំងមានការចូលរួមពីអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី ផងនោះ បានរៀបចំសមាជមួយ នៅទីក្រុងក្វាងជូ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា។

ក្រោយបញ្ចប់សមាជនេះ ក្រុមអ្នកប្រជាធិបតេយ្យបានចេញសេចក្ដីសម្រេចមួយដោយស្នើទៅគ្រប់ភាគីទាំងអស់ រួមមាន គណបក្សនយោបាយ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មន្ដ្រីរាជការ និងអង្គការសង្គមស៊ីវិល ឲ្យចូលរួមសា្ដរ និងពង្រឹងលទ្ធិប្រជាធិបតេយ្យឡើងវិញ ស្របតាមរដ្ឋធម្មនុញ្ញ និងស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស។ បើតាមសេចក្ដីសម្រេច អង្គសមាជអ្នកប្រជាធិបតេយ្យក៏ស្នើទៅសហគមន៍អន្ដរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងក្រុមអង្គការអន្ដរជាតិ ឲ្យបន្ដជួយគាំទ្រពលរដ្ឋកម្ពុជា និងអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ដើម្បីធានាថា កម្ពុជាអនុវត្តតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។

សេចក្ដីសម្រេចបន្ដថា៖ «ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន គណបក្សនយោបាយ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ អង្គការសង្គមស៊ីវិល […] ចូលរួមយ៉ាងសកម្មបំផុត ក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ និងជំរុញឲ្យពង្រឹងប្រជាធិបតេយ្យឲ្យបានពេញលេញ និងត្រឹមត្រូវរដ្ឋធម្មនុញ្ញ និងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១»។

ក្រៅពីនេះ ក្រុមអ្នកប្រជាធិបតេយ្យក៏ទទូចឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចរចាជាមួយសហភាពអឺរ៉ុប និងសហគមន៍អន្ដរជាតិ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ និងបញ្ចៀសនូវទណ្ឌកម្មសេដ្ឋកិច្ច ដែលអាចធ្លាក់មកលើប្រទេសកម្ពុជា។ 

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការអំពាវនាវនេះថា ជារឿងដដែលៗ និងគ្មានប្រយោជន៍។ លោកថា រដ្ឋាភិបាលបច្ចុប្បន្នបានធ្វើត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីសរួចទៅហើយ។

លោកបន្ដថា៖ «វាដដែលៗទេ អត់ចាំបាច់ធ្វើអត្ថាធិប្បាយអីទេ។ ហើយចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ យើងអនុវត្តបានត្រឹមត្រូវតាមកិច្ចព្រមព្រៀង យើងបានរៀបចំការបោះឆ្នោត ដូច្នេះមានអីខុស? វាខុសតែអាប៉ុន្មាននាក់រត់ចោលស្រុកហ្នឹងតើ […] ដូច្នេះ គ្មានការចរចាទេ អាចរចាហ្នឹង គឺអាអ្នកដែលចាញ់ហ្នឹងទេដែលចង់ចរចា ប៉ុន្ដែ វាមិនហ៊ានចេញមុខ វាចង់ឲ្យរដ្ឋាភិបាលចរចាជាមួយអន្ដរជាតិ សួរថា អន្ដរជាតិណា​ចង់ចរចា។»

អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ប្រាប់ VOD ថា លោកស្រីនឹងពាំនាំសេចក្ដីសម្រេចនៃសមាជនេះ ដាក់ជូនទៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អង្គការអន្ដរជាតិ និងបណ្ដារដ្ឋាភិបាលនានា ដើម្បីដាក់សំពាធបន្ថែមទៀតមកលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឲ្យងាកទៅគោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញ។

លោកស្រីបន្ដថា សមាជនេះ គឺជាជំហានថ្មីមួយទៀតក្នុងបុព្វហេតុស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ បន្ថែមទៅលើគម្រោងមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី ដែលគ្រោងមកប្រទេសកម្ពុជានាពេលឆាប់ៗ ខាងមុខ។

លោកស្រីបន្ដថា៖ «យើងត្រូវតែឈរលើលទ្ធិប្រជាធិបតេយ្យពិតប្រាកដ មានន័យថា គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ លើកតម្កើងសិទ្ធិសេរីភាព។ ក្នុងសមាជនេះ យើងនឹងយកលទ្ធផលនេះដាក់ជូនទៅសហគមន៍អន្ដរជាតិនៅថ្ងៃនេះ យើងនៅក្វាងជូ […] នៅថ្ងៃស្អែក ខ្ញុំធ្វើទៅប្រទេសម៉ាឡេស៊ី ទីក្រុងកូឡាឡាំពួរ ដើម្បីយកលទ្ធផលនៃសមាជនេះជូនគេ។ បន្ដទៀត ខ្ញុំនឹងជួបសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក បន្ដបន្ទាប់ទៀត។»

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា សមាជរបស់ក្រុមអ្នកប្រជាធិបតេយ្យនេះអាចមានឥទ្ធិពលខ្លះដែរ ដោយថា វាអាចជួយជំរុញទឹកចិត្តអ្នកស្រឡាញ់ប្រជាធិបតេយ្យនៅក្នុងស្រុកឲ្យងើបឡើងវិញ។

ប៉ុន្ដែ លោកក៏រងចាំមើលផងដែរថា នឹងមានអ្វីប្រែប្រួលបន្ដទៀត បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចធ្វើវិសោធនកម្មច្បាប់ បើកផ្លូវឲ្យអតីតមន្ដ្រីបក្សប្រឆាំងមានសិទ្ធិចូលធ្វើនយោបាយវិញនោះ។  

លោកបន្ដថា៖ «ពិតជាមានឥទ្ធិពលហើយ វាមិនអាចអត់ទេ។ គ្រាន់តែសមាជអតីតគណបក្សប្រឆាំង២ធ្នូ នៅអាត្លង់តាឆ្នាំទៅ ក៏ជះឥទ្ធិពលពាក់ព័ន្ធនឹងការវិសោធនកម្មច្បាប់គណបក្សនយោបាយ ឲ្យទៅពួកអ្នកជាប់បំរាមនយោបាយ។ ការធ្វើវេទិកានៅកូរ៉េនេះ ក៏មានឥទ្ធិពលដែរ ក៏ជះឥទ្ធិពលដែរ គ្រាន់តែវិធានការដែលើកឡើងដោយបក្សកាន់អំណាចមិនទាន់មានជាផ្លូវការ។»

សមាជរបស់ក្រុមអ្នកប្រជាធិបតេយ្យនេះ គឺធ្វើឡើងស្របពេលសហគមន៍អន្ដរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានប្រកាសថ្កោលទោសការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា កាលពីខែកក្កដាឆ្នាំមុនថា មិនមានភាពសេរី និងយុត្ដិធម៌ ហើយកម្ពុជាក៏កំពុងទទួលរងការព្រមានដាក់ទណ្ឌកម្មផ្សេងៗ ជុំវិញការចោទប្រកាន់បញ្ហារំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។

ប៉ុន្ដែ រដ្ឋាភិបាលបានចាត់ទុកក្ដីកង្វល់ទាំងអស់នេះថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបំពានអធិបតេយ្យភាពរបស់កម្ពុជាទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ