លោក ហ៊ុន សែន ហៅ​ចិន​ជា​មិត្ត​ «ដែក​ថែប» ក្រោយ​ចិន​ផ្ដល់​ជំនួយ​យោធា​៩០​លាន​ដុល្លារ

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជា​ទ្វេ​ភាគីជាមួយ លោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជំនួបនេះត្រូវបានធ្វើឡើងនៅមហាវិមានប្រជាជនចិន មុននឹងចាកចេញមកកម្ពុជាវិញ។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានចាត់​ទុក​ប្រទេស​ចិន​ជា​មិត្ត ​«​ដែក​ថែប» ដែល​ចែក​រំលែក​នូវ​ផល​ប្រយោជន៍​នៃ​អនាគត​តែ​មួយ បន្ទាប់​ពី​លោក​អះ​អាង​ថា បាន​ទទួល​ជំនួយ​ជិត ៩០​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​វិស័យ​យោធា​កម្ពុជា។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ចិន​បាន​ផ្ដល់​ជំនួយ​ទំហំ​ ៦០០​លាន​យន់​ ឬ​ស្មើ​នឹង​ជិត ៩០​លាន​ដុល្លារ​ សម្រាប់​វិស័យ​យោធា​​កម្ពុជា បន្ទាប់​ពី​លោក​បាន​ចូលរួម​ក្នុង​​កិច្ចប្រជុំ «ខ្សែក្រវ៉ាត់ និងផ្លូវ» នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលបានចាប់ផ្ដើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសាកន្លងមកនេះ។

គេហទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន រៀបរាប់ថា៖ «ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប គឺយើងជាបងប្អូនដែលចែករំលែកនូវផលប្រយោជន៍នៃអនាគត​តែមួយ»

ក្រៅពីជំនួយ​ហើយ​នោះ លោក ហ៊ុន សែន អះអាងថា ភាគីចិន និងកម្ពុជាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ​ចំនួន ៦ ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរ ដោយក្នុងនោះរួមមាន កិច្ចសហប្រតិបត្តិការក្រោមយុទ្ធសាស្ដ្រចតុកោណរបស់រដ្ឋាភិបាល និងគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ការព្រមព្រៀងនាំអង្ករកម្ពុជាប្រមាណ ៤០ម៉ឺនតោនទៅចិន អនុស្សារណៈយោគយល់គ្នាស្ដីពីបញ្ហាពន្ធគយ និងកិច្ចព្រមព្រៀងស្ដីពីបញ្ហាសេដ្ឋកិច្ច និងបច្ចេកទេស ជាដើម។

អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​​ទៅ​កាន់​ទីក្រុង​ប៉េកាំង​កាល​ពី​ខែ​មករា​កន្លង​មក​នេះ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ផង​ដែរ​ថា ​ចិន​បាន​សន្យា​ផ្ដល់​​ជំនួយ​ដល់​កម្ពុជា​ទំហំ​ជិត ៦០០​លាន​ដុល្លារ​នៅ​ចន្លោះ​ឆ្នាំ​២០១៩​នេះ​ រហូត​ដល់​ឆ្នាំ​២០២១​ខាង​មុខ។

ទិន្នន័យ​ដែល​ចង​ក្រង​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ (ODC) បាន​បង្ហាញ​ថា ចិន​គឺ​ជា​ម្ចាស់​ជំនួយ​ធំ​លំដាប់​ទី​ពីរ​សម្រាប់​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ជប៉ុន ដោយ​បាន​ផ្ដល់​ជំនួយ​ទំហំជិត ១៨០​លាន​ដុល្លារ​មក​ដល់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក។

ក្រៅ​ពីជា​ម្ចាស់​ជំនួយ​ធំ​លំដាប់​ទី​២​សម្រាប់​កម្ពុជា​នោះ ចិន​ក៏​ជា​ម្ចាស់​បំណុល​ធំ​​បំផុត​ផង​ដែរ ដោយ​បាន​កាន់​កាប់​ចំណែក​បំណុល​​កម្ពុជា​ដល់​ទៅ​​ជាង ៤២​ភាគរយ ក្នុង​ចំណោម​ទំហំ​បំណុលជាង ១​១​ពាន់​លាន​ដុល្លារ​ដែល​កម្ពុជា​ជំពាក់​បរទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ