ភរិយាលោក ស៊ូ យាន ដែលជាអតីតសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំគណបក្សសង្គ្រោះជាតិ ហៅការចាប់ខ្លួនស្វាមីគាត់ថា ជារឿងនយោបាយ និងជាការគុំគួនពីសំណាក់រដ្ឋអំណាច ដោយថាប្តីគាត់មិនព្រមចុះចូលបក្សកាន់អំណាច ម្យ៉ាងប្តីអ្នកស្រីធ្លាប់រិះគន់រដ្ឋាភិបាលផង។
ភរិយាលោក ស៊ូ យាន គឺអ្នកស្រី ស្រី សៀត រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបរាប់ថា មុនការចាប់ខ្លួនស្វាមីគាត់ប៉ុន្មានថ្ងៃ គឺមានហេតុការណ៍ប្លែកៗកើតឡើងទៅគ្រួសារគាត់ ដូចជា មានជនមិនស្គាល់មុខមកគប់ផ្ទះរបស់អ្នកស្រី និងមានសមត្ថកិច្ចចុះមកឃ្លាំមើលគ្រួសារគាត់ ក្រោមហេតុផលមកសួររកអ្នកបេះម្រេច ឬសួររកផ្លូវ ជាដើម។
អ្នកស្រីបន្តថា៖ «ខ្ញុំថា មិនមានមូលហេតុអីទេ គឺមានតែរឿងបក្ស។ មានតែរឿងប៉ុណ្ណឹង ខ្ញុំគ្មានសត្រូវជាមួយពីណាទេ។ ចាស៎! រឿងនយោបាយ។»
លោក ស៊ូ យាន គឺជាអតីតអនុប្រធានទី១ គណៈកម្មការប្រតិបត្តិគណបក្សសង្រ្គោះជាតិ និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំបក្សប្រឆាំងមួយនេះផង។
លោកត្រូវបានសមត្ថកិច្ចខេត្តនេះ ចុះចាប់ខ្លួនកាលពីរសៀលថ្ងៃម្សិលមិញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តត្បូងឃ្មុំ លោក ឡុង ហុកម៉េង ដើម្បីសាកសួរតាមបណ្តឹងព្រហ្មទណ្ឌ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ តាមគណនីហ្វេសប៊ុកឈ្មោះ SU Yean កាលពីថ្ងៃទី២០ ខែមេសា។
អតីតមិត្តរួមការងាររបស់លោក ស៊ូ យាន មួយរូបថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បញ្ជាក់ថា លោក ស៊ូ យាន ជាមនុស្សសកម្មនឹងការងារសង្គម ពិសេសកាលពីបក្សប្រឆាំងនៅមានជីវិត លោកជាមនុស្សមានប្រជាប្រិយ្យភាពក្នុងបក្ស ព្រមទាំងមានការគាំទ្រច្រើនពីពលរដ្ឋក្នុងមូលដ្ឋាន។
លើសពីនេះ លោក ស៊ូ យាន ក៏ជាមនុស្សហ៊ានរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលឥតសំចៃមាត់ផងដែ។ អតីតមិត្តរួមការងារបក្សរូបនេះ យល់ឃើញថា ការចាប់ខ្លួនលោក ស៊ូ យាន ក៏ជារឿងនយោបាយដែរ។
នៅលើគណនីហ្វេសប៊ុក របស់លោក ស៊ូ យាន កាលពីថ្ងៃទី២០ ខែមេសា មិនឃើញមានការបង្ហោះសារអ្វីដែលជាការប្រមាថនោះទេ ប៉ុន្តែ ឃើញតែការចែករំលែកព្រឹត្តិការណ៍ព័ត៌មាន និងបទអត្ថាធិប្បាយមួយចំនួន ដូចជា ព្រឹត្តិការណ៍បាតុកម្មភ្លើងទៀនរបស់ក្រុមអ្នកប្រជាធិបតេយ្យនៅប្រទេសកូរ៉េខាងត្បូង។
ការចែករំលែកព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA វិទ្យុអាស៊ីសេរី និងមតិលើកឡើងរបស់សកម្មជនគណបក្សសង្រ្គោះជាតិ ជាដើម។
ប្រធានយុវជនស្រលាញ់សន្តិភាព លោក ប៉ាន់ខែម ប៊ុនថន ដែលជាដើមបណ្តឹងម្នាក់ក្នុងសំណុំរឿងនេះ អះអាងថា លោកប្តឹងលោក ស៊ូ យាន ក្នុងនាមតំណាងពលរដ្ឋដែលស្រលាញ់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកថា ភស្តុតាងដែលប្តឹងអតីតសមាជិកក្រុមប្រឹក្សាខេត្តបក្សប្រឆាំងរូបនេះ គឺលោកទទួលបានតាមរយៈប្រអប់សារ ឬ Messenger ដែលបញ្ជូនបន្តគ្នា ដោយមានសារប្រមាថលោក ហ៊ុន សែន និងអ្នកគាំទ្រលោកនាយករដ្ឋមន្ត្រីផង ប៉ុន្តែ លោកក៏មិនដឹងអំពីប្រភពសារជេរប្រមាថនោះដែរ។
លោក បន្តថា៖ «អាហ្នឹង ខ្ញុំឃើញបញ្ជូនបន្តៗ មកគ្នាមកទាំងអស់ ហើយមកដល់ដៃខ្ញុំៗ ប្រតិកម្មភ្លាមហ្មង។ បាទ! បញ្ជូនបន្តគ្នាទាំអស់ អត់មានមកពីណាទេ សំខាន់ខ្ញុំទទួលឃើញប៉ុណ្ណា ខ្ញុំយកប៉ុណ្ណឹងបង។»
លោក ប៉ាន់ខែម ប៊ុនថន ថាសារបែបនេះមានលក្ខណៈប្រមាថជ្រុលហួសហេតុពេក និងជាការញុះញង់ថែមទៀតផង ព្រមទាំងជាសារមួយដែលលោកមិនអាចទទួលយកបាន។
ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោក ចក់ សុខកៅ មានប្រសាសន៍ថា នគរបាលបានបញ្ចប់នីតិវិធីលើសំណុំរឿងអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ និងបានបញ្ជូលលោក ស៊ូ យាន ទៅស្ថាប័នតុលាការរួចហើយដែរកាលពីព្រឹកមិញនេះ។
លោកថា ការចាប់ខ្លួននេះធ្វើឡើងតាមដីការបស់តុលាការ បន្ទាប់ពីមានពលរដ្ឋអ្នកគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន២៥នាក់ មកពីខេត្តចំនួន៤ បានដាក់ពាក្យប្តឹងលោក ស៊ូ យាន ជុំវិញករណីនេះ។
លោក មានប្រសាសន៍ថា៖ «បាទ! គេកំពុងដំណើរការនីតិវិធី នៅអយ្យការ បង។ បាទ! អត់ទាន់ដឹងទេបង។»
កាលពីថ្ងៃម្សិលមិញ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ពីក្រុងប៉ោយប៉ែត លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានណែនាំមន្ត្រីរបស់ខ្លួនមិនឱ្យឆ្លើយឆ្លងជាមួយមេបក្ស ឬក្រុមបក្សប្រឆាំងឡើយ។
ក្រៅពីមិនឱ្យឆ្លើយឆ្លង លោកក៏បានណែនាំឱ្យមន្ត្រីទាំងឡាយរបស់ខ្លួនចាត់វិធានការកម្ចេចក្រុមប្រឆាំងមិនឱ្យងើបរួចទៀតផង។
លោកមានប្រសាសន៍ថា៖ «ខ្ញុំក៏មិនចាំបាច់និយាយអ្វីវែងឆ្ងាយដែរ ព្រោះបានណែនាំហើយ ងើបមួយវ៉ៃមួយ ងើបពីរវ៉ៃពីរ ចប់។ វាគ្មានរឿងអីកើតឡើងទេ តែក្រៅច្បាប់ហើយ ខុសច្បាប់ហើយ គឺដាក់ហើយ។ អាហ្នឹង គឺរឿងតែប៉ុណ្ណឹងទេ។»
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ឃើញថា ការចាប់ខ្លួនអតីតមន្ត្រីបក្សប្រឆាំងជាបន្តបន្ទាប់នេះ ជាលទ្ធផលនៃយុទ្ធសាស្ត្រតាមដានយ៉ាងដិតដល់ដែលរៀបចំឡើងជាប្រព័ន្ធពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីកម្ទេចបក្សប្រឆាំង ឬអ្នកប្រឆាំងណាដែលហ៊ានងើបតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
លោកបន្ថែមថា៖ «ព្រោះចំណុចជាអាទិភាពនៃអំណាចរបស់លោក ហ៊ុន សែន សព្វថ្ងៃ គឺការចេះប្រើល្បិចគ្រប់កល ក្នុងការសង្កត់អ្នកប្រឆាំង កុំឱ្យងើបឡើងបាន»។
ប្រធានការិយាល័យអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅលើបណ្តាញទំនាក់ទំនងសង្គម ឬប្រព័ន្ធអ៊ិនធឺណិតបច្ចុប្បន្ន គឺស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ហើយអ្នករងគ្រោះច្រើនជាងគេក្នុងការបញ្ចេញមតិនោះគឺ ក្រុមអ្នកគាំទ្របក្សប្រឆាំងតែម្តង។
លោកបន្ថែមថា៖ «ដូចជាករណីការចាប់ខ្លួនម្សិលមិញអ៊ីចឹង! ឃើញថា ទាំងអស់ហ្នឹងមិនមែនជាសាធារណៈទេ ប៉ុន្តែ គ្រាន់តែជាការផ្ញើសារមួយ ហើយប្រភពសារហ្នឹងអត់ដឹងចេញពីណាទេ ហើយទៅដល់ដៃមនុស្សម្នាក់ ហើយចាប់ផ្តើមធ្វើការប្តឹង។ អ៊ីចឹង យើងត្រូវគិតថា អ្វីជាការផ្សព្វផ្សាយសាធារណៈ? អ្វីជាការទំនាក់ទំនងបុគ្គល? អាហ្នឹងវាមានភាពខុសគ្នាអ៊ីចឹង។ អាហ្នឹង សេរីភាពនៃការបញ្ចេញមតិ គឺយើងមិនបានគិតគូរឱ្យបានត្រឹមត្រូវទេ។»
របាយការណ៍អង្គការលីកាដូ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤មក យ៉ាងហោចណាស់មានអ្នកប្រើប្រាស់បណ្តាញសង្គមជិត ២០នាក់ (១៧) ដែលត្រូវបានតុលាការចោទប្រកាន់ និងសម្រេចឃុំខ្លួនជុំវិញបទជេរប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើស បន្ទាប់ពីពួកគេបានបង្ហោះសាររិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាល៕