មន្រ្តី​​ជាន់​​ខ្ពស់​ក្រសួង​មហាផ្ទៃ ថា​បទ​ល្មើស​​ជួញ​ដូរ​​មនុស្ស​ក្នុង​​ឆ្នាំ​​២០១៨​​ថយ​​ចុះ​​ តែ​​ជន​​ល្មើស​​​កើន​​ឡើង​

ការិយាលយ័ប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្នាននគរបាលរាជធានីភ្នំពេញ បានសហការបង្រ្កាបករណី លក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទធេី្វអន្តរការីនៃអំពេី ពពោះជំនួស នៅខណ្ឌឬស្សីកែវ ថ្ងៃទី២១ មិថុនា ២០១៨។ ហ្វេសប៊ុក៖ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន រាជធានីភ្នំពេញ

មន្ត្រីជាន់ខ្ពស់​​រដ្ឋាភិបាល​លើក​ឡើង​ថា​ ក្នុង​ឆ្នាំ​២០១៨ ​ការ​បង្ក្រាប​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​មាន​ការ​ថយ​ចុះ​ជាង​២០​ករណី ​ខណៈ​ជន​សង្ស័យ​នៃ​បទ​ល្មើស​មាន​ការ​កើន​ឡើង។

​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្ដីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​​ជួញ​ដូរ​មនុស្ស​ លោកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា ក្នុង​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវ​ភេទ​បាន ​១៣៤​ករណី ​ថយ​ចុះ​​​ ២៥​ករណី តែ​ចំនួន​ជន​សង្ស័យ​មាន​ការ​កើន​ឡើង​ពី​ ២០៣​នាក់​ នៅ​ឆ្នាំ​២០១៧ មក ​២២៤នាក់​ នៅ​ឆ្នាំ​២០១៨។

លោក​ស្រី​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា ជនរងគ្រោះ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​មាន​ចំនួន ​២៣០នាក់ ​ថយ​ចុះ ​១១៥​នាក់​ពី​ឆ្នាំ​២០១៧ ក្នុង​នោះ​ជនរងគ្រោះ​មាន​អាយុ​ក្រោម​អាយុ​១៥​ឆ្នាំ​ មាន ៩២នាក់ ពី​១៥​ ដល់​១៨​ឆ្នាំ ​មាន​ ២៣នាក់ និង​លើ​១៨​ឆ្នាំ​ មាន ​១១៥នាក់។

លោក​ស្រី​ ជូ ប៊ុន​អេង ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ក្នុង​ឆ្នាំ​២០១៨​ បទ​ល្មើស​ពរ​ពោះ​ជំនួស​មាន​ ២​ករណី ឃាត់​បាន​ជន​សង្ស័យ ​៨​នាក់​ ក្នុង​នោះ​មាន​ជន​បរទេស​ ១​នាក់ និង​ស្ត្រី​ពរ​ពោះ​ជំនួស​ចំនួន​ ៤៥​នាក់។

បើ​តាម​លោក​ស្រី ជូ ប៊ុនអេង រហូត​មក​ដល់​ពេល​នេះ​ជន​រងគ្រោះ​ពី​អំពើ​ជួញ​ដូរ​មនុស្ស​ចំនួន ​​៨៤៨​នាក់​ ស្ត្រី​ ៦៤៣នាក់ និង​កុមារ ១៦៩នាក់ កំពុង​ទទួល​សេវា​ស្នាក់​នៅ និង​នីតិសម្បទា​ពី​រដ្ឋ ខណៈ​មនុស្ស​ចំនួន​ ៣០៣​នាក់ ដែល​មាន​ស្ត្រី​ ២០៦នាក់ និង​កុមារា​ ៦៣​នាក់​ ត្រូវ​បាន​បញ្ជូន​ឲ្យ​ត្រលប់​ទៅ​កាន់​សហគមន៍​រស់​នៅ​របស់​ពួកគេ​វិញ​ផង​ដែរ៕ ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ