តុលាការ​ ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ពលរដ្ឋ​ដែល​តវ៉ា​បិទ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​៨​នាក់​

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ពលរដ្ឋបាននាំគ្នាតវ៉ាសាជាថ្មីដោយយកដុំថ្មធំៗ និងមែកឈើទៅដាក់បិទផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

តុលាការ​ខេត្ត​ព្រះសីហនុ​បាន​សម្រេច​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​អ្នក​តវ៉ា​បិទ​ផ្លូវ និង​ប្រើប្រាស់​ហិង្សា​ចំនួន​៨​នាក់ ​បន្ទាប់​ពី​ពួកគេ​បាន​តវ៉ា​បិទ​ផ្លូវ​សាធារណៈ​ និង​ឈាន​ដល់​ការ​គប់​ដុំ​ថ្ម​ប្រឆាំង​សមត្ថកិច្ច​កាល​ពី​ចុង​សប្ដាហ៍​មុន។ ​

អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ​លោក លឹម ប៊ុន​ហេង បាន​ឲ្យ​ VOD ដឹង​ថា ​អ្នក​តវ៉ា​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ស្រ្តី​ពីរ​នាក់​ដែល​បាន​បិទ​ផ្លូវ​ និង​ប្រើប្រាស់​ហិង្សា​មក​លើ​សមត្ថកិច្ច​ ត្រូវ​បាន​តុលាការ​ខេត្ត​សម្រេច​ចោទ​ប្រកាន់​​​កាល​ពី​ថ្ងៃ​ទី​២១ ខែមេសា ពី​បទ​រារាំង​ដើម្បី​ធ្វើ​ជា​ឧបសគ្គ​ដល់​ការ​ធ្វើ​ចរាចរណ៍​ផ្លូវ​គោក​តាមមាត្រា៨០ នៃ​​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា​២១៨ និង​៤១១​ នៃ​ក្រម​ព្រហ្មទណ្ឌ។ ​

លោក​ថា៖ «ករណី​ហ្នឹង​ដល់​ទី​បី(ករណី)​ ព្រោះ​ដល់​ទៅ​ពីរ​ថ្ងៃ ហើយ​ម៉ោង​ខុស​គ្នា ​កាលៈទេសៈ​ខុស​គ្នា ព្រឹត្តិការណ៍​កើត​ពីរ​ថ្ងៃ​ តែ​ជា​រួម​ទៅ​យើង​អាច​សរុប​បាន​ថា​ បទ​ល្មើស​នោះ​គឺ​ប្រហាក់​ប្រហែល​គ្នា​។»

កូន​ស្រី​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ​ធី សាលិ អ្នកស្រី សៅ ឡាលីន មាន​ប្រសាសន៍​ថា​ ការ​ចោទ​ប្រកាន់​មក​លើ​ម្ដាយ​របស់​អ្នកស្រី ​គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ​ដោយ​ថា ​ម្ដាយ​របស់​ខ្លួន​មិន​មាន​ពាក់ព័ន្ធ​នឹង​ដី​នោះ​ទេ ហើយ​ថ្ងៃ​កើត​ហេតុ​នោះ ​ម្ដាយ​អ្នក​ស្រី​គ្រាន់​តែ​ទៅ​មើល​ចៅ​របស់​ខ្លួន​ប៉ុណ្ណោះ​ និង​មិន​បាន​ចូល​រួម​តវ៉ា​នោះ​ទេ។

​​អ្នក​ស្រី​សៅ ឡាលីន៖ «បើ​គាត់​អត់​មាន​ដី​ក្នុង​ហ្នឹង​ផង អ្នក​ផ្សេង​បាតុកម្ម ​ខ្ញុំ​មិន​ថា​ទេ! តែ​ម្ដាយ​ខ្ញុំ ​គាត់​អត់​មាន​ជាប់​ពាក់​ព័ន្ធ​អី​ក្នុង​ហ្នឹង​ទេ។»

គ្រួសារ​របស់​ជន​ត្រូវ​ចោទម្នាក់​ទៀត​ឈ្មោះ នាម ជីម ​គឺ​អ្នកស្រី សាន សុខា បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​ប្ដី​អ្នក​ស្រី ដោយ​ថា​ នា​ថ្ងៃ​កើត​ហេតុ​នោះ ​ប្ដី​អ្នក​ស្រី​មិន​បាន​បិទ​ផ្លូវ និង​គប់​ទៅ​លើ​សមត្ថកិច្ច​នោះ​ទេ​។

អ្នក​ស្រី សាន សុខា៖ «គេ (​អ្នក​តវ៉ា​) ឲ្យ​ស្រីៗ​បំបុក​ចូល​ទៅ​ ហើយ​សមត្ថកិច្ច​ក៏​បាន​វាយ​ស្រីៗ ហើយ​ប្ដី​ខ្ញុំ​ក៏​ហក់​ទៅ​រង​ ព្រោះ​អី​សមត្ថកិច្ច​វ៉ៃ ​ខ្ញុំ​អត់​ដឹង​។ ដល់​ហើយ​ខ្ញុំ​ចេះ​តែ​ឆ្ងល់​សមត្ថកិច្ច​វាយ​ម៉េចច​បាន​ខ្ញុំ​មិន​ត្រូវ? ហើយ​ប្ដី​ខ្ញុំ​គាត់​ថា​ បើ​គាត់​យក​ដៃ​រង​ក្បាល​ខ្ញុំ​ហើយ​ហ្នឹង! ហើយ​ខ្ញុំ​នៅ​ពី​មុខ​គេ​ហ្នឹង ​គេ​ចេះ​តែ​បំ​បុក​ទៅ​ព្រោះ​គេ​រុញ។ ដល់​ពេល​ហើយ ​អញ្ចឹង​ប្ដី​ខ្ញុំ​ខឹង​សមត្ថកិច្ច​ដែល​វាយ​ខ្ញុំ​អញ្ចឹង​ទៅ។ ប្រុស​ៗ គេ​​កញ្ជ្រោលទៅ​​គប់​ហ្នឹង តែ​ប្ដី​ខ្ញុំ​គាត់​គ្រាន់​តែ​រើស​ដុំ​ថ្ម​ ដើរ​ឡើង​មិន​បាន​គប់​ទេ!។»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា​ សមាគម​មិន​គ្រាំ​ទ្រ​ការ​តវ៉ា​បិទ​ផ្លូវ​ និង​ប្រើប្រាស់​ហិង្សា​នេះ​ទេ តែ​អ្នក​ស្រី​ជំរុញ​ដល់​តុលាការ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​លំអិត​បន្ថែម​ទៀត ដោយ​ថា​ ពលរដ្ឋ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មួយ​ចំនួន​នោះ​មិន​មែន​ជា​អ្នក​ប្រព្រឹត្តិដូច​ការ​ចោទ​ប្រកាន់​​នោះ​ទេ។

អ្នក​ស្រី​ជៀប សុធារី៖ «អ្នក​ដែល​ធ្វើ​សកម្មភាព​ខ្លាំង​ក្នុង​ការ​តវ៉ា និង​រារាំង​ហ្នឹង​ មាន​អ្នក​ខ្លះ​រត់​បាត់​អស់​ហើយ! ហើយ​ចំពោះ​អ្នក​ដែល​ប៉ូលិស​ចាប់​ខ្លួន​គាត់​បាន ​ដោយ​សារ​តែ​គាត់​គិត​ថា​គាត់​អត់​បាន​ធ្វើ​អី​ខុស ​អញ្ចឹង​គាត់​អត់​បាន​រត់​ទៅ​ណា​ទេ។ […] នៅ​ពេល​ដែល​គេ (ប៉ូលិស) ចាប់​ខ្លួន​ពួកគាត់​ហ្នឹង ខាង​ព្រះរាជអាជ្ញា​រង​ ហួត​ វិចិត្រ​ ហ្នឹង​បាន​ហៅ​ប្រជាពលរដ្ឋ​ទៅ​និយាយ​ជា​មួយ​គ្នា​សិន អញ្ចឹង​ប្រជាពលរដ្ឋ​ក៏​ទៅ​ជា​មួយ​អញ្ចឹង​ទៅ​។ ទៅ​អង្គុយ​ក្នុង​រោង​ក្បែរ​ហ្នឹង​ទៅ​​ដើម្បី​ជជែក​គ្នា​អញ្ចឹង​ទៅ​ ពួកគាត់​ក៏​ត្រូវ​បាន​គេ​នាំ​ខ្លួន​ទៅ​ដោយ​ចោទ​ថា ​ពួកគាត់​ហ្នឹង​បាន​ប្រើ​ដុំ​ថ្ម បាន​ចូលរួម​ក្នុង​ការ​បិទ​ផ្លូវ​បិទ​អី​ហ្នឹង​។»

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ពលរដ្ឋ​ជាង​១០០នាក់​ បាន​បិទ​ផ្លូវ​តវ៉ា​ទៅ​នឹង​ការ​ចុះ​អនុវត្ត​សាលក្រម​តុលាការ​ដែល​សម្រេច​រុះរើ​សំណង់​អនាធិបតេយ្យ​របស់​ពួកគេ​ចេញ​ពី​ដី​ឯក​ជន​មួយ​កន្លែង​ក្នុង​ភូមិ​ចំណោត​រាម ឃុំបិតត្រាំង (អូរត្រាវ) ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ដែល​នៅ​ពេល​នោះ​បាន​ឈាន​ដល់​ការ​គប់​ដុំថ្ម​ប្រឆាំង​អាជ្ញាធរ​ និងបាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​៦​នាក់​រង​របួស​ធ្ងន់ស្រាល និង​ខូច​ខាត​រថយន្ត​៣​គ្រឿង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ