អាជ្ញាធរ​ថា​ កម្រិត​ទឹក​ភ្លៀង​នៅ​មិន​ទាន់​គ្រប់គ្រាន់​​សម្រាប់ដំណើរការ​ទំនប់​វារី​អគ្គិសនី​

វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅភាគឦសានប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ជាគម្រោង «ខ្សែក្រវាត់និងផ្លូវ» របស់ប្រទេសចិន។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ថា ​កម្រិត​ទឹក​ភ្លៀង​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​នៅ​មិន​ទាន់​បំពេញ​ដល់​តម្រូវ​ការ​នៃ​ទំនប់​វារី​អគ្គិសនី​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ដោយ​ស្នើ​ឲ្យ​ពលរដ្ឋ​បន្ត​យោគយល់​បន្ត​ទៀត​។

ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ លោក យឹម វិសិដ្ឋ បាន​ឲ្យ ​VOD ដឹង​តាម​សារអេឡិចត្រូនិក​ Email នៅ​ថ្ងៃ​នេះ​ ថា ​បើ​ទោះ​បី​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ភ្លៀង​បាន​ធ្លាក់​នៅ​តំបន់​វារី​អគ្គិសនី​មួយ​ចំនួន​ក៏​ដោយ ​តែ​កម្រិត​ទឹក​ភ្លៀង​ទាំង​នោះ​នៅ​មិន​ទាន់​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​ទំនប់​វារី​អគ្គិសនី​បាន​នៅ​ឡើយ​ទេ។

លោកសរសេរថា៖ «ជា​ធម្មតា​កន្លង​មក ទោះបី​អត់​មាន​ភ្លៀង តែ​នៅ​ក្នុង​អាង​នៃ​វារី​អគ្គិសនី​មួយ​ចំនួន​មាន​ទឹក​ខ្លះ ហើយ​បាន​ដំណើរការ ប៉ុន្តែ​ ដំណើរការ​តិច​ម៉ោង​ ឬ​ច្រើន​ម៉ោងទៅ​តាម​ស្ថានភាព​ទឹក​ជាក់ស្តែង។ ចំពោះ​ការ​ប៉ាន់ស្មាន​ថា តើ​ពេល​ណាយើង​អាច​ដំណើរ​ការ​ផ្គត់ផ្គង់​អគ្គិសនី​បាន​ពេញលេញ​ដោយ​មិនមាន​ការ​កាត់​ផ្តាច់​បាន​វិញ​នោះ គឺ​អាស្រ័យ​លើ​ទឹក​ភ្លៀង​ជាក់​ស្តែង តែ​យើង​សង្ឃឹម​ថា​ នៅ​ចុង​ខែ​ឧសភា​ខាងមុខ។»

លោក យឹម វិសិដ្ឋ ស្នើ​ដល់​ពលរដ្ឋ​ឲ្យ​មាន​ការ​យោគយល់​បន្ត​ទៀត​ ខណៈ​អ្នក​ដែល​យល់​ថា ​កុងទ័រ​អគ្គិសនី​របស់​ខ្លួន​នៅ​ពេល​ដាច់​ភ្លើង​ច្រើន​កើន​តម្លៃ​នោះ ​អាច​ស្នើ​ឲ្យ​មន្ត្រី​អគ្គិសនី​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដោយ​ឥត​គិត​ថ្លៃ​​បាន​ផង​ដែរ ដោយ​ទំនាក់ទំនង​ទៅ​កាន់​ហ្វេសបុក​ផេក​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​។

បុគ្គលិក​ប្រតិបត្តិការ និង​ថែទាំ​នៅ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ លោក ម៉ា មករា បាន​ប្រាប់​ VOD ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​​ថា កម្រិត​ទឹក​នៅ​ទំនប់​សេសាន​ក្រោម ២ មាន​កម្ពស់​ត្រឹម​តែ ៧៤,៨​ម៉ែត្រ​​ ដែល​អាច​បង្វិល​​តួប៊ីន​បាន​ ១​ប៉ុណ្ណោះ ក្នុង​ចំណោម​តួប៊ីន ៨​គ្រឿង​ដែល​ត្រូវ​បាន​បំពាក់​នៅ​ទំនប់​វារីអគ្គិសនី​មួយ​នេះ។

វិស្វករ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ទំនប់​វារីអគ្គិសនី​មួយ​នេះ អាច​ផ្ដល់​លំហូរ​ទឹក​ត្រឹម​តែ​ជាង ៥០០​ម៉ែត្រ​គូប​ប៉ុណ្ណោះ​ក្នុង​មួយ​វិនាទី ខណៈ​តួប៊ីន​នីមួយៗ ត្រូវ​ការ​ទឹក​ទំហំ​យ៉ាង​តិច ២០០​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី​ដើម្បី​បង្វិល​។

លោក​ ម៉ា មករា ប្រាប់​ថា៖ «កាលណា​យើង​បើក​បង្វិល​តួប៊ីន​ហ្នឹង​កាន់​តែ​ច្រើន ហើយ​លំហូរ​ទឹក​ដែល​ចេញ​នោះ​ច្រើន​ អញ្ចឹង​ទឹក​ហូរ​ចូល​ហ្នឹង​វា​ហូរ​មក​ទាន់​យើង​បញ្ចេញ ​ឬ​អត់? បើ​សិន​ជា​យើង​សិក្សា​ទៅ​លំហូរ​ទឹក​ខាង​លើ​ និង​លំហូរ​ទឹក​ដែល​យើង​បញ្ចេញ​ហ្នឹង ​លំហូរ​ទឹក​ខាង​លើ​វា​មក​ច្រើន​ជាង​លំហូរ​ទឹក​ដែល​យើង​បញ្ចេញ​ ​គឺ​យើង​អាច​ដំណើរ​ការ​តួប៊ីន​ហ្នឹង​ទាំង​អស់​បាន​»។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ចុង​ឆ្នាំ​មុន​នោះ ត្រូវ​បាន​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា នឹង​អាច​ផលិត​ថាមពល​អគ្គិសនី​បាន ៤០០មេហ្គាវ៉ាត់ សម្រាប់​ផ្គត់​ផ្គង់​ដល់​តម្រូវការ​ថាមពល​អគ្គិសនី​នៅ​តាម​បណ្ដា​ខេត្ត​នានា និង​រាជ​ធានី​ភ្នំពេញ។

ប៉ុន្តែ​ លោក មករា ឲ្យ​ដឹង​ថា ​ក្នុង​រដូវ​ប្រាំង​នេះ​ទំនប់​វារីអគ្គិសនី​មួយ​នេះ​អាច​បើក​តួប៊ីន​ឲ្យ​​ផលិត​ថាមពល​បាន​តែ​មួយ​ប៉ុណ្ណោះ ​ដែល​ផ្ដល់​អនុភាព​អគ្គិសនី​បាន​ ៥០មេហ្គាវ៉ាត់។

លោក មករា បន្ថែម​ថា​ ទោះ​បី​ជា​មាន​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​មាន​ធ្លាក់​ភ្លៀង​កក់​ខែ​រួច​ក៏​ដោយ ​តែ​សម្រាប់​តំបន់​ឦសាន​ប្រទេស​មួយ​នេះ​នៅ​មិន​ទាន់​មាន​ភ្លៀង​នៅ​ឡើយ​ទេ ដែល​ធ្វើ​ឲ្យ​ទំនប់​សេសានក្រោម​២ មិន​មាន​ទឹក​គ្រប់​គ្រាន់​ដដែល និង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​​ខាត​បង់​ចំណូល​មួយ​ចំនួន​ផង​ដែរ។

លោក​ មករា ប្រាប់​ថា៖ «ស្ថានីយ​អគ្គិសនី​មួយ​ៗ​ ធ្វើ​មក​ គេ​មិន​ចង់​ខាត​ទេ គឺ​គេ​ចង់​លក់​ឲ្យ​បាន​ច្រើន​ដើម្បី​ទទួល​ចំណូល​បាន​ច្រើន អត់​មាន​អ្នក​ណា​ចង់​ខាត​ទេ EDC ក៏​គេ​មិន​ចង់​ខាត​ដែរ​ ឲ្យ​តែ​ដាច់​ភ្លើង​ចំណូល​គឺ​ខាត​បង់​ច្រើន។ យើង​ក៏​ដូច​គ្នា ​យើង​ក៏​ចង់​លក់​ឲ្យ ​EDC ឲ្យ​បាន​ច្រើន​ដែរ​ តែ​ដោយ​សារ​យើង​ធ្វើ​មិន​រួច​! បើ​សិន​យើង​បើក​ទាំង​ ៨​តួប៊ីន​ គឺ​បាន​តែ​កន្លះ​ថ្ងៃ​ទេ ​គឺ​អាង​ស្ដុក​ទឹក​របស់​យើង​ គឺ​អស់​ទឹក​ដែល​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ទៅ​លើ​ចំណូល​យើង​ដែរ»។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ជនជាតិ​អេស្ប៉ាញ ​លោក អាឡិច ហ្គន់សាឡេសដេវិតសិន បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​ថា ទៅ​ថ្ងៃ​អនាគត​ពី​ការ​ប្រឈម​កង្វះ​អគ្គិសនី​ដូច​ពេល​បច្ចុប្បន្ន​នេះ​ ​ដោយ​សារ​ការ​បម្រែបម្រួល​អាកាស​ធាតុ​ដែល​ធ្វើ​ឲ្យ​​ក្ដៅ​ខ្លាំង​ និង​មាន​ភ្លៀង​តិច​នោះ។

លោក​ថា៖ «ឆ្នាំ​ក្រោយ​ ឬ​ក៏​ពីរ​ឆ្នាំ ​ប្រាំ​ឆ្នាំ​ទៅ​មុខ​ទៀត​ គឺ​បញ្ហា​នេះវា​នៅ​តែ​ដដែល​ ដរាប​ណា​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ផ្លាស់ប្ដូរ​គោលនយោបាយ​ស្ដីពី​ថាមពល។»

បើ​តាម​លោក អាឡិច ​រដ្ឋាភិបាល​គួរ​មាន​គោលនយោបាយ​មួយ​ជំរុញ​ដល់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ធំៗ​ឲ្យ​មាន​ប្រភព​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ផ្ទាល់​ខ្លួន ជា​ពិសេស​នៅ​ថ្ងៃ​អនាគត​គួរ​តែ​រក​ប្រភព​ថាមពល​ផ្សេង​ក្រៅ​ពី​ទំនប់​វារីអគ្គិសនី​វិញ​។​

​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​មីនា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ថា​ បញ្ហា​រាំង​ស្ងួត​ក្នុង​រដូវ​ប្រាំង​នេះ​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​កង្វះ​ថាមពល​អគ្គិសនី​ប្រមាណ ៤០០មេហ្គាវ៉ាត់ សម្រាប់​យក​មក​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក ដោយ​​លោក​សុំ​ឲ្យ​ពលរដ្ឋ​យោគយល់ ខណៈ​ស្នើ​ដល់​អ្នក​​ដែល​មាន​លទ្ធភាព​ឲ្យ​​ទិញ​ម៉ាស៊ីន​ភ្លើង​យក​មក​ប្រើប្រាស់​បណ្ដោះអាសន្ន​ផង​ដែរ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ