វិសោធនកម្មច្បាប់ចរាចរណ៍ថ្មីកំណត់ថា ម្ចាស់យានយន្ដគ្រប់ប្រភេទដែលបើកបរក្នុងភាពស្រវឹង អាចជាប់ពន្ធនាគារពី១ខែដល់៦ខែ។
វិសោធនកម្មច្បាប់ចរាចរណ៍ថ្មីទៅលើច្បាប់ចរាចរផ្លូវគោកចាស់ ដែលត្រូវបានព្រះមហាក្សត្រកម្ពុជាឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០១៧នេះ បានបន្ថែមទោសជាប់ពន្ធនាគារនិងពិន័យជាប្រាក់ធ្ងន់ជាងមុនសម្រាប់បទល្មើស «បើកបរយានយន្ដក្នុងភាពស្រវឹង» និង «បើកបរដោយគ្មានបណ្ណបើកបរ»។
ច្បាប់ស្តីពីវិសោធនកម្មត្រង់មាត្រា៧៧ថ្មី ចែងថា៖ «ជនណាបើកបរយានយន្ដក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី០,៤០ ទៅ០,៨០មីលីលីត្រ […] ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែនិងពិន័យជាប្រាក់ ពី៨សែនរៀលទៅ៤លានរៀល» ក្នុងករណីដែលអ្នកនោះមិនរាងចាល ឬធ្លាប់បានប្រព្រឹត្តម្ដងរួចហើយ ក្នុងអំឡុងពេល៦ខែ គិតចាប់ពីថ្ងៃប្រព្រឹត្តបទល្មើសលើកមុន។
បើតាមច្បាប់វិសោធនកម្មថ្មីនេះ មាត្រា៧៥ថ្មី បានកំណត់ថា ជនដែលបើយានយន្ដគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ឬព្យួរទុក ក៏ត្រូវរងពិន័យដូចគ្នានឹងបទល្មើសខាងលើដែរ ហើយប្រសិនបើម្ចាស់យានយន្ដនោះ នៅតែប្រព្រឹត្តបទល្មើសដដែល ឬមិនរាងចាល ក្នុងអំឡុងពេល៦ខែ គិតចាប់ពីថ្ងៃប្រព្រឹត្តបទល្មើសលើកមុន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើវិសោធន៍ច្បាប់ចរាចរផ្លូវគោកចាស់នៅត្រង់មាត្រាទី៨, ៤០, ៤១, ៤៧, ៤៨, ៧៥, ៧៧, ៨២ និងមាត្រា៩០។ ច្បាប់វិសោធន៍កម្មថ្មីនេះ ត្រូវបានដាក់ឲ្យប្រើជាការប្រញាប់ ចាប់ពីថ្ងៃចុះហត្ថលេខាដោយព្រះមហាក្សត្រតទៅ៕