ក្រសួងយុត្តិធម៌ ផ្អាកមុខងារព្រះរាជអាជ្ញារងខេត្ដកំពង់ធំ ពាក់ព័ន្ធរឿងកាប់បំផ្លាញដីព្រៃលិចទឹក

ព្រះរាជអាជ្ញារងខេត្តកំពង់ធំ លោក ជា សុវណ្ណថេត។ រូបភាព៖ បណ្ដាញសង្គម

ក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្ដោះអាសន្ន​មុខងារព្រះរាជអាជ្ញារងខេត្តកំពង់ធំ លោក ជា សុវណ្ណថេត ពីបទផ្ដើមគំនិតឲ្យមានការកាប់បំផ្លាញ និងទន្ទ្រានឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង។

យោងតាមលិខិតចុះថ្ងៃទី២២ ខែមេសាម្សិលមិញ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានផ្អាកមុខងារជាបណ្ដោះជាអាសន្ន​ចំពោះលោក ជា សុវណ្ណថេត ដោយចោទថា ព្រះរាជអាជ្ញារងរូបនេះបានផ្ដើមគំនិតក្នុងអំពើកាប់ឆ្ការ និងឈូសឆាយដីព្រៃលិចទឹក និងព្រៃកោងកាង ដែលមានទំហំប្រមាណ១០ហិកតា​ នៅត្រង់ចំណុចបឹងអាត្រាព្រួល ភូមិទួលនាងសាវ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា។

ប្រធានរដ្ឋលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ធំ លោក វ៉ាន់ សេង ប្រាប់ VOD ថា ករណីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរ ហើយលោកសុំមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតនោះទេ។

លោក បន្ដថា៖ «អាចចេះទេដឹង! នៅមានការលាក់ការណ៍សំងាត់ខ្លះ ជាសិទ្ធិចៅក្រមស៊ើបអង្កេត លោកអាចយកព័ត៌មានពីចៅក្រមស៊ើបអង្កេតបានទូលំទូលាយជាសិទ្ធិរបស់គាត់។»

VOD បានព្យាយាមទាក់ទងចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក សេង ប៊ុនណា ប៉ុន្ដែ មិនមានអ្នកទទួល។

អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំនៅខេត្តកំពង់ធំ លោក សុខ រដ្ឋា ជំរុញឲ្យអាជ្ញាធរកម្ពុជា ជាពិសេសស្ថាប័នតុលាការ ត្រូវអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ប្រឆាំងនឹងជនល្មើស ដែលបានកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា មិនថា អ្នកនោះមានអំណាច ឬបុណ្យសក្ដិកម្រិតណានោះទេ។

លោក បន្ថែម​ថា៖ «អ្នកអនុវត្តច្បាប់ដែលមានតុលាការ សាលាឧទ្ធរណ៍ ឬតុលាការកំពូលត្រូវចាត់វិធានការចំពោះមន្ដ្រី ឬបុគ្គលឯកជនណាដែលបានប្រព្រឹត្តអំពើល្មើសច្បាប់ ឬផ្សំគំនិតណាមួយ ដើម្បីទុកជាគំរូដល់មន្ដ្រីផ្សេងទៀត ឬអ្នកមានអំណាចផ្សេងទៀត […] វាអត់មានអីលំបាកនៅក្នុងការចាត់វិធានការ សិក្សាស្រាវជ្រាវ ហើយស្វែងរកការពិត ហើយធ្វើការដោះស្រាយ។ ការដោះស្រាយទៀតសោត មិនមែនដោះស្រាយដើម្បីបញ្ចប់បញ្ហា ហើយរក្សាទុកជនល្មើសឲ្យនៅមានសេរីភាពនោះទេ។»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការផ្អាកជាបណ្ដោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងខេត្តកំពង់ធំរូបនេះ គឺដើម្បីឲ្យតុលាការអាចអនុវត្តនីតិវិធីស៊ើបអង្កេតរបស់ខ្លួនបាន មុននឹងឈានទៅចេញសេចក្ដីសម្រេចពាក់ព័ន្ធនឹងសំណុំរឿងនេះ។

លោក ជិន ម៉ាលីន ព្រមានថា  ព្រះរាជអាជ្ញារងខេត្តកំពង់ធំរូបនេះអាចប្រឈមទាំងទោសព្រហ្មទណ្ឌ និងវិធានការរដ្ឋបាល បើសិនតុលាការរកឃើញថា បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះ។

លោក បន្ដថា៖ «ប្រសិនបើតុលាការសម្រេចទៅ រកឃើញថា គាត់មានទោស មានកំហុស គឺគាត់ត្រូវទណ្ឌកម្មទាំងផ្នែករដ្ឋបាលផង និងទោសទណ្ឌផ្នែកព្រហ្មទណ្ឌផង។ ទណ្ឌកម្មរដ្ឋបាល គឺបានន័យថា មានការដកហូតមុខតំណែង លុបឈ្មោះគាត់ចេញពីក្របខណ្ឌ ហើយចំណែកទោសព្រហ្មទណ្ឌ គឺត្រូវអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ។»

កាលពីថ្ងៃទី៩ ខែមេសា អង្គការខុមហ្វ្រែលបានចេញផ្សាយរបាយការណ៍របស់ខ្លួន ដោយរិះគន់ថា រដ្ឋាភិបាលបានបានទទួលបរាជ័យនៅក្នុងការអនុវត្តគោលនយោបាយរក្សាផ្ទៃដីគម្របព្រៃឈើនៅក្នុងប្រទេស បន្ទាប់ពីរដ្ឋាភិបាលបានសន្យាទប់ស្កាត់បទល្មើសព្រៃឈើឲ្យខានតែបាន។

ចំណែក ធនាគារពិភពលោកក៏បាន​លើក​ឡើង​​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៧ ​ថា គម្របព្រៃឈើនៅ​កម្ពុជា​ បានថយចុះពីជិត ៦០ភាគរយ នៅឆ្នាំ២០០៦ មកនៅតិចជាង ៤៧ភាគរយ នៅឆ្នាំ២០១៤។

ប៉ុន្ដែ របាយការណ៍រដ្ឋាភិបាលចេញផ្សាយឆ្នាំ២០១១ ស្តីអំពី «ធនធានគម្របព្រៃឈើនៅកម្ពុជាឆ្នាំ២០១០» ឲ្យដឹងថា នៅឆ្នាំ១៩៦៥ គម្របព្រៃឈើកម្ពុជា មានប្រមាណ ៧៣ភាគរយ ហើយវាបានថយចុះមកនៅប្រមាណ ៥៧ភាគរយ នៅឆ្នាំ២០១០ ដែលការធ្លាក់ចុះនេះបណ្តាលមកពីកំណើននៃការប្រើប្រាស់ដីកសិកម្ម ពិសេសដីសម្បទានសេដ្ឋកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ