ធនាគារ​​ពិភព​លោក ​ព្រមាន​​ពី​​ហានិភ័យ​​នៃ​​ការ​​កាត់​​ផ្ដាច់​​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ ​EBA លើ​​កម្ពុជា​

អាគារទីស្ដីការគណរដ្ឋមន្ត្រី។ រូបភាព៖ ជន ចាន់រ៉ែន

ធនាគារ​ពិភព​លោក ​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​លើ​កម្ពុជា ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ត្រៀម​ជា​មុន​បន្ថែម​ទៀត​។

ក្នុង​ការ​ផ្សព្វផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិក​នា​ថ្ងៃ​នេះ ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា​ ការ​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ​ចំពោះ​កម្ពុជា​ វា​ទំនង​នឹង​ធ្វើ​ឲ្យ​កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​ថយ​ចុះ។ ​បន្ថែម​ពី​លើ​នេះ​ ដោយ​សារ​ កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​ពី​ចិន​នោះ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន​ក្នុង​កាលៈទេសៈ​ណាមួយ​នោះ ​វា​នឹង​ជះ​ឥទ្ធិពល​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។

​​​ក្នុង​របាយការណ៍​នោះ​លើក​ឡើង​ថា៖ «នៅ​ទី​បំផុត ការ​កើន​ឡើង​យ៉ាង​រហ័ស​នៃ​ការ​ហូរ​ទុន​ចូល​ និង​ការ​ផ្ដល់​ឥណទាន ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ទទួល​បាន​ការ​លូតលាស់​ខ្លាំង​កន្លង​មក​ នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ផង​ដែរ។»

ធនាគារ​ពិភព​លោក​បាន​ឲ្យ​ជា​យោបល់​ថា ​ក្នុង​ស្ថានភាព​បែប​នេះ ​កម្ពុជា​គួរ​មាន​វិធាន​ការ​ចាំ​បាច់​មួយ​ចំនួន​ ដូច​ជា ​រក្សា​បៀវត្សសាធារណៈ​កុំ​ឲ្យ​រីក​មាឌ​តទៅទៀត ត្រូវ​មាន​វិធានការ​ត្រៀម​ឆ្លើយ​តប​វិបត្តិ​ហិរញ្ញវត្ថុ​ និង​ដាក់​កំហិត​ដល់​ធនាគារ​ក្នុង​ការ​ផ្ដល់​កម្ចី​ឲ្យ​ផ្នែក​សំណង់​ រួម​ជា​​មួយ​នឹង​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ក្នុង​ពាណិជ្ជកម្ម ​ដែល​រួម​មាន​ ការកាត់​បន្ថយ​​ថ្លៃ​អគ្គិសនី និង​ថ្លៃ​ចំណាយ​ដឹក​ជញ្ជូន​ផង​ដែរ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ មានប្រសាសន៍ថា រដ្ឋាភិបាលមានវិធានការឆ្លើយតបមួយចំនួនរួចទៅហើយទៅនឹងការលើកឡើងខាងលើនេះ។

លោកថា៖ «តាមពិតការវាយតម្លៃរបស់គាត់ យើងមិនថាខុសថាត្រូវអីដែរ ហើយយើងក៏យល់ថា EBA វាមានប្រយោជន៍ដល់យើងពីមុនមកដែរ។ មិនថាអត់ទេ សូម្បីតែប្រមុខដឹកនាំក៏គាត់បានបញ្ជាក់ដែរថា មានប្រយោជន៍ចំពោះយើង។ ហើយយើងក៏បានត្រៀមនឹងមានវិធានការដើម្បីទប់ស្កាត់ ប្រសិនជាមានករណីហ្នឹងកើតឡើងផងដែរ។»

កាល​ពី​ខែ​មករា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ពី​វិធាន​ការ​ទប់​ទល់​នឹង​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា រួម​មាន​ ការ​ដក​កាំកុងត្រូល​ចេញ​ពី​ព្រំដែន ការ​លុប​ចោល​ស្ថាប័ន​នាវា​ចរ​កាំសាប និង​ការិយាល័យ​ក្រសួង​នៅ​​ថ្នាក់​ស្រុក​មួយ​ចំនួន ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី និង​ឈប់​យក​ពន្ធ​លើ​សហគ្រាស​កសិកម្ម​រយៈ​ពេល​៥​ឆ្នាំ​ ជា​មួយ​និង​វិធាន​ការ​សម្រួល​ដល់​ពាណិជ្ជកម្ម​មួយ​ចំនួន​ទៀត​​ដែល​ថា ​នឹង​ជួយ​ឲ្យ​កម្ពុជា​អាច​រស់​បាន ​បើ​ទោះ​បី​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​លោក​សេរី​ក៏​ដោយ​។

​​​លោក​មាន​ប្រសាសន៍​ថា៖ «យុទ្ធនាការ​ពង្រឹង​ឯករាជ្យ​របស់​កម្ពុជា មាន​ចំណុច​មួយ​ចំនួន​ អាច​នឹង​ជួយ​ឲ្យ​វិស័យ​ធុរៈកិច្ច​របស់​យើង ​បើ​ទោះ​បី​ជា​គ្មាន​ភាព​អនុគ្រោះ​ ក៏​កម្ពុជា​​នៅ​តែ​រស់!។

ទោះ​ជា​យ៉ាង​ណា ​អ្នកវិភាគ​នយោបាយ​នៅ​ក្រៅ​ប្រទេស​ លោ​ក គឹម​ សុខ​ មានប្រសាសន៍​ប្រាប់ VOD​ កាល​ពី​ថ្ងៃ​ទី​៨ ខែមេសា​ ថា ការ​ធ្វើ​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្លុក​លោកសេរី​ រួម​មាន EBA របស់​អឺរ៉ុប និង ​GSP របស់​អាមេរិក គឺ​ជា​ល្បែង​នយោបាយ​ដ៏​គ្រោះថ្នាក់​សម្រាប់​សង្គមជាតិ​ ដោយ​ថា ​កម្ពុជា​នឹង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​បំណុល​ចិន​កាន់​តែ​ធ្ងន់ធ្ងរ​។

លោក​ គឹម សុខ បន្ត​ថា​៖ «បើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ​ ហើយ​អាមេរិក​សម្រេច​ដក​ប្រព័ន្ធ GSP ​ពី​កម្ពុជា​។ ខ្ញុំ​យល់ថា​ ស្ថានភាព​ដ៏​លំបាក​របស់​កម្ពុជា​ក្លាយជា​ប្រទេស​ទទួលរង​អាណានិគម​បែប​ថ្មី​ក្រោមអំណាច​ត្រួតត្រា​របស់​ចិន​ ហើយ​ពលរដ្ឋ​ខ្មែរ​អាច​ធ្លាក់​ទៅក្នុង​ស្ថានភាព​វ័ណ្ឌក​ក្នុង​កម្ចី​របស់​ចិន​»។

ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​កម្ពុជា​ចេញផ្សាយ​កាលពី​ថ្ងៃ​២៦ ខែមីនា​ ក្រសួងសេដ្ឋកិច្ច​ឱ្យ​ដឹង​ថា​ គិត​រហូត​មក​ត្រឹម​ឆ្នាំ​២០១៨​ ម្ចាស់​បំណុល​ដែល​ធំ​ជាង​គេ​របស់​កម្ពុជា​ គឺ​ប្រទេស​ចិន​ដែល​គ្រប់គ្រង​បំណុល​ជិត​ ៥០ភាគរយ​ ដែល​មាន​តម្លៃ​ប្រមាណ ​៣​ពាន់ ​៤រយលានដុល្លារអាមេរិកនៃ​បំណុល​សរុប​ជាង​ ៧​ពាន់លានដុល្លារអាមេរិក​ ​។

​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ២០១៩នេះ​ ​សហភាព​អឺរ៉ុប​បាន​ប្រកាស​រាប់​ថ្ងៃ​ថយក្រោយ​​លើ​វិធានការ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA​ ពី​កម្ពុជា ​ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​រក​ឃើញ​ថា​ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យនៅ​ក្នុង​ប្រទេស​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ