ពលរដ្ឋ​ខេត្ត​​ព្រះសីហនុ​ ប្ដឹង​​អ្នក​​កាសែត​២​នាក់​​ទៅ​​តុលាការ​ ករណី​​ផ្សព្វផ្សាយ​​ព័ត៌មាន​​ជម្លោះ​ដីធ្លី​

លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នក​កាសែត​ឯករាជ្យ និង​ជា​ម្ចាស់​ផេក​ CPNTV-Online-Cambodia។ រូបភាព៖ ហ្វេសប៊ុក CPNTV Online Cambodia

តំណាង​ពលរដ្ឋ​ចំនួន​១៤៩​គ្រួសារ​ បាន​ដាក់​ពាក្យ​ប្ដឹង​អ្នក​កាសែត​ពីរ​នាក់ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ ​ដោយ​ថា ​អ្នក​ទាំង​៨​នាក់​នោះ​ បាន​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ​ក្នុង​ករណី​វិវាទ​ដី​ធ្លី​នៅ​ក្នុង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​។

ក្នុង​ពាក្យ​ប្ដឹង​ទៅ​កាន់​អយ្យការ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ តំណាង​ពលរដ្ឋ​ទាំង​១៤៩​គ្រួសារ លោក ម៉ន ស៊ីណា និង​លោក កែវ ឡេង បាន​ប្ដឹង​ទៅ​លើ​ប្រធាន​ក្លឹប​អ្នក​កាសែត​ឯករាជ្យ និង​ជា​ម្ចាស់​ផេក​ CPNTV-Online-Cambodia លោក ហ៊ុន សុខា និង​មនុស្ស​ចំនួន​៧​នាក់​ទៀត ​ពី​បទ​សមគំនិត​តាម​មាត្រា​២៩ បទ​ញុះញង់​អោយ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​តាម​មាត្រា​៤៩៥ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​តាម​​មាត្រា៤៩៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រុម​៥ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ត្រង់​ចំណុច​វត្ត​អូរដំរី ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា និង​ថ្ងៃ​ទី១៩ មេសា ឆ្នាំ​២០១៩។

ក្នុង​ពាក្យ​បណ្ដឹង​នោះ​ ពលរដ្ឋ​បញ្ជាក់​ថា ​ពលរដ្ឋ​ទាំង​១៤៩​គ្រួសារ​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​អ្នក​ស្រី​ ហ៊ឹម សុវណ្ណរី និង​ពលរដ្ឋ​ជាង​៣០០គ្រួសារ​ផ្សេង​ទៀត​ តាំង​ពី​ឆ្នាំ​២០១០ នឹង​ត្រូវ​បាន​ប្ដឹង​ទៅ​តុលាការ​ជា​បន្តបន្ទាប់ តែ​នៅ​ថ្ងៃ​ទី​២៩ ខែមីនា និង​១៩ ខែមេសា លោក ហ៊ុន សុខា និង​លោក ខៀវ ប៉ូឡូ បាន​ប្រើប្រាស់​បណ្ដាញ​សារព័ត៌មាន​របស់​ខ្លួន​ និយាយ​ផ្សាយ​​ញុះញង់​សាធារណជន​ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​៣២០​គ្រួសារ​ចូល​ទៅ​កាន់​កាប់​ដី​ទាំង​១៣៥​ហិតា ស្រប​ច្បាប់​របស់​ពួក​គេ​ និង​ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ​ថា ​ពលរដ្ឋ​ទាំង​១៤៩​គ្រួសារ​ គឺ​ជា​អ្នក​រំលោភ​បំពាន​ដី​អ្នក​ដទៃ​ទៅ​វិញ​ ខណៈ​ដែល​រឿង​ក្ដី​កំពុង​ដំណើរ​ការ​នៅ​តុលាការ​កំពូល​ដោយ​មិន​ទាន់​កាត់ក្ដី​នៅ​ឡើយ​នោះ។​​

ក្នុង​ពាក្យ​បណ្ដឹង​នោះ ​បន្ថែម​ថា​៖ «ករណី​ផ្សាយ​បំផ្លើស​ញុះញង់​ជា​សាធារណៈ​នេះ​ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​ភូមិ​៤ ក្រុម៥ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ និង​សាធារណជនដទៃ​ទៀត ​មាន​ការ​រើស​អើង ​គំនុំ​គ្នា ហើយ​​ប្រជាពលរដ្ឋ​ក្រោម​ការ​ញុះញង់​របស់​ឈ្មោះ ហ៊ុន សុខា។ ទាំង​៣២០​គ្រួសារ​ អាច​ប្រើ​ហិង្សា​ចូល​កាន់កាប់​ដី​ប្រជាពលរដ្ឋ​១៤៩​គ្រួសារ​ដែល​កំពុង​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។»

តំណាង​ពលរដ្ឋ​ទាំង​១៤៩គ្រួសារ​ លោក ម៉ន ស៊ីណា មាន​ប្រសាសន៍​ប្រាប់​ VOD បន្ថែម​ថា ​មូលហេតុ​ដែល​ពលរដ្ឋ​សម្រេច​ចិត្ត​ប្ដឹង​នេះ​ ដោយ​សារ​ លោក ហ៊ុន សុខា និង​បុគ្គិលិក​​បាន​ចុះ​មក​យក​ព័ត៌មាន​នៅ​លើ​ដី​មាន​ជម្លោះ​ផ្សព្វផ្សាយ​ និង​បាន​​ចោទ​ប្រកាន់​ថា ​ក្រុម​ពលរដ្ឋ​១៤៩​គ្រួសារ​ជា​អ្នក​បំពាន​ទៅ​លើ​ដី​របស់​អ្នក​ដទៃ។ លោក​បន្ថែម​ថា​ បើ​ទោះ​បី​ពលរដ្ឋ​ស្នើ​ឲ្យ​លោក ហ៊ុន សុខា កែ​តម្រូវ​ការ​ផ្សាយ​របស់​ខ្លួន​ក៏​ដោយ ​តែ​លោក ហ៊ុន សុខា មិន​បាន​ធ្វើ​តាម​ការ​ស្នើ​សុំ​នោះ​ទេ ទើប​លោក​សម្រេច​ចិត្ត​​ប្ដឹង​ទៅ​​តុលាការ​តែ​ម្ដង។

លោក​ថា៖ «ខ្ញុំ​មាន​ឯកសារ​ មាន​ភស្តុតាង​ទាំងអស់! អ្នក​កំពង់សោម​ គេ​ដឹង​រឿង​ដឹង​អី​អស់​ហើយ ខ្ញុំ​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ហង្ស​មាស ​ខ្ញុំ​ទៅ​បំភ្លឺ​គ្រប់​អស់​ហើយ។ តែ​ឥឡូវ​មើល​ទៅ​ បើ​ទោះ​បី​ យើង​បំភ្លឺ​ឆ្អែត​ឆ្អន់​ហើយ​ ឃើញ​ថា ​ដូច​អត់​មាន​ប្រសិទ្ធភាព​ ឥឡូវ​បាន​តែ​ដាក់​ពាក្យ​ប្ដឹង​តែ​ម្ដង​ទៅ ​ព្រោះ​ប្រទេស​យើង​មាន​ច្បាប់​។»

​​​​ប្រធាន​ក្លឹប​អ្នក​កាសែត​ឯករាជ្យ និង​ជា​ម្ចាស់​ផេក​ CPNTV-Online-Cambodia លោក ហ៊ុន សុខា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ និង​ព្រមាន​ប្ដឹង​បក​ទៅ​កាន់​ពលរដ្ឋ​វិញ​ផង​ដែរ​ ខណៈ​ការពារ​ក្រុម​ការងារ​របស់​លោក​ថា​ បាន​បំពេញ​តាម​វិជ្ជាជីវៈ​ត្រឹមត្រូវ។

លោក​ថា៖ «រឿង​ដីធ្លី ​ខ្ញុំ​អត់​និយាយ​ទេ! ខ្ញុំ​ទៅ​និយាយ​តែ​ពី​សាលា​បុណ្យ។ ហើយ​ត្រង់​ចំណែក​ដែល​គាត់​ហៅ​អ្នក​សារព័ត៌មាន​ទៅ​និយាយ​ដែរ​នោះ​ តើ​វា​យ៉ាង​មិច​ដែរ? ហើយ​រឿង​ដី​រឿង​ធ្លី​នេះ​ គឺ​យើង​អត់​ដឹង​ អត់​ដឹង​ថា ​អ្នក​ណា​មាន​ដី ​អ្នក​ណា​មាន​អី​ ១៤៩​គ្រួសារ​មាន​ដី​អី ៣០០គ្រួសារ​មាន​ដី​អី​ទេ! គឺ​យើង​អត់​ដឹង​ទេ។ យើង​ដឹង​មួយ ​គឺ​យើង​មើល​តែ​ទៅ​តាម​ឯកសារ​គតិយុត្តិ​ដែល​មាន​អាជ្ញាធរ​ដែន​ដី​ចេញ​តែ​ប៉ុណ្ណឹង​ទេ! ព្រោះ​យើង​ធ្វើ​អី​តាម​ច្បាប់​ យើង​មិន​មែន​ចេះ​តែ​ធ្វើ​ យើង​មិន​មែន​ចេះ​តែ​និយាយ​ទេ!។»

នាយក​ប្រតិបត្តិ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ លោក ឆាយ សុផល មាន​ប្រសាសន៍​ថា ​ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​ទៅ​លើ​អ្នក​កាសែត តែ​លោក​សោកស្ដាយ​នៅ​ពេល​ដែល​ពលរដ្ឋ​មិន​បាន​ស្នើ​ឲ្យ​អ្នក​កាសែត​កែ​កំហុស​នៃ​ការ​ផ្សាយ​ជា​មុន ហើយ​បែរ​ជា​ប្ដឹង​ទៅ​តុលាការ​តែ​ម្ដង​នោះ។ ​

លោក​ឆាយ សុផល៖ «តើ​អត្ថបទ​របស់​គាត់​នោះ​ជា​អត្ថបទ​ព័ត៌មាន​ ឬ​ក៏​អត្ថបទ​បែប​បញ្ចេញ​ទស្សនៈ​ បើ​សិន​ជា​អត្ថបទ​បែប​បញ្ចេញ​ទស្សនៈ​ ធម្មតា​ទេ ​ការ​បញ្ចេញ​ទស្សនៈ​ វា​តែង​តែ​មាន​ខុស​មាន​ត្រូវ វា​អាច​ពេញ​លេញ និង​មិន​ពេញ​លេញ អញ្ចឹង​បើ​សិន​ជា​មាន​ករណី​លើស​លួស​ទៅ​លើ​បុគ្គល​ណា​មួយ​ ឬ​ក៏​ទៅ​លើ​ក្រុម​ណា​មួយ​នោះ ​គឺ​ពួកគាត់​អាច​នឹង​ឲ្យ​អ្នក​សារព័ត៌មាន​នោះ​គឺ​កែ​សម្រួល​ទៅ​តាម​ច្បាប់​ស្ដី​ពី​របប​សារព័ត៌មាន មិន​មែន​ចេះ​តែ​ប្ដឹង​ដូច​ច្បាប់​ស្ដីពី​បទ​ឧក្រិដ្ឋ​អី​ផ្សេងៗ​ទេ។»

លោក ​ឆាយ សុផល ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​គួរ​សិក្សា​ពី​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​ ដើម្បី​កុំ​ឲ្យ​ការ​រាយការណ៍​ព័ត៌មាន​ប៉ះពាល់​ដល់​សិទ្ធ​របស់​អ្នក​ដទៃ​ដែល​បាន​ការពារ​ដោយ​ច្បាប់។

មាត្រា​១០​ នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ចែង​ថា ជន​ណា​ម្នាក់​ដែល​អត្ថបទ​ណា​មួយ​ ទោះ​សរសេរ​បញ្ឆិតបញ្ឆៀង​ក៏​ដោយ​ រូប​គំនូរ ឬ​រូបថត​ណា​មួយ​នៃ​សារព័ត៌មាន​ណា​មួយ​ដែល​មាន​លក្ខណៈ​ខុស​ពី​ការ​ពិត​ ធ្វើ​ឲ្យ​ខូចខាត​ដល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន មាន​សិទ្ធ​ទាមទារ​ឲ្យ​សារព័ត៌មាន​នោះ​ធ្វើ​ការ​កែ​តម្រូវ ឬ​មាន​សិទ្ធិ​ឆ្លើយ​តប និង​ធ្វើ​បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍ ពី​បទ​មួល​បង្កាច់ ឬ​បទ​ជេរ​ប្រមាថ​ ចំពោះ​ការ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន។ ចម្លើយ​កែ​តម្រូវ​ ឬ​ឆ្លើយ​តប​ត្រូវ​ចុះ​ផ្សាយ​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃយ៉ាងយូរ ឬ​នៅ​លេខ​បន្ទាប់ ​ក្រោយ​ពី​បាន​ទទួល​បាន​ការ​ទាម​ទារ​ឲ្យ​កែ​តម្រូវ ឬ​ឆ្លើយ​តប។

ពាក្យ​ប្ដឹង​នោះ​បាន​ធ្លាក់​ដល់​ដៃ​សាលា​ដំបូងខេត្ត​ព្រះ​សីហនុ​​ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ខណៈ​នៅ​ពេល​នេះ​ ស្ថាប័ន​អយ្យ​ការ​កំពុង​ត្រួត​ពិនិត្យ នេះ​បើ​តាម​អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក​ព្រះរាជអាជ្ញា​រង​ លឹម ប៊ុនហេង​។

បើ​តាម​ពាក្យ​បណ្ដឹង​នោះ​ ក្រៅ​ពី​ស្នើ​ឲ្យ​តុលាការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​អ្នក​ទាំង​៨​នាក់​នោះ ក្រុម​ពលរដ្ឋ​​ក៏​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០ម៉ឺនដុល្លារ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ