អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា ចោទសួរថា ហេតុអ្វីបានជាអាចរស់បាន នៅក្នុងសម័យ ប៉ុល ពត ទាំងការបង្ខំឱ្យធ្វើការក្រោមថ្ងៃក្តៅហែង ហើយបែរជាស្រែកថ្ងូរគ្រាន់តែដាច់ភ្លើងមួយរយៈ។
លោក ទិត សុធា សរសេរលើហ្វេសប៊ុកកាលពីម្សិលមិញ ដោយចោទសួរ និងឆ្លើយដោយខ្លួនឯងថា ពលរដ្ឋរអ៊ូរទាំងនេះ អាចមកពីការធ្លាប់រស់នៅស្រួល ទើបពិបាកទ្រាំជាមួយការលំបាក។
លោក ទិត សុធា៖ «សម័យ ប៉ុល ពត នៅពេលគេបង្ខំឱ្យធ្វើការទាំងថ្ងៃក្តៅហែង យប់គ្មានពេលសម្រាក រស់នៅមិនបានជុំគ្រួសារ គ្មានម៉ាស៊ីនត្រជាក់ គ្មានកង្ហារ គ្មានភ្លើងប្រើប្រាស់ គ្មានចំណីអាហារគ្រប់គ្រាន់ ម៉េចក៏ចេះតស៊ូរស់បាន ចុះពេលនេះ គ្រាន់តែខកខានប្រើប្រាស់ភ្លើងមួយរយៈ ហេតុអ្វីក៏ស្រែកថ្ងូរយ៉ាងនេះ? អាចមកពីធ្លាប់បានរស់នៅសុខស្រួល ទើបពិបាកទ្រាំនឹងការលំបាក។»
លោក ទិត សុធា បានសូមឱ្យពលរដ្ឋយោគយល់ និងអត់ធ្មត់ ព្រោះថា ពេលនេះ រដ្ឋាភិបាលកំពុងតែប្រឹងប្រែងដោះស្រាយឱ្យបានក្នុងពេលឆាប់ៗនេះ។ លោកបញ្ជាក់ថា ផ្ទះលោកក៏ដូចជាផ្ទះថ្នាក់ដឹកនាំផ្សេងទៀត ដាច់ភ្លើងដូចតែគ្នា មិនមែនដាច់តែផ្ទះពលរដ្ឋនោះទេ។
ក្នុងពិធីបុណ្យទន្លេ កាលពីថ្ងៃទី១៦ ខែមីនា នៅក្នុងខេត្តកំពង់ឆ្នាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអត់ធ្មត់ដែរ ចំពោះការខ្វះអគ្គិសនីប្រើប្រាស់នេះ។ លោកក៏បានណែនាំឱ្យពលរដ្ឋទិញម៉ាស៊ីនភ្លើងប្រើប្រាស់បណ្ណោះអាសន្ន ព្រោះថា អគ្គិសនីខ្វះរហូតដល់៤០០មេហ្គាវ៉ាត់។