កម្មករ​អំពាវនាវ​ទៅ​លោក​ ហ៊ុន សែន ជួយ​ដោះស្រាយ​ករណី​ម្ចាស់​ផ្ទះ​ជួល​តម្លើង​ថ្លៃ​

បន្ទប់ផ្ទះជួលមួយកន្លែងដែលគេហៅថា ផ្ទះ ឡ ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ រូបភាព៖ ហ៊ី ឆាយ

កម្មករ-កម្មការនី បានស្នើ​ទៅប្រមុខរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍ដោះស្រាយ ករណីម្ចាស់ផ្ទះជួលមួយកន្លែងតម្លើងថ្លៃ​បន្ទប់ ដោយថា វានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

កាលពីល្ងាចម្សិលមិញនេះ កម្មករ-កម្មការនី និងអ្នកជួលផ្ទះផ្សេងទៀតរាប់រយនាក់ដែលបានជួលបន្ទប់ផ្ទះជួលមួយកន្លែងដែលគេហៅថា ផ្ទះ ឡ ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានផ្ទុះការតវ៉ាបិទច្រកចេញចូល បន្ទាប់ពី​ម្ចាស់ផ្ទះជួលតម្លើងថ្លៃបន្ទប់ជួលពី៥ដុល្លារ ទៅ២០ដុល្លារបន្ថែមទៀត ក្រោយត្រឡប់ពីចូលឆ្នាំ។

អ្នកស្រី ស៊ុំ សីលា ដែលបានជួលបន្ទប់ក្នុងផ្ទះ​ឡ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា ម្ចាស់ផ្ទះជួលតម្លើងថ្លៃឈ្នួលបន្ទប់​ចំនួន​១០ដុល្លារបន្ថែម​ទៀ​ត​ ខណៈបន្ទប់ជាប់ផ្លូវមានបើកអាជីវកម្មលក់ដូរផ្សេងៗតម្លើង២០ដុល្លារ។

ករម្មការិនីរូបនេះ មិនចង់ឲ្យមានការឡើងថ្លៃខ្ពស់ឡើយ ដោយថា នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

អ្នកស្រីបន្ថែមថា៖ «ពីព្រោះខ្ញុំធ្វើការរោងចក្របានប្រាក់ខែបន្តិចបន្តួ​ច ណាចំណាយហូបចុក បង់ថ្លៃបន្ទប់ផង សងបំណុលគេផង អត់មានសត្ថមភាពបង់ទេ។ ចុះបើកូនបន្ទប់ប៉ុណ្ណឹង ២៦ដុល្លារទៅហើយ ចុះបើឡើង៥ដុល្លារទៀត មិន៣០ដុល្លារទៅហើយ! ខ្ញុំគ្មានសមត្ថភាពបង់ទេ។»

អ្នកជួលបន្ទប់ម្នាក់ទៀត លោក ស សារ៉េត និយាយថា រាល់ថ្ងៃលោកជួលបន្ទប់ក្នុងផ្ទះឡនោះតម្លៃ៤៥ដុល្លារ ប៉ុន្តែ ក្រោយចូលឆ្នាំ ម្ចាស់ផ្ទះជួលបានតម្លើងថ្លៃ១០ដុល្លារបន្ថែមទៀត បានធ្វើឲ្យពួកគាត់ជាពលរដ្ឋក្រីក្រជួបផលលំបាកមួយកំរិតទៀត។

កម្មកររូបនេះបន្តថា អ្នកដែលមកជួលបន្ទប់នៅក្នុងផ្ទះឡនោះ ភាគច្រើនជាកម្មកររោងចក្រមកពីតាមបណ្តាខេត្តនានាដែលមករកការងារធ្វើនៅភ្នំពេញ។

លោក បន្ថែមថា៖ «អ៊ីចឹង ខ្ញុំសុំសំណូមពរទៅម្ចាស់ផ្ទះកុំឲ្យឡើងថ្លៃខ្ពស់ពេក ព្រោះបន្ទប់៤៥ដុល្លារហ្នឹង វាថ្លៃទៅហើយ ព្រោះបន្ទប់ហ្នឹងតូចមួយហ្នឹង ការ៉ូក៏គ្មាន យើងដាក់គ្រែហ្នឹង។ ហើយបានជានិយាយជាមួយសារព័ត៌មានហើយ ខ្ញុំសុំស្នើទៅដល់រដ្ឋាភិបាលជាពិសេសសម្តេច ហ៊ុន សែន សុំឲ្យគាត់ជួយសម្របសម្រួលថ្លៃផ្ទះជួល ឲ្យគាត់ជួយមើលប្រជាពលរដ្ឋនៅផ្ទះជួលផង ព្រោះឡើងថ្នាក់ៗហ្នឹង ប្រជាពលរដ្ឋបានអីរស់។ សុំឲ្យគាត់ ដើម្បីជួយពលរដ្ឋកាត់បន្ថយភាពក្រីក្រ ភាពអត់ឃ្លាន បើគាត់ឡើងអ៊ីចឹងទៀត វាប៉ះពាល់ដល់កម្មករខ្លាំងមែនទែន។»

វី.អូ.ឌី បានព្យាយាម​រកការឆ្លើយតបពីភាគីម្ចាស់ផ្ទះជួលដែរ ប៉ុន្តែ មិនអាចរកការទំនាក់ទំនងបាន។

ចៅសង្កាត់ចោមចៅទី១ លោក កង វង មានប្រសាស៍ថា លោកជួបដោះ​ស្រាយជាមួយម្ចាស់ផ្ទះជួលនៅល្ងាចនេះ ខណៈម្ចាស់ផ្ទះជួលសុំពន្យារពេលកាលពីព្រឹកមិញ។

លោកបន្ថែមថា៖ «កាលពីព្រឹកមិញ គាត់ឯកភាពតាមយើងហើយ ថាមិនឡើងថ្លៃខ្ពស់។ ប៉ុន្តែគាត់ទូរស័ព្ទមកមិញហ្នឹង គាត់ប្រែពាក្យសម្តីបន្តិច ចាំមើលល្ងាចហ្នឹងយើងជួបគាត់ម្តងទៀតដើម្បីបញ្ចប់រឿងហ្នឹង ហើយផ្សព្វផ្សាយឲ្យកម្មករជួលផ្ទះហ្នឹង បានល្ងាចម៉ោងជាង៥ល្ងាចហ្នឹងតែម្តង។»

ចៅសង្កាត់រូបនេះឲ្យដឹងថា ផ្ទះឡបន្ទប់ជួលជាង១ពាន់បន្ទប់ និងមានមនុស្សរស់នៅរាប់រយនាក់ដោយអ្នកខ្លះរស់នៅរួមជាមួយមិត្តភក្ដិខ្លះ និងជាលក្ខណៈគ្រួសារខ្លះផងដែរ។

ប្រធានសហភាពការងារកម្ពុជា លោក អត់ ធន់ មានប្រសាសន៍ថា ពេលដែលប្រាក់ឈ្នួលកម្មករឡើងអតិផរណា អ្វីផ្សេងៗទៀតក៏ឡើងថ្លៃដែរ ហើយថា ប្រសិនបើផ្ទះជួលឡើងថ្លៃថែមទៀតកម្មករនឹងជួបការលំបាកកាន់តែខ្លាំង។

មេដឹកនាំសហជីពរូបនេះ ស្នើទៅរដ្ឋាភិបាលឲ្យជួលសម្របសម្រួលករណីនេះ និងយកច្បាប់ជួល​ផ្ទះមកអនុវត្ត ដើម្បីដោះស្រាយបញ្ហាជូនកម្មករ។

លោក បន្ថែមថា៖ «ខ្ញុំគិតថា ច្បាប់ស្តីពីផ្ទះជួលហ្នឹងមានហើយ។ ហើយរដ្ឋាភិបាលក៏សន្យាថា ជួយសម្របសម្រួល ដើម្បីឲ្យម្ចាស់ផ្ទះហ្នឹងរក្សាតម្លៃនៅដដែល។ អញ្ចឹង នៅពេលដែលម្ចាស់ផ្ទះឡើងថ្លៃបែបហ្នឹង គឺរដ្ឋាភិបាលត្រូវសម្របសម្រួលជាមួយម្ចាស់ផ្ទះ ព្រោះយើងមើលប្រាក់ឈ្នួលកម្មករមិនទាន់ឡើង គាត់ពិបាក ហើយពេលប្រាក់ឈ្នួលឡើងហ្នឹង អ្វីផ្សេងៗ អតិផរណាក៏ឡើង គាត់ក៏ពិបាក។ អញ្ចឹង នៅពេលបន្ថែមទៅលើថ្លៃផ្ទះទៀត បានន័យថា ដូចគាត់អត់ឡើងប្រាក់ឈ្នួលផងហ្នឹង អញ្ចឹងគាត់កាន់តែពិបាក។»

ច្បាប់​ភតិសន្យាពិសេស​ ឬ​ហៅ​ថាច្បាប់ជួល​ផ្ទះ​ នឹង​មិនអនុញ្ញាត​​ឲ្យ​ម្ចាស់ផ្ទះជួល​ដំឡើង​ថ្លៃ​ផ្ទះសម្រាប់​កម្មករ និស្សិត និង​សិស្ស​ ដែល​ជួលផ្ទះ ក្នុង​​អំឡុងពេល​​ពីរឆ្នាំនៃ​ការ​ជួល​ផ្ទះ​ និង​ផ្តល់សិទ្ធិ​ឲ្យ​អ្នក​ជួល​ផ្ទះអាច​ឈប់ជួល​ពេលណាក៏បាន។​

មាត្រា១ នៃ​ច្បាប់ផ្ទះជួល​ ចែង​ថា ​ច្បាប់នេះ​មាន​គោល​បំណង​ធានា​ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​របស់ភតិបតី (ម្ចាស់ផ្ទះជួល​) និង​ភតិកៈ ​(អ្នកជួលផ្ទះ) ដើម្បីស្ថិរភាព​ក្នុង​ជីវភាពរស់នៅ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយសាធារណៈ។ ច្បាប់ភតិសន្យាពិសេសនេះ​អនុវត្តចំពោះភតិកៈ​ជាកម្មករ សិស្ស និង​និស្សិត ដែល​ជួល​អចលនវត្ថុ​ក្នុង​គោល​បំណង​​​ស្នាក់​នៅ​​តែប៉ុណ្ណោះ ហើយ​អចលនវត្ថុ​ដែល​ជា​កម្មសិទ្ធិ​នៃ​ភតិ​សន្យា​ គឺ​ជា​បន្ទប់​ជួល​ស្នាក់នៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ