នាវាចម្បាំងរបស់បារាំងចូលទៅកន្លែងជម្លោះរវាងចិន និងតៃវ៉ាន់លើកដំបូង

នាវាបារាំងឈ្មោះ Vendemiaire កាលពីពេលមកទស្សនកិច្ចនៅកំពង់ផែ ម៉េត្រូម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។ រូបភាព៖ វេបសាយបរទេស

នាវាចម្បាំងរបស់បារាំងធ្វើសកម្មភាពដែលកម្រមួយ និងជាលើកដំបូង ចូលទៅផ្លូវទឹកយុទ្ធសាស្ត្ររបស់តៃវ៉ាន់នៅក្នុងខែមេសានេះ ធ្វើឱ្យមានការតានតឹងកាន់តែខ្លាំងជាមួយរដ្ឋអំណាចទីក្រុងប៉េកាំង។

នេះគឺជាលើកទី១ហើយ ដែលប្រទេសជាសមាជិកអឺរ៉ុបចល័តនាវាចម្បាំងទៅជិតប្រទេសចិនដែលបង្ហាញពីការទាមទារសេរីភាពនាវាចរណ៍លើដែនលំហសមុទ្រអន្តរជាតិ។ សកម្មភាពនេះក៏អាចធ្វើឱ្យសម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិក ដូចជា អូស្ត្រាលី និងជប៉ុន ជាដើម ធ្វើសកម្មភាពដូចគ្នានេះដែរ។​

​ការធ្វើសកម្មភាពចល័តនាវាចម្បាំងរបស់បារាំងនៅពេលនេះ ធ្វើឡើងស្របពេលដែលអាមេរិក និងចិន កំពុងតែប្រឈមមុខដាក់គ្នាជុំវិញបញ្ហាទំនាក់ទំនងជាមួយតៃវ៉ាន់ ដូចជា សង្គ្រាមពាណិជ្ជកម្ម ករណីអាមេរិកដាក់ទណ្ឌកម្មលើចិន បញ្ហាដាក់មូលដ្ឋានទ័ពនៅសមុទ្រចិនខាងត្បូង និងករណីអាមេរិកដើរតួនាទីល្បាតលើសមុទ្រអន្តរជាតិ ដែលធ្វើចលនានៅក្បែរៗចិន ជាដើម។​

អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោក Chen Chung-chi ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថាលំហសមុទ្រអន្តរជាតិមានតួនាទីសំខាន់ក្នុងការស្វាគមន៍នានារបស់ប្រទេសផ្សេងៗឆ្លងកាត់។​

រហូតដល់ថ្ងៃទី២៥ ខែមេសានេះ មិនទាន់មានប្រតិកម្មជាផ្លូវការណាមួយពីរដ្ឋអំណាចទីក្រុងប៉េកាំងនៅឡើយទេ។​

អតីតជំនួយការអចិន្ត្រៃយ៍របស់ក្រសួងការពារជាតិអាមេរិកប្រចាំតំបន់អាស៊ីខាងកើត លោក Abraham Denmark លើកឡើងថា នេះជាការវិត្តល្អដែលឆ្លុះបញ្ជាំងពីភូមិសាស្ត្រកាន់តែទូលាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។​

កាលពីខែមុន បារាំង និងចិន បានចុះហត្ថលេខាជាមួយគ្នាលើទឹកប្រាក់រាប់ប៊ីលានអឺរ៉ូ ក្នុងឱកាសដែលលោក ស៊ី ជីនពីង មេដឹកនាំចិនទៅបំពេញទស្សនកិច្ចនៅបារីស។ ប្រធានាធិបតីបារាំង លោក ម៉ាក្រុន ថ្លែងថា លោកចង់ពង្រឹងទំនាក់ទំនងជាមួយចិនទាំងផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យា។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ