តុលាការ​​ខេត្ត​​កោះកុង ​កោះ​ហៅ​​ស្ថាបនិក​​ចលនា​​មាតា​​ធម្មជាតិ​​​ឲ្យ​​ចូល​​សវនាការ​​

សកម្មជន​អារ៉ែងជនជាតិអេស្បាញ លោក អាឡិច កាល​នៅ​ប្រទេស​កម្ពុជា​ (រូប​ពី​ហ្វេសប៊ុក​លោក អាឡិច)

តុលាការ​ខេត្ត​កោះកុង​សម្រេច​ចេញ​ដីកា​កោះ​ហៅ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ លោក​ អាឡិច ហ្គន់សាឡេស ដេវិតសុន ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បណ្ដេញ​ចេញ​កាល​ពី​ឆ្នាំ​២០១៥ ឲ្យ​ចូល​សវនាការ​ថ្ងៃ​ទី​៣០ ខែកក្កដា។

ក្នុង​ដីកា​កោះ​ហៅ ចុះ​ថ្ងៃ​ទី​២៥ ខែមេសា តំណាង​រាជអាជ្ញា​សាលា​ដំបូង​ខេត្ត​កោះកុង លោក អ៊ីវ ត្រាយ​ បាន​កោះ​ហៅ​លោក អាឡិច ហ្គន់សាឡេស ដេវិតសុន ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ម៉ោង​៨ និង​៣០នាទី​ព្រឹក​ ដើម្បី​ឆ្លើយ​បំភ្លឺ​ទាក់ទង​នឹង​បទ​ចោទ សម​គំនិត​ក្នុង​អំពើ​គំរាមកំហែង ​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​តាម​មាត្រា​២៩ និង​៤២៤​នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ឃុំ​អណ្ដូង​ទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​២៦ ដល់​២៨ ខែកក្កដា និង​ពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៥។

លោក អាឡិច ហ្គន់សាឡេស ដេវិតសុន បាន​ឲ្យ ​VOD ដឹង​ពី​ប្រទេស​អេស្ប៉ាញ​ ថា លោក​នៅ​តែ​រក្សា​​ជំហរ​ដើម្បី​ចូលរួម​នៅ​ក្នុង​សវនាការ​នេះ​ តែ​លោក​សួរ​ទៅ​រដ្ឋាភិបាល​វិញ​ថា ​តើ​ហ៊ាន​អនុញ្ញាត​ឲ្យ​លោក​ចូល​វិញ​ដែរ​ឬ​អត់​នោះ។

លោក​ថា៖ « ខ្ញុំ​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ Visa មួយ​ដង​ទៀត​ ដែល​ជា​លើក​ទី​៥​ទៅ​សម្ដេច​ ស ខេង ដើម្បី​ឲ្យ​គាត់​លុប​ឈ្មោះ​ខ្ញុំ​ចេញ​ពី​បញ្ជី​ខ្មៅ​ ទើប​ខ្ញុំ​អាច​សុំ​ទិដ្ឋាការ​បាន​។ ព្រោះ​បច្ចុប្បន្ន​នេះ​ បើ​សិន​ជា​ខ្ញុំ​សុំ​ទៅ ​គឺ​គេ​មិន​ឲ្យ​ទេ​ អញ្ចឹង​បើ​សិន​ជា​អត់​មាន​វីសា ឬ​ឈ្មោះ​ខ្ញុំ​ក្នុង​បញ្ជី​ខ្មៅ​ហ្នឹង​ ខ្ញុំ​ក៏​មិន​អាច​មាន​ឱកាស​ទៅ​ខ្មែរ​វិញ​ដដែល​ហ្នឹង » ។

កាល​ពី​ចុង​ឆ្នាំ​២០១៨​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក អង្គ វង្សវឌ្ឍានា បាន​ប្រាប់​ទៅ​ប្រធាន​សាលា​ដំបូង​ខេត្ត​កោះកុង​ ឲ្យ​ត្រួត​ពិនិត្យ​ទៅ​លើ​ភាព​អសកម្ម​លើ​សំណុំ​រឿង​របស់​សកម្មជន​បរិស្ថាន​រូប​នេះ​ បន្ទាប់​ពី​សំណុំ​រឿង​ប្រឆាំង​លោក​អាឡិច​ ត្រូវ​បាន​ជាប់​គាំង​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ