អតីតចៅសង្កាត់អូចារ កញ្ញា រ៉ូហ្សេត ត្រូវតុការកោះហៅ ថារំលោភបំរាមធ្វើនយោបាយ

អតី​តចៅសង្កា​ត់អូចា​ររបស់គណបក្សប្រឆាំង ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត។ រូបភាព៖ Sin chanpeourozet ស៊ិន ចាន់ពៅរ៉ូហ្ស៊េត

អតី​តចៅសង្កា​ត់អូចា​ររបស់គណបក្សប្រឆាំង ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ត្រូវតុលាកា​រខេ​ត្តបាត់ដំ​បងកោះហៅឲ្យចូលបំភ្លឺនៅខែក្រោយនេះ សង្ស័យថា បំពានលើសាលដីកាតុ​លាការកំពូល ដែលហា​មសិទ្ធិធ្វើនយោបាយ។

តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិ និងហាមមន្ត្រីបក្សនេះ១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ។

តាមដីកាកោះ ចុះថ្ងៃទី២៤ ខែមេសានេះ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក គី ប៉ុណ្ណារ៉ា បង្គាប់ឲ្យកញ្ញា រ៉ូហ្សិត បង្ហាញខ្លួននៅតុលាការ នៅព្រឹកថ្ងៃទី៩ ខែឧសភា។

តំណាងអយ្យការបញ្ជាក់ក្នុងដីកានោះថា ការកោះហៅនេះ ដើម្បីសាកសួរពីដំណើររឿង «ប្រឆាំងនឹងសាលដីកាតុលាការកំពូលចុះថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧»

ទោះជាយ៉ាងណា ដីកាកោះនោះ មិនបានបញ្ជាក់ថា កញ្ញា អតីតចៅសង្កាត់របស់បក្សប្រឆាំងរូបនេះធ្វើសកម្មភាពបែបណា ឬនៅកន្លែងណានោះទេ។ VOD មិនទាន់អាចទាក់ទង អតីតចៅសង្កាត់អូចារ មកពីបក្សប្រឆាំងនេះបាននៅឡើយទេ ។

ប៉ុន្តែ ស្រ្តីរូបនេះ បានសរសេរលើហ្វេសប៊ុក របស់ខ្លួនថា ចាប់ពីថ្ងៃដែលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិមក គាត់ថា មិនដែលធ្វើសកម្មភាពនយោបាយណាមួយទេ ហើយថា គាត់ក៏គ្មានឈ្មោះក្នុងបញ្ជី១១៨នាក់ ដែលសាលដីការតុលាការកំពូលហាមធ្វើនយោបាយដែរ។

កញ្ញា រ៉ូហ្សេត សរសេរថា៖ « ខ្ញុំមិនត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ តែក៏មិនធ្វើនយោបាយអីដែរ ព្រោះគណបក្សមិនទាន់មកវិញ ដូចដែលធ្លាប់ប្រកាស។ ខ្ញុំមិនដែលជួបជុំពលរដ្ឋថ្លែងសារនយោបាយម្តងណាឡើយចាប់តាំងពីគណបក្សត្រូវរំលាយ»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ