ស្នងការចាត់ទុកគម្រោងហែក្បួនរបស់សហជីព ថាជាទង្វើខុសច្បាប់

សហជីពនិងកម្មករជិត ២ ពាន់នាក់ ប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣២ ឆ្នាំ២០១៨។ (រូបថត៖ ហេង វិចិត្រ)

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អះអាងថា សមត្ថកិច្ចមិនអនុញ្ញាតឱ្យក្រុមសហជីពហែក្បួននៅថ្ងៃប្រារព្ធទិវាទពលកម្មអន្តរជាតិ​ស្អែកនេះទេ ដោយហៅគម្រោងការហែក្បួននោះថា ជាទង្វើខុសច្បាប់។

លោក ស ថេត ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា ក្រុមសហជីពអាចជួបជុំគ្នាសម្ដែងមតិតាមទីតាំងដែលអាជ្ញាធរបានកំណត់នៅថ្ងៃស្អែកនេះ ប៉ុន្តែ មិនអនុញ្ញាតឱ្យហែក្បួនទេ ដោយលោកចាត់ទុកការហែក្បួននោះថា ជាទង្វើខុសច្បាប់។

លោកថា៖ «ឱ្យតែតំណាងយកញត្តិទៅឱ្យគេទៅបានហើយ ​យើងចង់ហែអី វាខុសច្បាប់»។

លោក ស ថេត បន្តថា ប្រសិនបើក្រុមសហជីពនៅតែហែក្បួន អាជ្ញាធរនឹងចាត់វិធានការ ប៉ុន្តែលោកមិនបញ្ជាក់ពីវិធានការទាំងអស់នោះថា នឹងធ្វើរបៀបណាខ្លះនោះទេ។​

កាលពីថ្ងៃទី៨ ខែមេសា តំណាងសហព័ន្ធសហជីព និងសមាគម បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំរៀបចំប្រារព្ធពិធីរំឭកខួបទិវាពលកម្មអន្តរជាតិ លើកទី១៣៣ ថ្ងៃទី១ ខែឧសភា ដែលមានអ្នកចូលរួមជិត ៥០០០នាក់។

តាមគម្រោង សហជីព និងសមាគម នឹងជួបជុំនៅពីរទីតាំងផ្សេងៗ គឺនៅទីលានប្រជាធិបតេយ្យ និងសួនច្បារក្បែរវត្តភ្នំ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា នៅថ្ងៃទិវាពលកម្មអន្តរជាតិស្អែកនេះ ពួកគាត់នៅតែរក្សាជំហរធ្វើការហែក្បួនពីសួនច្បារមុខក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍន៍កម្ពុជា ក្បែរវត្តភ្នំ ទៅកាន់មុខរដ្ឋសភា ដើម្បីដាក់ញត្តិដដែល។

លោកថា៖ «ដូចខ្ញុំនិយាយអ៊ីចឹង យើងត្រៀមហែ ប៉ុន្តែ បើហែមិនបានទេ គឺយើងអត់ហែ បើហែបាន យើងសម្រួលតាមហ្នឹង»។

លោក អាត់ ធន់ បញ្ជាក់ថា មូលហេតុដែលចង់ហែក្បួន ដោយលោកថា ថ្ងៃ១ឧសភា ជាទិវាពលកម្មអន្តរជាតិ ហើយលោកចង់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ។​

ដោយឡែក អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​​ការងារ និង​សិទ្ធិ​មនុស្ស លោក ឃុន ថារ៉ូ  មានប្រសាសន៍ថា កន្លងមក ក្រុម​អង្គការ​ សមាគម និង​សហជីព ចំនួន​២១​ បានស្នើសុំអាជ្ញាធរជួបគ្នានៅសួនច្បារមុខវត្តបុទុម ប៉ុន្តែ អាជ្ញាធរមិនអនុញ្ញាត។ លោកបន្តថា នៅថ្ងៃទិវាពលកម្មអន្តរជាតិ ពួកគាត់នឹងនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែ មិនហែក្បួននោះទេ។

លោកថា៖ «យើងមិនចង់ឃើញមានរូបភាពដែល​ប្រឈមមុខដាក់គ្នា ហើយកន្លងមក ​តែងតែមានការលើកហេតុផលថា ក្រុមសហជីព អង្គការ ដែលធ្វើវិស័យសិទ្ធិមនុស្ស វិស័យការងារហ្នឹង ​ថាយើងហ្នឹងជាផ្នែកមួយនៃការគាំទ្រគណបក្សប្រឆាំង បានយើងមិនចង់ឱ្យមានការប្រឈមមុខដាក់គ្នា ហើយមិនឱ្យមានការលាបពណ៌ដាក់គ្នាអ៊ីចឹង  ដោយសារ យើងធ្វើការងារប្រកាន់គោលការណ៍ឯករាជ្យអ៊ីចឹង។ ម្លោះហើយបានជាយើងគិតថា មិនធ្វើការប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរទេ»។

មាត្រា៣៧ និង៤១ នៃច្បាប់រដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិ​សេរីភាពក្នុងការជួបជុំ បញ្ចេញមតិ និងធ្វើ​កូដកម្ម​ ​បាតុកម្ម​ ដោយ​សន្តិវិធី ដែលមានការធានាដោយច្បាប់។

ជារៀងរាល់ឆ្នាំ ក្រុមសហជីព និងសមាគម តែងតែនាំគ្នារៀបចំបា្ររព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ដោយ​ជួបជុំគ្នានៅទីកន្លែងសំខាន់ៗ ដូចជា នៅរាជធានីភ្នំពេញ ដើម្បីសម្តែងមតិ កង្វល់ និងលើកឡើងពីសំណើ​មួយចំនួន ​ដើម្បីស្នើសុំឱ្យកែលម្អលក្ខខណ្ឌការងារនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ