លោក ហ៊ុន សែន ​បញ្ជាឲ្យប្រុងប្រយ័ត្នពួកភេរវករយកកម្ពុជាជាគោលដៅវាយប្រហារ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បញ្ជាឲ្យកងកម្លាំងពង្រឹងសន្តិសុខ ដើម្បីទប់ស្កាត់កុំឲ្យកម្ពុជាក្លាយជាជំរកភេរវករ ខណៈមានការបំផ្ទុះគ្រាប់បែកនៅស្រីលង្កា ដែលបានសម្លាប់មនុស្សជាង៣០០នាក់ និងបង្កឲ្យរបួសជាង៥០០នាក់។

ក្នុងពិធីចែកសញ្ញាបត្រ ក្នុងរាជធានីភ្នំពេញ នាថ្ងៃនេះ លោក ហ៊ុន​ សែន បានថ្កោលទោសនូវទង្វើក្រុមអ្នកបំផ្ទុះគ្រាប់បែកនេះ។ លោកបញ្ជាទៅកងកម្លាំងគ្រប់ប្រភេទ ឲ្យពង្រឹងប្រសិទ្ធិភាពគ្រប់គ្រងការប្រើប្រាស់អាវុធជាតិផ្ទុះ ដោ​យថា ដើម្បីទប់ស្កាត់កុំឲ្យកម្ពុជាក្លាយជាជំរកពួកភេរវករ។

លោកថា៖ «ឃើញទឹកស្ងប់ មិនត្រូវគិតថា ក្នុងទឹកគ្មានត្រី ឬគ្មានសត្វដែលមានពិសនោះទេ។ ត្រូវប្រុងប្រយ័ត្នកុំឲ្យកម្ពុជា​ក្លាយទៅជាជម្រក ក្លាយជាគោលដៅនៃការវាយប្រហារភេរវកម្ម ឬក៏ជាជម្រកនៃអំពើភារវកម្ម។»

តាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ការវាយប្រហារបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យនៅប្រទេសស្រីលង្កាក្នុងវិហារគ្រឹស្តសាសនាចំនួន ៣ និងសណ្ឋាគារចំនួន៤ បានសម្លាប់មនុស្ស ៣២១ នាក់។ អាជ្ញាធរស្រីលង្កា អះអាងថា ជនសង្ស័យ៤០នាក់ ត្រូវបានចាប់ខ្លួនក្នុងករណីបំផ្ទុះគ្រាប់បែកនេះ ហើយកំពុងស៊ើបអង្កេតអ្នកនៅពីក្រោយការវាយប្រហារដ៏ឃោរឃៅនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ