វិភាគ៖ ហេតុអ្វីរដ្ឋាភិបាលចាប់ផ្តើមកម្រិតឲ្យមន្ត្រីការពារជាតិមានផ្កាយ៤តែពីរនាក់?

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើរជាមួយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអំឡុងពេលពិធីបើកសម្ពោធវិមាន ឈ្នះ-ឈ្នះ នៅភូមិព្រែកតាសោម នៅជាយក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ទី29 ខែធ្នូ ឆ្នាំ2018 ។ រូបភាព៖ AP / ហេងស៊ីនិត

នាយឧត្ត​មសេ​នីយ៍ផុ​តលេ​ខផ្កាយ​មា​ស៥ ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​​ ​សែន បានប្រកាសកា​លពីចុងសប្តាហ៍​មុនថា មន្ត្រីយោធា​ជាន់ខ្ពស់ពាក់​ផ្កាយ ៤នៅក្រសួងការពារជាតិ ទុកតែពីរនាក់ប៉ុណ្ណោះ គឺរដ្ឋមន្ត្រី និងអគ្គមេ​បញ្ជា​ការ​​​​​កងទ័ព ជា​អ្វីដែលលោកហៅថា ការ​ធ្វើ​កំណែទម្រង់កងទ័ព។

ការប្រកាសរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងពីប្រទេសចិន ខណៈលោកទៅចួលរួម​កិច្ចប្រជុំនៅទីនោះ ស្តីពី «ផ្លូវ១ ខ្សែក្រវ៉ាត់១» របស់មហាអំណាចកុម្មុយនីស្តមួយនេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្ន គឺលោក ទៀ បាញ់ រីឯអគ្គបញ្ជាការនៃ​កង​យោធពល​ខេមរភូមិន្ទ គឺលោក វង្ស ពិសេន។ ដូចនេះ មន្ត្រីជាន់ខ្ពស់ពីររូបនេះ អាចជាមេបញ្ជាការកំពូលនៅក្រសួងការពារជាតិ។

លោក ទៀ បាញ់ និងលោក វង្ស ពិសេន ក្រៅពីមានតំណែងជាមន្ត្រីជាន់ខ្ពស់នៅក្រសួងការពារជាតិ អ្នកទាំងពីរ ក៏ជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាដែរ។

វិធានការទម្លាក់ផ្កាយមេទ័ពមួយចំនួននៅក្រសួងការពារជាតិនេះ ទំនងជាមិនមែនជារឿងសាមញ្ញពេកទេ ព្រោះថា វិធានការនៃ​ការធ្វើកំណែទម្រង់នេះ វាបានកើតឡើងចំពេលដែល​កម្ពុជាកំពុងប្រឈមទៅនឹងបញ្ហាផ្ទៃក្នុងផង និង​គំរាមកំហែងពីខាងក្រៅ ដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

សហភាពអឺរ៉ុប ​ចាប់ពីខែកុម្ភៈមក បានរាប់ថ្ងៃថយក្រោយលើវិធានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក្រោយពីប្លុកលោក​សេរីមួយនេះ រកឃើញថា រដ្ឋាភិបាលបានបរាជ័យ​ក្នុង​ការ​ស្តារស្ថារភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​ឡើង​វិញ​នោះ។

សហរដ្ឋអាមេរិកក៏ដូចគ្នា កំពុងគំរាមដកប្រព័ន្ធអនុគ្រោះ GSP ខណៈ​ដែលការ​ដក​ហូត​ប្រព័ន្ធអនុគ្រោះ​ពន្ធ​ EBA របស់​អឺរ៉ុប នឹងធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ថវិកាជាង​ខ្ទង់ ៧០០​លានដុល្លារក្នុង​ ១ឆ្នាំៗ ពីការមិនបង់ពន្ធគ្រប់មុខទំនិញលើកលែងតែអាវុធដែលនាំចូល និងអាច​ប៉ះពាល់ដល់កម្មករជាង ៧០ម៉ឺននាក់ ក្នុងវិស័យកាត់ដេរ និងពលរដ្ឋជាង ២លាននាក់ផ្សេងទៀតដោយប្រយោល។

ចំណែកជម្លោះផ្ទៃក្នុងវិញ អតីតមេដឹកនាំបក្សប្រឆាំងកំពុងនិរទេសខ្លួន លោក សម រង្ស៊ី ដែលគណ​បក្សនេះ ធ្លាប់មានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស ធ្លាប់អំពាវនាវទៅកងទ័ព​ឲ្យយកគម្រូតាមកងទ័ពស៊ូដង់ ដែលកងទ័ពនៅប្រទេសនោះ បានទម្លាក់មេដឹកនាំចេញពីអំណាច ក្រោយ​ពីជម្លោះផ្ទៃក្នុងឈានដល់ផ្ទុះការតវ៉ាតាមទីសាធារណៈ។

បញ្ហាទាំងនេះបង្កើតជាសំនួរថា ហេតុអ្វីរដ្ឋាភិបាលចាប់ផ្តើមកម្រិតឋានៈផ្កាយនៅក្រសួងការពារជាតិពេលនេះ?

អ្នកវិភាគបញ្ហាសង្គមយល់ឃើញផ្សេងគ្នា។ អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ ដែលរដ្ឋាភិបាលធ្លាប់ចាប់ដាក់ពន្ធនាគារ​នោះ បាន​ហៅវិធានការទម្លាក់ផ្កាយនេះថា មិនមែនជាការធ្វើកំណែទម្រង់ ដើម្បីប្រយោជន៍ជាតិទេ ដរាបណាកម្លាំងអង្គរក្សផ្ទាល់ខ្លួន​របស់នាយករដ្ឋមន្ត្រី នៅតែត្រូវបានគេបំពាក់អាវុធទំនើបជាងក្រសួងការពារជាតិ ហើយឧត្តម​ក្រុមប្រឹក្សាជាតិជាន់ខ្ពស់តំណាងដោយព្រះមហាក្សត្រ មិនត្រូវបានបង្កើតឡើងដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនោះ។

ប៉ុន្តែ លោក គឹម សុខ វិភាគថា សេណារីយូនេះ លោក ហ៊ុន សែន ចង់រុញ​កូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឲ្យក្លាយជាមេទ័ពកំពូល ដើម្បីទប់ស្កាត់បញ្ហាផ្ទៃក្នុងបក្ស និងទី២ លោកថា បើសេណារីយូទី១ បានជោគជ័យ ត្រកូល ហ៊ុន នឹងគ្មានអ្នកណាហ៊ានប៉ះពាល់ឡើយ ទោះបីលោក ហ៊ុន សែន អស់អំណាច ដោយសារតែទប់ទល់ទៅនឹងសម្ពាធ ឲ្យស្តារប្រជាធិបតេយ្យលែងរួចក៏ដោយ។

លោក គឹម សុខ មាន​ប្រសាសន៍​ថា៖ «គាត់ត្រូវពង្រឹងកងទ័ពនៅក្រោមអំណាចគ្រួសាររបស់គាត់ដែលចាត់ចែងដោយគ្រួសារគាត់ ដើម្បីការពារគ្រួសារគាត់ ដោយខ្លួនគាត់ទៅវិញ។ នេះជាចំណុចដែលគាត់កំពុងតែពិចារណា​ដោយហ្មត់ចត់បំផុត»

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ហៅការទម្លាក់ផ្កាយនេះថា គ្រាន់តែជាការកែទំហំក្បាល និងដងខ្លួនដៃជើង ឲ្យសមាមាត្រគ្នា ដើម្បីងាយស្រួលបញ្ជាពីលើចុះក្រោមក្នុងជួរកងទ័ព។

ប៉ុន្តែ លោក​អ្នកវិភាគរូបនេះ ហៅវិធានការទម្លាក់ផ្កាយនេះថា មិនបានចូលរួមជំរុញ​កងទ័ពឲ្យមានអព្យាក្រិត្យភាពតាមយន្តការប្រជាធិបតេយ្យ​ទេ បើមេទ័ពសំខាន់ៗមួយចំនួន នៅតែមានតួនាទីជាកម្លាំងស្នូលរបស់បក្សកាន់អំណាចនោះ។

លោក ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា៖ «ការចូលរួមធ្វើសកម្មភាពនយោបាយ ជាមរតកពីប្រព័ន្ធកុម្មុយនីស្ត ដែលពឹងផ្អែកទាំងស្រុងទៅលើ​កងទ័ពដើម្បីយកអំណាច។ ម៉ៅ សេទុង ប្រធានបដិវត្តន៍ចិន និយាយថា អំណាចនយោបាយកើតចេញពីចុងកាំភ្លើង»។

អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ និយាយថា ពលរដ្ឋរួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គម តែងតែរិះគន់រដ្ឋាភិបាលថា បានដំឡើងឋានៈមន្ត្រីឲ្យពាក់ផ្កាយច្រើនក្នុងតំណែងក្នុងស្ថាប័នកងកម្លាំង ប៉ុន្តែ ថា តំណែងផ្កាយនោះ មិនបានជួយ​ទប់ស្កាត់បទល្មើសនានា រួមទាំងអំពើពុករលួយផងទេ។

អ្នកវិភាគវ័យក្មេងរូបនេះ ហៅវិធានការទម្លាក់ផ្កាយរបស់រដ្ឋាភិបាលនេះថា អាចជាការធ្វើកំណែទម្រង់ឆ្លើយតបទៅនឹងការរិះគន់របស់ពលរដ្ឋ ប៉ុន្តែ វិភាគថា វិធានការត្រឹមទម្លាក់ផ្កាយមិនបានជួយដោះស្រាយបញ្ហាសង្គមទេ។

មួយវិញទៀត កញ្ញា លី ស្រីស្រស់  វិភាគថា ការបំពងសំឡេងរបស់មេដឹបក្សប្រឆាំងនៅឯក្រៅប្រទេស លោក សម រង្ស៊ី ដែលចង់ឲ្យកងទ័ពចូលរួមប្តូរមេដឹកនាំដូចប្រទេសមួយចំនួននោះ អាចពិបាកទៅរួច ប៉ុន្តែ ថា បញ្ហា​កម្ពុជានៅល្អជាងប្រទេសវេណេហ្សូអេឡាដែលកំពុងប្រឈមទៅនឹងវិធានការពី​សហគមន៍អន្តរជាតិ។

កញ្ញា លី ស្រីស្រស់ ប្រាប់ថា៖ «សេដ្ឋកិច្ចរបស់កម្ពុជានៅមានភាពល្អប្រសើរជាងប្រទេសវេណេហ្សូអេឡា ហើយមួយទៀតមូលដ្ឋានគ្រឹះរវា​ង​ក​ងទ័ព និង​រដ្ឋាភិបាលកម្ពុជា វាអាចរឹងមាំជាង ម៉ាឌឺរ៉ូ និងមេទ័ពផ្សេងៗទៀតនៅវេណេហ្សូអេឡា»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញប្រហាក់ប្រហែលដែរ ដោយថា ​វិធានការនេះ​ជាការធ្វើកំណែទម្រង់ ខណៈ​ដែល​ប្រទេសកម្ពុជាជាប្រទេសតូច តែមានមន្ត្រីថ្នាក់ឧត្តមសេនីយ៍ច្រើនជាងប្រទេសធំៗមួយចំនួន ប៉ុន្តែ លោក​ថា បញ្ហាជាតិមិនប្រសើរឡើងទេ ដរាបណារដ្ឋាភិបាលទម្លាក់តែផ្កាយ តែកម្លាំងកងទ័ពនៅតែត្រូវបានក្រុមខិលខូចយកទៅធ្វើជាខ្នងបង្អែក បំផ្លាញ​ធនធានធម្មជាតិ និងរំលោភយកដីពលរដ្ឋនោះ។

ទោះជាយ៉ាងណា នៅថ្ងៃនេះ លោក សម រង្ស៊ី នៅតែបន្តអំពាវនាវទៅកងព័ទឲ្យចូលរួមប្តូរមេដឹកនាំ ហើយហៅវិធានការទម្លាក់ផ្កាយនេះថា លោក ហ៊ុន សែន កំពុងតែភ័យខ្លាចរដ្ឋប្រហារយោធា។

ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ វិញបានអំពាវនាវលើបណ្តាញសង្គមរបស់លោកថា៖ «កងទ័ពត្រូវតែគោរព និងអនុវត្តបទបញ្ជារបស់ថ្នាក់លើឱ្យបានម៉ឺងម៉ាត់ ទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ និងត្រូវហ៊ានលះបង់គ្រប់បែបយ៉ាង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ