អតីតតារាសម្ដែង ថៃ នរៈវិទូ ប្រកាស​ត្រលប់​មកកាន់ការសម្ដែងជាថ្មី

អ្នកស្រី ងិន ម៉ានីយ៉ា និង កូនប្រុសលោក ថៃ នរៈវិទូ។ (រូបថត៖ សហការី)

កាលពីថ្ងៃទី២៦ ខែមេសា អតីតតារាសម្ដែង និង Freshies Boy លោក ថៃ នរៈវិទូ បាន​ប្រារព្ធធ្វើ​ខួប​កំណើតវ័យ៣១ឆ្នាំ ដើម្បីប្រកាសថា​ លោកសម្រេច​ចិត្តត្រលប់​មកកាន់​វិថីសិល្បៈដូចដើមវិញហើយ។ នេះ ជាជំហរដែលគេទើបតែឮ បន្ទាប់ពីលោក​បោះបង់សិល្បៈ​អស់​ជិត​១០​ឆ្នាំ និងស្របពេល​ដែលលោកធ្លាប់ផ្ទុះដំណឹងអាស្រូវពាក់ព័ន្ធ​នឹងគ្រឿងញៀន។

អ្នកស្រី ងិន ម៉ានីយ៉ា លោក ថៃ នរៈវិទូ បានថ្លែងបញ្ជាក់ថា អ្នកស្រីធ្វើខួបអោយកូនប្រុសនៅក្នុងថ្ងៃនោះ គឺដើម្បីប្រកាសអោយមហាជនដឹងថា ក្រោយពីលោក ថៃ នរៈវិទូ មានរឿងអាស្រូវត្រលប់មកធ្វើជាបុគ្គលល្អវិញនៅក្នុងសង្គម គឺលោកបានក្លាយជាកូនល្អ ជាឳពុកល្អ និង ជាប្ដីល្អ ដែលអ្នកស្រីយល់ថា គឺដើម្បីត្រលប់មកសម្ដែងយកកេរ្តិ៍ឈ្មោះឡើងវិញ។​ អ្នកស្រី បន្តថា បើទោះជាលោកធ្លាប់ដើរផ្លូវខុស ប៉ុន្តែ មិនហួសពេលនោះទេ និងគាំទ្រកូនអោយប្រលូកសិល្បៈដូចដើម។ លើសពីនេះ អ្នកស្រី អោយដឹងទៀតថា អ្នកស្រីក៏បើកក្រុមហ៑ុននាំចូលអាហារសុខភាពអោយលោក ថៃ នរៈវិទូ ធ្វើជាម្ចាស់ភាគហ៑ុនធំមួយ ដើម្បីអោយលោកទទួលបាននូវកិត្តិយសជាបុគ្គលជោគជ័យម្នាក់។

លោក ថៃ នរៈវិទូ បានអះអាងថា លោកសម្រេចចិត្តទទួលយកការសម្ដែងជាថ្មី និងប្រលូកអោយខ្លាំងមិនខុសពីកាលពីជិត១០ឆ្នាំមុននោះទេ បន្ទាប់ពីលោកយល់ថា នៅមិនទាន់ហួសពេលក្នុងការកសាងកេរ្តិ៍ឈ្មោះ។ លោកបន្តថា ជាក់ស្ដែង គ្រាន់តែលោកប្រកាសលេងៗនៅលើហ្វេសប៑ុកថា ចង់សម្ដែងដូចដើម គឺមានផលិតករទាក់ទងអោយលោកថតមួយរឿងនៅចុងខែ៥។

លោក ថៃ នរៈវិទូ ឲ្យដឹងទៀតថា លោកមិនយល់ថាការត្រលប់មកកាន់សិល្បៈ គឺជារឿងហួសពេល និងពិបាកស្វែងរកប្រជាប្រិយភាពនោះទេ បើទោះជាលោកធ្លាប់មានរឿងអាស្រូវ ដោយលោកបញ្ជាក់យ៉ាងខ្លីថា គ្មានអ្នកណាមិនធ្លាប់ខុសនោះទេ ប៉ុន្តែសំខាន់គឺកុំអោយកុំហុសនោះត្រលប់មកជាថ្មី គឺជារឿងប្រសើរហើយ។ លោកក៏បានប្រកាសទទួលថតទាំងស្ពត រឿងដុំ និងរឿងភាគទូរទស្សន៍ បើទោះជាត្រូវប្រើពេលច្រើនខែ ហើយត្រូវចុះទៅខេត្តឆ្ងាយៗ ដោយរំពឹងថា ទីផ្សារសិល្បៈនឹងល្អមិនចាញ់កាលពីមុន។

លោក ​ថៃ នរៈវិទូ (ស្តាំឈ) លោក ថៃ នរៈសន្យា (អង្គុយ) និងគ្រួសារ។​ (រូបថត៖ សហការី)

លោក ​ថៃ នរៈវិទូ គឺជាកូនប្រុស លោក ថៃ នរៈសន្យា ដែលមាននាទី​ជា​​​រដ្ឋលេខាធិកា​របស់​ក្រសួង​​វប្បធម៌ និង​វិចិត្រ​​សិល្បៈ។ កាលពីដើមឆ្នាំ២០១៧ លោក ​ថៃ នរៈវិទូ ធ្លាប់ត្រូវបានចោទប្រកាន់
ពី​បទ​​​​​ពាក់​ព័ន្ធ​​​​រឿង​គ្រឿង​ញៀននៅខេត្ត​បាត់ដំបង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ