ក្រសួង​បរិស្ថាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ឈប់​ទន្ទ្រាន​ព្រៃ​យក​ដី​រដ្ឋ​

ទីតាំងដំណាំប្រជាពលរដ្ឋ រួមមាន ដើមស្វាយ ដើមធូរ៉េន និងដំណាំផ្សេងទៀត អស់ប្រមាណ២០០ដើម មន្ត្រីអង្គការវាយអេដ សហការជាមួយមន្ត្រីអាវុធហត្ថ និងមន្ត្រីក្រសួងបរិស្ថាន ចុះកាប់បំផ្លាញ ដោយថា ពលរដ្ឋទន្ទ្រានយកដីនៅតំបន់អភិរក្ស។​ (រូបភាព៖ Mother Nature Cambodia)

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់បោកមេខ្យល់ ហើយទៅកាប់ទន្ទ្រានព្រៃយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយក្រសួងបញ្ជាក់ថា នេះជាសកម្មភាពដែលខុសច្បាប់។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា ថ្លែងថា ស្របពេលដែលដីឡើងថ្លៃ មានមេខ្យល់មួយចំនួន​បានប្រើប្រាស់ប្រជាពលរដ្ឋជាខែល ដើម្បីកាប់ឆ្ការទន្ទ្រានយកដីរបស់រដ្ឋនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានា។ នេះបើតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការកាប់ព្រៃលើដីរបស់រដ្ឋនេះ ដែលអាចប្រឈមផ្លូវច្បាប់។​

លោក នេត្រ ភក្ត្រា៖ «​បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ សូមកុំចាញ់បោកមេខ្យល់ខិលខូច និងសូមកុំចូលរួមក្នុងសកម្មភាពរំលោភបំពានច្បាប់ ដែលនាំឱ្យមានការប្រឈមចំពោះមុខច្បាប់ ព្រោះគ្មានជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូរបានឡើយ។ »

​ក្រសួងបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធបានចាប់បញ្ជូនអ្នកញុះញង់ពលរដ្ឋឱ្យកាប់ព្រៃរបស់រដ្ឋបញ្ជូនទៅតុលាការកាត់ទោសបណ្តើរៗ និងបន្តស្វែងរកថែមទៀត។​

ក្នុងលិខិតរបស់ក្រសួងបរិស្ថានកាលពីខែកញ្ញា ឆ្នាំ២០១៨ បញ្ជាក់ថា មានការកាប់ព្រៃទន្ទ្រានយកដីព្រៃនៅតំបន់ឧទ្យានជាតិព្រះសីហនុ«រាម» ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ» តំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃស្រែពក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ