ក្រុមសហជីពនិងសមាគមថានឹងប្រារព្ធទិវាពលកម្មអន្តរជាតិទោះ អាជ្ញាធរមិនអនុញ្ញាត

ទិវាពលកម្មអន្តរជាតិ កាលពីឆ្នាំ២០១៧

ក្រុមសហជីពប្ដេជ្ញាថា  នឹងរៀបចំប្រារព្វពិធីរំឭកទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ខាងមុខនេះ ទៅតាមគ្រោងទុកដោយមានអ្នកចូលរួមរាប់ពាន់នាក់ ទោះបីជាអាជ្ញាធរមិនអនុញ្ញាតក៏ដោយ។

កាលពីថ្ងៃទី៨ ខែមេសា តំណាងសហព័ន្ធសហជីព និងសមាគម បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ  ដើម្បីស្នើសុំរៀបចំប្រារព្វពិធីរំឭកទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៣ នៅថ្ងៃទីទី១ ឧសភា ខាងមុខនេះ ដែលមានអ្នកចូលរួមរាប់ពាន់នាក់។

តាមគម្រោងសហជីព និងសមាគម នឹងជួបជុំនៅទីតាំងបីផ្សេងគ្នាគឺនៅទីលានប្រជាធិបតេយ្យ សួនច្បារក្បែរវត្តភ្នំ និង សួនច្បារមុខវត្តបុទុមវតី។​

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យពួកគាត់ហែក្បួននិងជួបជុំគ្នាច្រើននោះទេ ដោយលើកហេតុផលថា ធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។

លោកអាត់ ធន់ បញ្ជាក់ថា នៅថ្ងៃទិវាពលកម្មអន្តរជាតិខាងមុខនេះ ពួកគាត់នៅតែរក្សាជំហរធ្វើការហែក្បួនពីសួនច្បារមុខក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍន៍កម្ពុជា ក្បែរវត្តភ្នំ ទៅកាន់មុខរដ្ឋសភា ដើម្បីដាក់ញត្តិដដែល ទោះបីជាអាជ្ញាធរមិនអនុញ្ញាតក៏ដោយ។

លោកថា៖«យើងនៅតែបន្តធ្វើ កម្មវិធីរបស់យើង បន្ទាប់មកយើងនឹងពិនិត្យតាមជាក់ស្ដែង តាមលទ្ធភាពយើងដែលយើងអាចហែបានត្រឹមណា យើងហែត្រឹមហ្នឹង។ បារម្ភយើងពិតជាបារម្ភហើយ ព្រោះធម្មតាមិនដែលមានការអនុញ្ញាតណាមួយ ដែលយើងអាចធ្វើបានស្រួល ព្រោះយើងមានបទពិសោធន៍ ៤ ទៅ ៥ ឆ្នាំហើយ មិនចេះស្រួលទេ គ្រាន់តែថា យើងចង់ផ្ញើសារថា ថ្ងៃហ្នឹង ជាថ្ងៃទិវាទពលកម្មអន្តរជាត។ អ៊ីចឹងគួរតែរដ្ឋាភិបាល ដល់ពេលវេលា ផ្ដល់ឱកាសឱ្យយើងសម្ដែងសារ សម្ដែងមតិធ្វើយើងមិនអាចធ្វើកូដកម្ម បាតុកម្មបានដូចលើកមុនទៀត ព្រោះសូម្បីថ្ងៃហ្នឹងយើងធ្វើមិនបានទៀតអាហ្នឹងធ្វើម៉េច»។

ប្រធានសភាពសហជីពកម្ពុជា លោក រ៉ុង ឈុន  មានប្រសាសន៍ថា   សាលារាជធានីបានយល់ព្រមឱ្យពួកគាត់បា្ររព្ធពិធីនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែសាលារាជធានីមិនអនុញ្ញាតឱ្យពួកគាត់ជួបជុំគ្នាចំនួន៤៥០  នាក់ ទៅតាមការស្នើសុំនោះទេ។

លោកបន្តថា  សាលារាជធានីភ្នំពេញបានកំណត់ឱ្យមានអ្នកចូលរួមក្នុងថ្ងៃបា្ររព្ធត្រឹមតែ ​២០០ នាក់ ប៉ុណ្ណោះ ប៉ុន្តែលោកចង់បានអ្នកចូលរួមច្រើនជាងនេះ ទើបសាលារាជធានីក៏បញ្ជូនសំណើពួកគាត់ទៅក្រសួងមហាផ្ទៃ។ រហូតមកដល់ថ្ងៃនេះ លោកថា ក្រសួងមហាផ្ទៃ មិនទាន់ឆ្លើយតបមកពួកគាត់វិញឡើយ។

លោក រ៉ុង ឈុនថា ទោះបីជាអាជ្ញាធរមិនអនុញ្ញាតឱ្យតាមការស្នើសុំក៏ពួកគាត់នៅតែជួបគ្នាចំនួនដែលគ្រោងទុកផងដែរ។

លោកថា៖«​តាមការពិតទៅដាក់ជូនដំណឹងថា តិចបំផុត ៤៥០ នាក់ ហើយខ្ញុំរំពឹងថានឹងលើសចំនួនហ្នឹង អាចចូលរាប់ពាន់[នាក់] ហើយខ្ញុំនៅតែបា្ររព្ធទៅតាមគ្រោងទុក[ទោះបីអាជ្ញាធរមិនអនុញ្ញាត]»

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ម៉ែន ប៊ុនរិទ្ធិ មានប្រសាសន៍ថា ក្រសួងបានទទួលលិខិតរបស់សាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណើរបស់ក្រុមសហជីព ហើយលោកក៏បានបញ្ជូនលិខិតនោះទៅថ្នាក់លើរួចហើយដែរ។

លោកថា៖«ខ្ញុំបានទទួលលិខិតសាលាក្រុងហ្នឹងហើយ អាលូវខ្ញុំបានធ្វើតាមបែបបទរដ្ឋបាលស្នើទៅថ្នាក់ដឹកនាំក្រសួងហើយ ចាំមើលទាល់តែថ្នាក់ដឹកនាំសម្រេចម៉េច អនុវត្តតាម។ អាហ្នឹងទាល់តែថ្នាក់ដឹកនាំសម្រេចសិន»។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាន៍ថា បើសិនច្បាប់អនុញ្ញាតឱ្យក្រុមសហជីពធ្វើនោះ លោកនឹងការពារ ប៉ុន្តែបើមិនអនុញ្ញាតទេ លោកនឹងទប់ស្កាត់។

លោកថា៖«ខ្ញុំខាងអនុវត្តច្បាប់ បើច្បាប់អនុញ្ញាតឱ្យធ្វើក្បែរដង្ហែ ខ្ញុំការពារទៅប៉ុន្តែបើអនុញ្ញាតទេ ខ្ញុំទប់ស្កាត់តែប៉ុណ្ណឹង»។

កាលឆ្នាំមុន សាលារាជធានីភ្នំពេញ បានបដិសេធសំណើរបស់ក្រុមសហជីព និងសមាគមដែលបាន​ស្នើសុំហែក្បួនឆ្លងកាត់ទីក្រុង ដើម្បីបា្ររព្ធទិវាពលកម្មអន្តរជាតិ១ ឧសភា នេះ ក្រោមហេតុផលថា ដើម្បីរក្សាសណ្ដាប់សាធារណៈ ដោយកាលណោះក្រុមសហជីព និងសមាគមបានបង្ហាញការខកចិត្ត និងចាត់ទុក​ការ​​មិនអនុញត្តិនោះថា ជាការរំលោភសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយ កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បានចេញសេចក្ដីណែនាំទៅ​អាជ្ញាធរ​មូលដ្ឋាន​​ឱ្យ​​បង្កើន​កិច្ចសហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល។ ក្នុង​សេចក្ដី​ណែនាំ​នោះលោក ស ខេង បញ្ជាក់​ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះ​បញ្ជីត្រឹ​មត្រូវ​នៅ​ក្រសួ​ង​ម​​ហាផ្ទៃ ពួកគេអាចធ្វើសកម្មភា​ពបាន មិនបាច់ជូនដំណឹងទៅអាជ្ញាធរដូចពេលមុនៗនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ