ឪពុកបុរសស្លាប់ក្នុងពន្ធនាគារខេត្តកំពង់ចាម ថាកូនគាត់បាក់កសង្ស័យមានធ្វើទារុណកម្ម

ទិដ្ឋភាពនៅពីមុខពន្ធនាគារខេត្តកំពង់ចាម។ រូបភាព៖ ហ្វេសប៊ុក ពន្ធនាគារខេត្តកំពង់ចាម

ឪពុកបង្កើតបុរសដែលស្លាប់នៅក្នុងពន្ធនាគារខេត្តកំពង់ចាម ជំរុញឱ្យអង្គការជាតិ អន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ជួយរកយុត្តិធម៌ជុំវិញការស្លាប់កូនរបស់ខ្លួន ដោយ​សង្ស័យថា ករណីស្លាប់នោះអាចទាក់ទងអំពើធ្វើទារុណកម្ម។

លោក អៀម ទិត្យ រស់នៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់​ថ្លែងថា លោកចង់ដឹងការពិតចំពោះករណីកូនរបស់គាត់ឈ្មោះ ទិត្យ រ៉ន ស្លាប់នៅក្នុងពន្ធនាគារ។​

លោកអះអាងថា កាលពីថ្ងៃទី១៥ ខែមេសា សមត្ថកិច្ចបានចាប់ខ្លួនកូនប្រុសរបស់លោកជុំវិញសំណុំរឿងអំពើហិង្សាក្នុងពេលផឹកស៊ីជាមួយមិត្តភក្តិកាលពីជាង១០ឆ្នាំមុន ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ​ខេត្តកំពង់ចាម ឬពន្ធនាគារមាត់ឃ្មង់ ​ស្រាប់តែនៅថ្ងៃទី១៨ ខែមេសា ខាងពន្ធនាគារបានប្រាប់ឱ្យសាច់ញាតិទៅយកសព​កូនរបស់ខ្លួន ខណៈកូនរបស់លោកមិនមានជំងឺអ្វីសោះពីមុនមក​។

លោកបញ្ជាក់ថា ក្រោយពេលយកសពលោក ទិត្យ រ៉ន ដល់ផ្ទះនៅថ្ងៃទី១៩ ខែមេសា សាច់ញាតិក៏នាំគ្នាពិនិត្យមើលសពនោះ ដោយឃើញស្នាមជាំ និងបែកចិញ្ចើមខាងស្តាំ។ លើសពីនេះ ខាងក្រោយខ្នង ស្មា និងក្រោមក្លៀក មានស្នាមជាំជាច្រើនកន្លែង ហើយសពមានសភាពបាក់ឆ្អឹងកថែមទៀតផង។

លោកមានប្រសាសន៍ថា៖ «បាទ! បាក់ក ហើយជ្រាយល្អូកហើយ លោកគ្រូ! ជាំឡើងខ្មៅជ្រាយល្អូកហើយ។ ជាំក បត់បានហ្នុង រួចស្មា ក្រោមក្លៀកអីទាំងអស់ ខ្នងអីជាំទាំងអស់។ រួចកូនខ្ញុំ ទៅពីផ្ទះទៅអត់មានកើតឡើងអីផង។ បាទ! អត់មានអីទេ អត់មានឈឺអីទេ អត់មានឈឺអីទេ នៅរាល់ថ្ងៃ វានៅផឹកស៊ីជាមួយបងប្អូនរាល់ថ្ងៃ។ បង់ត្រីរាល់ថ្ងៃ»។

ប្រធានពន្ធនាគារខេត្តកំពង់ចាម លោក ហ៊ុន ខីម មានប្រសាសន៍ថា លោក ទិត្យ រ៉ន ពិតជាបានស្លាប់នៅក្នុងពន្ធនាគារនេះមែន ប៉ុន្តែ លោកមិនដឹងមូលហេតុនេះទេ ដោយថា បុរសរូបនេះមុនពេលបញ្ជូនមកពន្ធនាគារគឺមានស្នាមរបួសជាំរួចទៅហើយ។ លោកបន្តថា លោក ទិត្យ រ៉ន ស្លាប់ក្រោយពេលឃុំខ្លួនបានពីរថ្ងៃ។​

លោកថា ​ខាងពន្ធនាគារមិនមានការវាយដំទៅលើបុរសរូបនោះឡើយ ហើយករណីនេះខាងសមត្ថកិច្ចជំនាញខេត្តបានចុះមកធ្វើកោសល្យវិច័យរួចហើយដែរ ប៉ុន្តែ មិនទាន់ដឹងពីលទ្ធផលនោះទេ។ ​ ​

លោកអះអាងថា៖ «ហ៊ឹម! ខ្ញុំមិនច្បាស់ដែរបង ដោយសារមកពីក្រៅមក មានជាំមានអីចឹងណាបងណា។ បាទ! យើងជួយដែរ តែជួយមិនទាន់ គាត់លឿនពេក»។

ប្រធានការិយាល័យទទួលបន្ទុកព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ចាន់ ហោ មានប្រសាសន៍ថា សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យការស្លាប់នេះភ្លាមៗ កាលពីថ្ងៃទី១៨ ខែមេសា ប៉ុន្តែ លោកមិនធ្វើអត្ថាធិប្បាយអ្វីក្រៅពីនេះទេ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់មានអីរាយការណ៍ទេ ទាល់តែលោកស្នងការបានគាត់មាន។ បាទ ព្រោះខ្ញុំអត់មានសិទ្ធិរាយការណ៍ទៅណាមកណាទេ»។

មន្ត្រីអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពង់ចាម លោក ឡេង សេងហាន អះអាងថា ខាងលោកនឹងចុះអង្កេតករណីនេះ ត្បិតការស្លាប់លោក ទិត្យ រ៉ន មានចំណុចគួរឱ្យសង្ស័យច្រើន។

មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើឱ្យស្ថាប័នពាក់ព័ន្ធស៊ើបអង្កេត និងបង្ហាញលទ្ធផល​ឱ្យបានច្បាស់​លាស់ ដោយថា ប្រសិនបើដូចការសង្ស័យរបស់សាច់ញាតិសពជុំវិញការវាយដំមែន គឺជាបទល្មើសឧក្រិដ្ឋ ដែលផ្ទុយទៅនឹងច្បាប់តែម្តង។

លោកបន្ថែមថា៖ «ជាសំណូមពរផងដែរ ដើម្បីរកយុត្តិធម៌ឱ្យឪពុកជនរងគ្រោះ ក៏ដូចជាគ្រួសារជនរងគ្រោះ ក៏ដូចជាផ្តល់ទៅដល់សង្គម»។ 

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា​ឆ្នាំ​ ២០១៧ ​​ មានជន​ជាប់​ឃុំចំនួន ១០០ នាក់​បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ ក្នុង​ចំណោម​ជន​ជាប់ឃុំកាលនោះមានចំនួនជិត៣ម៉ឺននាក់(​​២៨ ៤០០)​។

របាយការណ៍​ដដែលមិនបានបង្ហាញពីព័ត៌មានលម្អិតនៃការស្លាប់​ទេ ដោយគ្រាន់លើកឡើងថា អ្នកស្លាប់ទាំងនោះ​ភាគច្រើន កើតឡើង​ដោយសារ​ជំងឺ​ប្រចាំ​កាយ និង​ជំងឺ​ដែល​ទទួល​ផល​ប៉ះពាល់​ពី​ថ្នាំញៀនផងដែរ។

របាយការណ៍ស្តីពីសិទ្ធិមនុស្សកម្ពុជាកាលពីឆ្នាំ២០១៧ ​បានលើកឡើងពីការរកឃើញរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុកថាជនជាប់ឃុំឬ ជនសង្ស័យពិតជារងការធ្វើទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត ក្នុងករណីមួយចំនួនប្រាកដមែន ពិសេសអំឡុងពេលសួរចម្លើយតែម្តង។ 

ក្រមព្រហ្មទណ្ឌមាត្រា ២១០ ចែងអំពីអំពើទារុណកម្ម ឬអំពើឃោរឃៅ ដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ទៅ១៥ ឆ្នាំ។

ចំណែកមាត្រា ២១៥ ដែលនិយាយអំពីស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ ក្នុងបទល្មើសទារុណកម្ម និងអំពើឃោរឃៅ ត្រូវផ្តន្ទាទោសពី១៥ ឆ្នាំទៅ ៣០ឆ្នាំ ក្នុងករណីបណ្តាលឱ្យជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់ ឬនាំឱ្យមានអំពើអត្តឃាតទៅលើជនរងគ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ