អតីតសកម្មជន CNRP ខេត្តត្បូងឃ្មុំត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង

ស៊ូ យាន ជាអតីតសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំរបស់គណបក្សសង្គ្រោះជាតិ។ រូបភាព៖ ហ្វេសប៊ុក Su Yean

អតីត​សមាជិក​ក្រុម​ប្រឹក្សាគណបក្សសង្គ្រោះជាតិប្រចាំ​ខេត្តត្បូងឃ្មុំ លោក ស៊ូ យាន ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅឯពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាម បន្ទាប់ពីរងការចោទប្រកាន់ពីបទញុះញង់ និងជេរប្រមាថលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន តាមបណ្ដាញសង្គមហ្វេសប៊ុក។​

អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ លោក ផេង​ ជាង ប្រាប់ VOD ថា លោក ស៊ូ យាន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយបច្ចុប្បន្ន ចៅក្រមស៊ើបសួរកំពុងអនុវត្តនីតិវិធីរបស់ខ្លួន។ យ៉ាងណាក៏ដោយ លោកសុំមិនធ្វើអត្ថាធិប្បាយបន្ថែមលើសពីនេះនោះទេ។

លោកបន្ដថា៖ «ខ្ញុំសូមបញ្ជាក់ជូនត្រឹមថា លោក ស៊ូ យាន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ បច្ចុប្បន្ននេះ លោក ស៊ូ យាន ត្រូវបានចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនយកទៅពន្ធនាគារហើយ»។

លោកមេធាវី សំ សុគង់ ប្រាប់ VOD ផងដែរថា លោកទើបតែទទួលបានការស្នើសុំពឹងពាក់ធ្វើជាមេធាវីការពារនៅក្នុងសំណុំរឿងនេះពីសំណាក់ក្រុមគ្រួសារ បន្ទាប់ពីលោក ស៊ូ យាន ត្រូវបានគេចាប់បញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃអង្គារម្សិលមិញ។

ប៉ុន្ដែ មេធាវីរូបនេះមិនទាន់អាចបញ្ជាក់បានទេ ថាតើភស្ដុតាងអ្វីដែលតុលាការយកមកធ្វើជាមូលដ្ឋាននៃការចោទប្រកាន់នេះ ដោយសារលោកមិនទាន់ទទួលបានសំណុំរឿងទាំងមូល។ 

លោកបន្ដថា៖ «ខ្ញុំអត់ទាន់បានទៅជួបគាត់ទេ តែខ្ញុំនឹងទៅជួបគាត់ស្អែក ខ្ញុំអត់មានឯកសារហ្នឹងផង។ ប៉ុន្ដែ ខ្ញុំឃើញមានដីកាបញ្ជាឲ្យចូលខ្លួន ដែលចេញដោយព្រះរាជអាជ្ញា ហើយគេដាក់ជាបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋតាមរយៈការបង្ហោះព័ត៌មានតាមហ្វេសប៊ុក។ បាទ ខ្ញុំនឹងក្លាយជាមេធាវី ដោយសារក្រុមគ្រួសារបានធ្វើការពឹងពាក់»។

លោក ស៊ូ យាន គឺជាអតីតអនុប្រធានទី១ គណៈកម្មការប្រតិបត្តិគណបក្សសង្រ្គោះជាតិ និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំរបស់អតីតគណបក្សប្រឆាំង។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពី​រសៀលថ្ងៃអង្គារម្សិលមិញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាសាលាដំបូង ខេត្តត្បូងឃ្មុំ លោក ឡុង ហុកម៉េង ដើម្បីសាកសួរ ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមគណនីហ្វេសប៊ុកឈ្មោះ «SU Yean» កាលពីថ្ងៃទី២០ ខែមេសា។

ប្រធានយុវជនស្រលាញ់សន្តិភាព លោក ប៉ាន់ខែម ប៊ុនថន ដែលអះអាងថាជាដើមបណ្តឹងម្នាក់ក្នុងសំណុំរឿងនេះ ប្រាប់ VOD កាលពីម្សិលមិញថា លោកប្តឹងលោក ស៊ូ យាន ​ក្នុងនាមតំណាងពលរដ្ឋដែលស្រលាញ់លោក ហ៊ុន សែន។ លោកថា ភស្តុតាងដែលយកមកធ្វើជាសំអាងនៃការចោទប្រកាន់ គឺបន្ទាប់ពីលោកទទួលបានសារឯកជនរបស់លោក ស៊ូ យាន ដែលផ្ញើបន្ដគ្នាៗ តាមរយៈប្រអប់សារ ឬ Messenger។ លោកចាត់ទុកថា សារនេះ គឺជាការជេរប្រមាថធ្ងន់ធ្ងរដល់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងអ្នកគាំទ្របក្សកាន់អំណាច។

ប្រធានការិយាល័យអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត មើលឃើញថា នេះគឺការគំរាមកំហែងបន្ថែមទៀតមកលើក្រុមអ្នករិះគន់ ជាពិសេសអតីតមន្ដ្រីគណបក្សប្រឆាំង ដែលពួកគេបានបញ្ចេញមតិយោបល់តាមបណ្ដាញសង្គម ពាក់ព័ន្ធនឹងការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ។

លោក អំ សំអាត កត់សម្គាល់ថា ការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ឬជេរប្រមាថជាសាធារណៈ ដោយសំអាងទៅលើសារឯកជនដែលចែកចាយបន្ដគ្នាជាមូលដ្ឋាននេះ គឺរំលោភទៅនឹងគោលការណ៍ឯកជនភាពរបស់បុគ្គល ហើយវាក៏ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅលើបណ្ដាញសង្គមផងដែរ។

លោកបន្ដថា៖ «ការប្រមាថ ឬការបរិហារកេរ្តិ៍ជាសាធារណៈ ឬការញុះញង់ ទាល់តែធ្វើឡើងជាសាធារណៈ ប៉ុន្ដែ បើគាត់ចែកចាយក្នុងនាមមិត្តភក្ដិ ឬផ្ទាល់ខ្លួន មិនមែនហៅថា ការបរិហារកេរ្តិ៍ ឬក៏ញុះញង់ទេ ​[…] បើយើងនិយាយឲ្យចំទៅ វាតាំងពីរឿងសារសំឡេងម្ល៉េះ ព្រោះវាមិនមែនកំហុសអ្នកនិយាយទេ ខុសអ្នកដែលយកមកផ្សាយបន្ដទេ ហើយភាពឯកជនដូចគ្នា គេប្រើឯកជនរបស់គេ ហើយអ្នកយកទៅបង្ហោះបន្ដ អាហ្នឹងខុស ខុសអ្នកបង្ហោះនោះទេ»

បើតាមរបាយការណ៍អង្គការ​លីកាដូ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ យ៉ាងហោចណាស់មានអ្នកប្រើប្រាស់បណ្តាញសង្គមជិត ១៧នាក់​ ត្រូវបាន​តុលាការចោទប្រកាន់ និងឃុំខ្លួនជុំវិញការចោទប្រកាន់ពីបទជេរប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើស បន្ទាប់ពីពួកគេបានបង្ហោះសាររិះគន់​ថ្នាក់ដឹកនាំរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ