​មេ​នគរបាល​ខេត្ត​កណ្ដាល​រង​ការ​ចោទ​ថា ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ប្រើ​អំណាច​ផ្ដាច់ការ

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្ដរជាតិនារី ៨មិនា នៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល នារសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩ ក្រោមប្រធានបទ”លើកកំពស់សមត្ថភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ។ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​លោក​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា មាន​ចេតនា​បង្ខូច​កិត្តិយស​រូប​លោក​តែ​ប៉ុណ្ណោះ។

ក្នុង​បណ្ដឹង​មួយ​​​ដែល​ផ្ញើ​ជូន​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា​កន្លង​មក ក្រុម​មន្ត្រី​នគរបាល​ខេត្ត​កណ្ដាល​បាន​ចោទ​លោក អ៊ាវ ចំរើន ថា​បាន​ប្រើ​អំណាច​ផ្ដាច់​ការ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

បណ្ដឹងអម​ទៅ​ដោយ​ស្នាម​មេដៃ និង​គ្មាន​ឈ្មោះ​នោះ ក្រុម​មន្ត្រី​នគរបាល​ខេត្ត​កណ្ដាល​ បាន​ស្នើ​ទៅ​លោក ស ខេង ដក​ហូត​តំណែង​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​រូប​នេះ។

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន បាន​ច្រាន​ចោលការ​ចោទ​ប្រកាន់​នេះ ហើយ​ចាត់​ទុក​បណ្ដឹង​នេះ​ថា ជា​ការ​សង​សឹក​ទៅ​នឹង​វិធានការ​របស់​លោក​បង្ក្រាប​ទៅ​លើ​វង់​ល្បែង​ជល់​មាន់​ដ៏​ធំ​មួយ​នៅ​ក្នុង​ស្រុក​ស្អាង កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា​កន្លង​មក​នេះ។

លោក អ៊ាវ ចំរើន មាន​ប្រសាន៍​ថា៖ «គ្រាន់តែជាពាក្យសរសេរអសុរោះ​របស់អ្នកចង់បង្ហោះបង្ខូចយើងក៏មិនដឹង ឬក៏ជារឿងពិតក៏មិនដឹង ធ្វើម៉េចដឹង បើមិនទាន់មានការត្រួតពិ​និត្យផង ខ្ញុំបាទក៏អត់ទាន់ដឹងដែរ»

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ម៉ែន ប៊ុនរិទ្ធ បាន​បញ្ជាក់​ថា គ្មាន​​វិធានការ​ណា​មួយជាក់​លាក់​​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ឡើយ ខណៈ​ដែល​លោក​ថា ​ក្រសួងមិនទាន់ទទួលបានពាក្យបណ្ដឹង​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​នេះ។

អ្នកនាំពាក្យសមាគមការពាសិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ជំរុញ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​នគរបាល​ជាន់​ខ្ពស់ ២​រូប​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​បន្ត​បន្ទាប់។

លោកថា៖ «អ៊ីចឹងគួរតែបង្កើតគណៈក​ម្មាការស៊ើបអង្កេតឯករាជ្យមួយ ចុះទៅតាមគោលដៅ ឬតម្រូវព័ត៌មានដែលខាងមន្ត្រីទាំងអស់ហ្នឹងបានប្ដឹងទៅលើមេរបស់ខ្លួនដែលបានប្រព្រឹត្តដូចខ្លួនចោទប្រកាន់។ យ៉ាងហោចណាស់ ពួកគាត់បានអស់ចិត្ត​នូវអ្វីដែលពួកគាត់បានប្ដឹងនោះដែរ»

ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល លោក ស្រេង សុខា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​ផង​ដែរ ក្រោយ​ពី​មន្ត្រី​នគរបាល​រូប​នេះ បាន​បង្ហោះ​នូវ​ទ្រព្យ​សម្បត្តិ​ដែល​លោក​ផ្ដល់​ជូន​គូ​ដណ្ដឹង​អំឡុង​ពេល​ភ្ជាប់​ពាក្យ។

​អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​ចាត់​ចំណាត់​ថ្នាក់​ជា​​ប្រទេស​ពុក​រលួយ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង ១០​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ