លោក ឌូតឺតេ ទុក​ពេល​១សប្តាហ៍ឲ្យ​កាណាដា​ដឹក​សំរាម​​ត្រលប់​ទៅវិញ​

ពលរដ្ឋហ្វីលីពីនម្នាក់កាន់ធុងដាក់សំរាមដែលកាណាដាយកមកចាក់ចោលដោយខុសច្បាប់នៅក្បែរកំពង់ផែម៉ានីល។ រូបភាព៖ វេបសាយបរទេស

លោក ឌូតឺតេ (Duterte) នៅថ្ងៃអង្គារម្សិលមិញ បានព្រមាន​ធ្ងន់​ៗទៅកាណាដា ដោយទុកពេល​មួយសប្តាហ៍ឲ្យប្រទេសនេះ ​យកសំ​រាម​ដែល​ដឹក​ចូល​ហ្វីលីពីន​ដោយខុសច្បាប់​ចេញ​ឲ្យអស់។

ការព្រមាន​ធ្ងន់​ៗរបស់​ប្រធានាធិបតី​ហ្វីលីពីនរូបនេះ ធ្វើឡើងក្រោយ​ពីកាណាដាបរាជ័យក្នុងការ​ដឹកត្រលប់​ទៅ​វិញ​នូវសំរាម២៥០០តោន​​របស់​ខ្លួន ​ដែល​ត្រូវបាន​លួចបន្លំដឹក​ចូល​មក​ចោល​នៅហ្វីលីពីនដោយខុសច្បាប់។

លោក​ ឌូតឺតេ លើកឡើង​ថា ​ប្រទេសកាណាដា​កំពុងចាត់ទុកហ្វីលីពីន​ជាប្រទេស​សម្រាប់​ចាក់​សំរាមរបស់​ខ្លួន​។ លោកថា បើកាណាដា មិនព្រម​ដឹក​សំរាម​ទាំងនោះត្រលប់​ទៅវិញទេ ហ្វីលីពីន នឹងធ្វើការឆ្លើយតប​ទៅវិញឲ្យបាន​ចាស់​ដៃ។

លោក បន្តថា ​វិធានការណ៍របស់​ហ្វីលីពីន គឺរៀបចំកប៉ាល់​ដឹកសំរាម​ទាំងនោះទៅ​ចាក់​ចោល​នៅកាណាដាវិញ។ តាម​រយៈវីដេអូឃ្លីបដែល​បង្ហោះលើគេហទំព័ររបស់​បណ្ដាញ​ទូរទស្សន៍សាធារណៈ​អូស្ត្រាលី SBS លោក ឌូតឺតេ បាន​ថ្លែងបែបចំអក​ទៅ​កាណាដា​ឲ្យរៀបចំទទួលសំរាម​ទាំងនោះ​ឲ្យបាន​គគ្រឹកគគ្រេងផង។ មិនត្រឹម​តែប៉ុណ្ណោះ ប្រធានាធិបតីហ្វីលី​ពីនរូបនេះ ក៏បានប្រាប់​ទៅកាណាដាផងដែរថា ឲ្យ​ញ៉ាំ​សំរាម​ទាំង​អស់នោះទៅ​បើ​ចង់។

សំរាម​ទាំងអស់​នោះ ត្រូវបាន​ដឹក​ចេញ​ពីប្រទេស​កាណាដាទៅ​ចោលនៅប្រទេស​ហ្វីលីពីន​ដោយក្រុមហ៊ុន​មួយនៅចន្លោះពីឆ្នាំ២០១៣ និង២០១៤។ ក្រុមហ៊ុន​ដែល​ដឹកសំរាម​ទាំងនោះ បាន​បន្លំ​ថា វា​ជាប្រភេទ​សំណល់​សម្ភារប្លាស្ទិកចាស់ៗ។ ប៉ុន្តែ តាមពិត​ទៅនៅក្នុង​កុងតឺន័រទាំង​១០៣ ដែល​ដឹក​ចូល​មកនោះគឺជាសំរាម​ផ្ទះបាយ និង​ខោ​ទឹក​នោម​មនុស្ស​ចាស់ដែល​ប្រើហើយ ជាដើម​។

តាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ Telesur ក្នុងចំណោមសំរាម​ទាំង១០៣កុងតឺន័រ មាន​តែសំរាម​២៦កុងតឺន័រប៉ុណ្ណោះ ដែលត្រូវបាន​កប់​ចោលក្នុងវាល​​ចាក់​សំរាម​របស់​ហ្វីលីពីន ក្រៅពី​នេះរក្សាទុក​ដដែល។​ រដ្ឋាភិបាល​កាណាដាក្នុងរយៈពេល​ពាក់​កណ្ដាលទសវត្សមកនេះ បានព្យាយាម​ម្តងហើ​យ​ម្តង​ទៀតឲ្យ​ហ្វីលីពីនព្រម​ទទួល​យកសំរាម​ទាំង​នោះ។ ទោះបីជាមានការបញ្ចុះបញ្ចូល​យ៉ាងណាក៏ដោយ ក៏​នៅឆ្នាំ២០១៦ តុលាការហ្វីលីពីនបាន​សម្រេច​ឲ្យដឹកសំរាម​ទាំងនោះ​ទៅកាណាដាវិញ។

ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសហ្វីលីពីនកាល​ពីឆ្នាំ២០១៧កន្លងទៅ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau អះអាងថា ប្រទេសលោកនឹង​ស្វែងរកដំណោះស្រាយរួមមួយ​ជុំវិញបញ្ហានេះ។ ប៉ុន្តែ ​រហូតមកដល់ពេល​នេះ សំរាម​ទាំង​នោះ​នៅតែ​ទុក​ចោល​ក្នុងកុងតឺន័រក្នុងប្រទេសហ្វីលីពីនដដែល​ ដោយ​មិន​មាន​ក្រុមហ៊ុន ឬភាគី​កាណាដាចេញ​មុខដឹក​ទៅវិញ​នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ