អាវុធហត្ថលើផ្ទៃប្រទេសបញ្ជូនមន្ត្រីយោធាផ្កាយ១ និងភរិយាទៅតុលាការ ពាក់ព័ន្ធទទួលលុយផ្តល់តំណែង

លោក ឃួន សុវណ្ណ ជាឧត្តមសេនីយ៍ត្រី នាយករងអធិការកិច្ច អគ្គបញ្ជាការ និងអ្នកស្រី ប៉ុន ស៊ីណាត ហៅទ្រី ណាត។ រូបភាព៖ វេបសាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនមន្ត្រីយោធាផ្កាយ១ម្នាក់ និងភរិយា ទៅតុលាការយោធា ដោយសង្ស័យថា មន្ត្រីទាំងនោះជាប់ពាក់ព័ន្ធទៅនឹងអំពើឆបោក ទទួលយកប្រាក់ ដើម្បីរត់ការផ្តល់តំណែងក្នុងស្ថាប័នរដ្ឋ។

កាលពីថ្ងៃអង្គារម្សិលមិញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​ឃាត់ខ្លួនមន្ត្រីយោធាផ្កាយ១ម្នាក់ គឺលោក ឃួន សុវណ្ណ ជានាយរងអធិការដ្ឋាននៃអគ្គបញ្ជាការ និងភរិយា ជាមន្ត្រីក្រសួងការពារជាតិ តាមបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ។

មន្ត្រីនោះ រងការចោទថា បានសន្យាផ្តល់តំណែងជា​នគរបាល​ ទាហាន ​និងគ្រូបង្រៀន ជាដើម​ ជាថ្នូរនឹងការបង់លុយមុន។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យ VOD ដឹងនៅថ្ងៃពុធនេះ ថា ការឃាត់ខ្លួនមន្ត្រីយោធាផ្កាយ១ និងភរិយានេះ ក្រោយមន្ត្រីជំនាញ សាកសួរពលរដ្ឋជាដើមបណ្តឹងរួចមក។

ប៉ុន្តែ អ្នកនាំពាក្យរូបនេះ សុំមិនធ្វើអត្ថាធិប្បាយលម្អិត ថាតើមានពលរដ្ឋប៉ុ​ន្មា​​ននាក់បានប្តឹង និងទឹកប្រាក់ប៉ុន្មានសម្រា​​ប់ជាថ្នូររត់ការផ្តល់តំណែងនេះទេ ដោយបង្វែរឲ្យសួរទៅតំណាងអយ្យការ តែ VOD មិនអាចទាក់ទងតំណាងអយ្យការយោធាបាន។

លោកថា៖ «ករណីហ្នឹង យើងបានឃាត់ខ្លួនមនុស្សពីរនាក់ហើយ ទាំងឯកសារទាំងមនុស្សយើងបានបញ្ចូលទៅដល់អយ្យការហើយ ដូច្នេះ បើចង់សួរព័ត៌មានច្បាស់ សួរខាងអយ្យការ អញ្ចឹងខាងអាវុធហត្ថបានកសាងនីតិវិធីបានត្រឹមប៉ុណ្ណឹង»។

ប៉ុន្តែ បើតាមគេហទំព័រ Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល បានចុះផ្សាយថា ពលរដ្ឋជាច្រើនបានចាញ់បោកមន្ត្រី​យោធាផ្កាយ១ និងភរិយា ដែលបានចាប់ឃាត់ខ្លួននេះ ដោយថា៖

«ខ្លះចាញ់បោកចាប់ពី១៥០០ដុល្លារ រហូតដល់ជា​​ង​​៦០០០ដុល្លារ [….]។ បើទោះបីទំហំទឹកប្រាក់មិនទាន់អាចបញ្ជាក់ពិតប្រា​កដ ប៉ុន្ដែ ចន្លោះពី១០ ទៅ២០ម៉ឺនដុ​ល្លា​រ ដែលពួកគេបានបោកប្រាស់ពីប្រជាពលរដ្ឋ»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ហៅករណីនេះថា ជាអំ​ពើពុករលួយ និងចាត់ទុកថា ចំណាត់ការនេះជាសញ្ញាវិជ្ជមានឆ្ពោះទៅគាស់ឫសគល់នៃអំពើពុករលួយជាប្រព័ន្ធនៅរដ្ឋបាលសាធារណៈ បើវិធានការធ្វើឡើងសកម្មមិនប្រកាន់បក្ខពួក។

លោកថា៖ «ការរត់ការដើម្បីបានតំណែង ឬក៏ឡើងបុណ្យស័ក្តិនេះ ខ្ញុំគិតថា ជាអ្វីដែលត្រូវធ្វើឲ្យបានច្រើន ដើម្បីកុំឲ្យកើតនូវជំងឺសូកប៉ាន់តំណែងហ្នឹងតទៅទៀត»។

លោក សន ជ័យ អះអាងទៀតថា ករណីទទួលសំណូកនេះ ច្បាប់ចែងដាក់ទោសជាប់ពន្ធនាគារពី២ ទៅ៥ឆ្នាំ។

អង្គការ​តម្លាភាព​អន្តរជាតិ​ ​កាលពីឆ្នាំ២០១៨ បាន​ចេញផ្សាយរបាយការណ៍វាយតម្លៃ​មួយថា​ អំពើពុករលួយ​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ជាង​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​។

នោះក៏​ដោយ​សារការ​ធ្វើ​កំណែទម្រង់​ជាច្រើន​របស់រដ្ឋាភិបាលពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​អំពើពុករលួយ​ដែល​ត្រូវ​បាន​លើកឡើង​ដោយ​អ្នកជំនាញ​ផ្នែក​អភិបាលកិច្ច ​អ្នកជំនាញ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ​មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។

ទោះជាយ៉ាងណា រដ្ឋាភិបាលនៅអាណត្តិទី៦នេះ បានប្តេជ្ញាថា ខ្លួននឹងបន្តធ្វើ​កំណែទម្រង់​ដ៏​ស៊ីជម្រៅ​តាម​អភិក្រម​ទាំង៥ មាន ងូតទឹក​ ឆ្លុះកញ្ចក់​ ដុះ​ក្អែល​ ព្យាបាល​ និង​វះកាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ